ព័ត៌មានទាន់ហេតុការណ៍៖

ឈ្នួលបម្រើក្រីក្រម្នាក់ធ្វេសប្រហែសបណ្តាលឲ្យក្មេងស្រីអាយុជិតមួយខួប រងរបួសប្រដាប់ភេទ ត្រូវតុលាការឃុំខ្លួនដាក់ពន្ធនាគារ

ចែករំលែក៖

ភ្នំពេញ៖ឈ្នួលបម្រើក្រីក្រម្នាក់ ធ្វេសប្រហែសបណ្តាលឲ្យក្មេងស្រីអាយុជិតមួយខួប រងរបួសប្រដាប់ភេទ ត្រូវបានលោក សាយ សារុន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចនៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ។ នេះបើតាមការបញ្ជាក់របស់លោក ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌច្បារមានជ័យ ថ្លែង នៅព្រឹកថ្ងៃទី២៤ ខែកក្កដា នេះ ។

មន្ត្រីតុលាការថ្លែងថា ស្ត្រីរូបនេះត្រូវបានលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជនសង្ស័យពីបទ”បង្កឲ្យមានរបួសដោយអចេតនា”តាមមាត្រា២៣៦នៃក្រមព្រហ្មទណ្ឌ ។

មជ្ឈដ្ឋានមួយចំនួន ដឹងរឿងនេះច្បាស់អះអាងថា ស្ត្រីរូបនេះគ្មានចេតនាទេ ក្នុងការធ្វើឲ្យក្មេងស្រីរងរបួសបែបនេះទេ ហើយដោយសារតែដើមបណ្តឹង មិនព្រមបញ្ចប់រឿង ទើបនគរបាលបញ្ជូនស្ត្រីរូបនេះមកដើម្បីចាត់ការតាមតាមច្បាប់ ។ ប្រភពព័ត៌មាន បញ្ជាក់ថា ដំបូងលេចឮព័ត៌មានថា ស្ត្រីរូបនេះ នឹងត្រូវចៅក្រមស៊ើបសួរ មានក្តីសណ្តោសប្រណី មិនឃុំខ្លួនដាក់ពន្ធនាគារ ព្រោះស្ត្រីរូបនេះ ក្រីក្រនិងមានកូនច្រើនក្នុងបន្ទុក តែទីបំផុតស្ត្រីរូបនេះ ត្រូវជាប់ពន្ធនាគារទាល់តែបាន ។

ហេតុការណ៍នេះ កើតឡើងកាលពីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

នៅដំណាក់កាលសមត្ថកិច្ច ស្ត្រីឈ្មោះ តូ ចាន់ណា សារភាពថា ខ្លួនគ្មានចេតនាធ្វើឲ្យក្មេងស្រីតូចរងគ្រោះរងរបួសបែបនេះនោះទេ ដោយមុនដំបូងឡើយ ខ្លួនបានមើលថែក្មេងស្រីឲ្យដេកនៅក្នុងអង្រឹង តែខណៈនោះក្មេងស្រីរងគ្រោះបានបត់ជើងធំដាក់អង្រឹងប្រឡាក់ខ្លួន ទើបគាត់លើកក្មេងរងគ្រោះមកបន្ទប់ទឹក ងូតទឹកលាងសម្អាតជាមួយនឹងសាប៊ូ ខណៈនោះស្រាប់តែគាត់រអិលដួល ក៏បណ្តាលឲ្យដៃរបស់គាត់ដែលកំពុងកាន់លាង ជ្រុលលូកចូលប្រដាប់ភេទក្មេងរងគ្រោះបណ្តាលឲ្យមុតនឹងក្រចកដៃរបស់គាត់ ទើបមានឈាមហូរបែបនេះ។ តែភ្លាមៗគាត់មិនហ៊ានប្រាប់ឪពុកម្តាយក្មេងនោះទេ ព្រោះខ្លាចគេខឹងរករឿងគាត់ ទើបគាត់ព្យាយាមលាក់និងទូរស័ព្ទហៅឲ្យមកយកកូន បែបនេះ។ចំណែកប្តីគាត់មិនបានដឹងរឿងអ្វីនោះទេ៕ចេស្តា


ចែករំលែក៖