ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយ ខណៈដែលមានកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅឡោមព័ទ្ធ និងតាមចាប់ខ្លួនស្រ្តីម្នាក់ បន្ទាប់ពីមានបណ្ដឹងពីបុរសម្នាក់ ដែលជាថៅកែក្រុមហ៊ុននាំចូលគ្រឿងអេឡិចត្រូនិចម្នាក់ ដែលជាប្ដី បានប្ដឹងចោទប្រកាន់ថា នាងបានលួចទ្រព្យសម្បត្តិនៅក្នុងផ្ទះ។ ក្នុងនោះរួមមានរថយន្ត និង គ្រឿងអលង្ការមួយចំនួនទៀត ទៅលក់ និងបញ្ចាំយកលុយលេងល្បែងនៅកាស៊ីណូចាញ់អស់គ្មានសល់ ហើយពេលនេះ បានចូលទៅលួចយករថយន្ត១គ្រឿងទៀត ដើម្បីយកទៅលក់បន្ត ទើបមានការភ្ញាក់ផ្អើលតែម្ដង។
ហេតុការណ៏នោះបានកើតឡើង កាលពីវេលាម៉ោង១២និង៣០នាទី រសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងបុរីប៊ុនហួរ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្រ្តីម្នាក់នោះឈ្មោះ រ៉ុន ថុលធីតា អាយុ២៤ឆ្នាំ មានកូនម្នាក់ ចំណែកលោកថៅកែ ដែលជាប្ដីឈ្មោះ វ៉ាង ជីញ យ៉ាង អាយុ៤៨ឆ្នាំ ស្នាក់នៅក្នុងផ្ទះល្វែងបុរីកើតហេតុខាងលើ គាត់ជាអ្នកនាំចូលគ្រឿងអេឡិចត្រូ និចមួយទឹកៗដ៏ធំមួយពីប្រទេសជប៉ុន។
ចំណែកស្រ្តីរូបនោះបានលួចយកទ្រព្យសម្បត្តិនៅក្នុងផ្ទះទៅ លក់និងដាក់បញ្ចាំ យកលុយទៅលេងល្បែងនៅកាស៊ីណូជាបន្តបន្ទាប់ ក្នុងនោះមានរថយន្ត១គ្រឿង ម៉ាកហ្វតពាក់ស្លាកលេខ ភ្នំពេញ2AN-2852 ស៊េរីឆ្នាំ២០១៦ ពណ៏ខ្លាញ់ក្ដាម ដែលមានតម្លៃជាង៤ម៉ឺន ដុល្លារ រួមទាំងគ្រឿងអលង្ការដែលមានតម្លៃ២,៥៦០ដុល្លារទៀត។
តាមប្រភពព័ត៌មានបានឲ្យដឹងថា លោកថៅកែក្រុមហ៊ុនខាងលើនោះ បានដាក់កាមរ៉ាសុវត្ថិភាព នៅនិងផ្ទះ ល្វែងដែលប្រពន្ធកំពុងស្នាក់នៅ ហើយបានភ្ជាប់កាមរ៉ានោះតាមរយៈទូរស័ព្ទដៃរបស់គាត់ ហើយគាត់មិនសូវ បាននៅផ្ទះទេ ភាគច្រើនទៅប្រទេសជប៉ុន។ ដោយឡែកកាលពីថ្ងៃទី១០ ខែកក្កដា នាងជាប្រពន្ធបានធ្វើ សកម្មភាពដកខ្សែកាមរ៉ាចេញ បន្ទាប់មកបានលួចយករថយន្តម៉ាកហ្វត១គ្រឿងនោះចេញពីផ្ទះហើយបាន យកទៅដាក់បញ្ចាំនៅក្នុងភូមិសាស្រ្ត ខណ្ឌទួលគោក ក្នុងតម្លៃ៨ពាន់ដុល្លារ យកលុយទៅលេង ល្បែងកាស៊ីណូ និងបានចាញ់អស់គ្មានសល់ រួមទាំងគ្រឿងអលង្ការជាច្រើនទៀតផងដែរ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់មកនាងបានគេចខ្លួនអត់ចូលផ្ទះឡើយ ចំណែកបុរសជាប្ដីដែលតែងតែ មើលសកម្មភាពផ្សេងនៅផ្ទះរបស់ខ្លួន តាមរយៈកាមរ៉ាពីប្រទេសជប៉ុននោះ ស្រាប់តែមើលលែងឃើញ ហើយខលរកប្រពន្ធ ក៏អត់ចូលទៀត ទើបខលឲ្យបុគ្គលិក និងសាច់ញាតិរបស់ខ្លូន ទៅមើលនៅផ្ទះហើយទើប ដឹងថា បាត់ទាំងមនុស្ស និងរថយន្ត ចំណែកខ្សែកាមរ៉ាសុវត្ថិភាព ក៏របូតអស់ទៀត។ ក្រោយមកក៏បាន ស្រាវជ្រាវ ទើបដឹងថា ប្រពន្ធយករថយន្តទៅបញ្ចាំ ហើយបានដាក់កម្លាំងចាំឃ្លាំមើល រហូតដល់វេលាថ្ងៃត្រង់ថ្ងៃទី ១៣ ខែកក្កដា ទើបលេចមុខនាងប្រពន្ធចូលទៅផ្ទះម្ដងទៀត ក្នុងបំណងលួចយករថយន្តម៉ាកហាយឡែនឌ័រ ១គ្រឿងទៀត ពណ៏សពាក់ស្លាកលេខ ភ្នំពេញ 2AB-3883 ហើយក៏ត្រូវបានសាច់ញាតិប្ដឹងឲ្យនគរបាល ជួយឃាត់ខ្លួន ប៉ុន្តែខណៈនោះមិនអាចឃាត់បានភ្លាមៗនោះឡើយ ដោយសារនាងដឹងខ្លួនទាន់ហើយបាន រត់ផ្លោះរបងចូលទៅក្នុងរោងចក្រមួយនៅក្បែរនោះ មួយសន្ទុះក្រោយមក ទើបនគរបាលឃាត់ខ្លួនបាននាំទៅ សាកសួរនៅប៉ុស្ដិ៍តែម្ដង៕ សុខាសែនជ័យ