ភ្នំពេញ៖ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធី “ប្រកួតប្រជែងនិយាយភាសាអង់គ្លេស (English Speaking Contest Program)” វគ្គផ្តាច់ព្រ័ត្រលើកទី៨ សម្រាប់សិស្សភាសាអង់គ្លេស Level3 Level6 Level9 និង Level12 នៅថ្ងៃទី១០ ទី១១ និងទី១៣ ខែកក្កដា ឆ្នាំ ២០១៧ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិដែលមានបេក្ខជន ចំនួន៥៧នាក់ មកពី១៦សាខា និងមានអ្នកចូលរួម ចំនួន ១.៧៩៨នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកស្រី។
តាមរបាយការណ៍លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានអោយដឹងថា៖ សាលា ប៊ែលធី អន្តរជាតិ បានបង្កើត កម្មវិធីសិក្សាបន្ថែមធំៗ ចំនួន ៨ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ រួមមាន៖ ទី១.កម្មវិធីបង្កើនចំណេះដឹងទូទៅ ទី២.កម្មវិធីពង្រឹងស្មារតី ទី៣.កម្មវិធី ទស្សនកិច្ចសិក្សា ទី៤.កម្មវិធិសិក្សាតាមទូរទស្សន៍ទី៥.កម្មវិធីប្រឡងសំណេរ ទី៦.កម្មវិធីប្រកួតប្រជែងគណិតវិទ្យា ទី៧.កម្មវិធីប្រកួតប្រជែងទេពកោសល្យ និងទី៨.កម្មវិធីកីឡា ហើយកម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេសនេះ ជាផ្នែកមួយនៅក្នុងកម្មវិធីពង្រឹងស្មារតី ដែលសាលា បានរៀបចំធ្វើក្នុង១ឆ្នាំ ២ដងនៅរៀងរាល់ខែ មករា និងកក្កដា។ ការប្រកួតប្រជែងនិយាយភាសាអង់គ្លេសនេះ ធ្វើឡើងជា២ដំណាក់កាលគឺៈ
១-កម្រិតសាខា (Campus Level): គ្រប់សាខាសាលា ប៊ែលធី អន្តរជាតិ ត្រូវរៀបចំការប្រកួតផ្ទៃក្នុង ដើម្បីជ្រើសរើសយកជ័យលាភីលេខ១ មកចូលរួមប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រ។
២- កម្រិតប៊ែលធី (BELTEI Level): ជ័យលាភីលេខ១ នៃ Level3 Level6 Level9 និង Level12 មកពីទាំង១៦សាខា ត្រូវមកប្រកួតប្រជែង ដើម្បីជ្រើសរើសជ័យលាភីពីលេខ១ ដល់លេខ៣ ដែលនឹងទទួល បានរង្វាន់ ដូចជាៈ
-លេខ១: ទទួលបាន មេដាយមាស១ លិខិតសរសើរ និងទឹកប្រាក់300$ ព្រមទាំងអាហារូបករណ៍សិក្សា ថ្នាក់ភាសាអង់គ្លេសទូទៅ១០០% ចំនួន៣វគ្គ ដោយឡែកLevel12 ត្រូវបាន១០០% សិក្សាថ្នាក់មហា វិទ្យាល័យ រយៈពេល ៣ឆ្នាំ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ
-លេខ២: ទទួលបាន មេដាយប្រាក់១ លិខិតសរសើរ និងទឹកប្រាក់200$ ព្រមទាំងអាហារូបករណ៍សិក្សា ថ្នាក់ភាសាអង់គ្លេសទូទៅ១០០% ចំនួន២វគ្គ ដោយឡែកLevel12 ត្រូវបាន១០០% សិក្សាថ្នាក់មហា វិទ្យាល័យ រយៈពេល ២ឆ្នាំ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ
-លេខ៣: ទទួលបាន មេដាយសំរិទ្ធ១ លិខិតសរសើរ និងទឹកប្រាក់100$ ព្រមទាំងអាហារូបករណ៍សិក្សា ថ្នាក់ភាសាអង់គ្លេសទូទៅ១០០% ចំនួន១វគ្គ ដោយឡែកLevel12 ត្រូវបាន១០០% សិក្សាថ្នាក់មហា វិទ្យាល័យ រយៈពេល ១ឆ្នាំ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ
បេក្ខជនជ័យលាភីលេខ១ ដល់ លេខ៣ Level3, 6, 9 &12ទាំងអស់ ត្រូវបានទៅទស្សនា នៅប្រាសាទ អង្គរវត្ត រយៈពេល ៣ថ្ងៃ ២យប់ ។ ចំពោះលោកគ្រូ-អ្នកគ្រូដែលមានសិស្សជាប់ជ័យលាភី ក៏ត្រូវទទួលរង្វាន់ទឹកប្រាក់ ៥០% និងលិខិតសរសើរផងដែរ។
ក្នុងឱកាសនោះផងដែរ លោក លី ឆេង បានកោតសរសើរដល់បេក្ខជនទាំងអស់ ជាពិសេសក្មួយៗជ័យ លាភី ដែលបានខិតខំប្រឹងប្រែងប្រកួតប្រជែងតាំងពីសាខារបស់ខ្លួន រហូតដល់វគ្គផ្តាច់ព្រ័ត្រនាពេលនេះ។ លោក បានបន្ថែមទៀតថាកម្មវិធីនេះបង្កើតឡើង ក្នុងគោលបំណង ពង្រឹងគុណភាព ផ្នែកភាសាអង់គ្លេសទូទៅឲ្យកាន់តែប្រសើរឡើងថែមទៀតនិងដើម្បីឲ្យក្មួយៗទាំងអស់ទទួលបានចំណេះដឹងថ្មីដូចជាៈ១យល់ដឹងពីរបៀបនិយាយទៅកាន់ដៃគូសន្ទនា ២-បង្កើនទំលាប់និយាយ ៣-បង្កើនទំនុកចិត្ត ក្នុងការនិយាយនៅទីសាធារណៈ មិនខ្មាស់អៀន ៤-ហ៊ានថា ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ ៥-បង្កើនចំណេះដឹងទូទៅ និងការស្រាវជ្រាវ។លោក ក៏បានផ្តាំផ្ញើ ដល់ក្មួយៗទាំងអស់ ត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ហើយនៅពេលបញ្ចប់ Level12 ផ្នែកភាសាអង់គ្លេស ត្រូវមានសមត្ថភាពគ្រប់គ្រាន់ ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ ដើម្បីឈានទៅដល់ការប្រឡងតេស្តអន្តរជាតិ (TOEFL ឬ IELTS)ឲ្យបានពិន្ទុយ៉ាងតិច៦.៥ឡើងទៅ សម្រាប់ដាក់
ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ដើម្បីក្លាយទៅជាអ្នកដឹកនាំល្អនិងជាទំពាំងស្នងឫស្សីដ៏ល្អក្នុងការអភិវឌ្ឍ ប្រទេសជាតិទៅថ្ងៃអនាគត។
ជាទីបញ្ចប់ លោក និងលោកស្រី ក៏បានប្រគល់ មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ និងរង្វាន់លើកទឹកចិត្ត ជូនដល់សិស្ស ជ័យលាភី Level 3 Level 6 Level 9 និងLevel 12 ចំនួន១២នាក់ ផងដែរ ៕ ស រស្មី