ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនបើករថយន្តកៀរហើយទាមទារសំណងថែមទៀត ព្រោះអាងមានអ្នកកាងពីក្រោយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បើទោះបីជាករណីគ្រោះថ្នាក់ចរាចរណ៍ដ៏តូចមួយ នាយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចក្បែរស្តុបពាណិជ្ជកម្ម រវាងជនជាតិខ្មែរ នឹងជនជាតិចិន ត្រូវបានបញ្ចប់យ៉ាងណាក្តី ប៉ុន្តែត្រូវបានរងការរិះគន់ពីសាក្សី ដែលបានឃើញហេតុការណ៍ផ្ទាល់ថា វាពិតជាអយុត្តិធម៌បំផុតសម្រាប់ជនជាតិខ្មែរ ខណៈដែលរថយន្តជនជាតិចិន បើកកៀរថយន្តខ្មែរហើយ បែរជាទាមទារសំណងពីខ្មែរទៀត។

ជុំវិញទិដ្ឋភាពស្ទើរតែមិនគួរឲ្យជឿនោះ ត្រូវបានក្រុមមហាជន ដែលបានធ្វើដំណើរឆ្លងកាត់ តាមចំណុចកើតហេតុ ហើយបានឃើញហេតុការណ៍ផ្ទាល់បានលាន់មាត់ថា តើវាយុត្តិធម៌ទេ សម្រាប់ជនរងគ្រោះ(នេះមិនគិតពីជាតិសាសន៍ទេ) ខណៈរថយន្តបង្កបើកៀរបង្កការខូចខាតរថយន្តហើយ បែរជា ចុះឡូឡា ទាមទារសំណង បន្ទាប់ពីពួកគេ(ជនជាតិចិន) បានទូរស័ព្ទហៅសមត្ថកិច្ចមកអន្តរាគមន៍ក្នុងរឿងរបស់ពួកគេ ដោយពួកគេបានបង្វែររឿងថា រថយន្តខ្មែរជាអ្នកបើករថយន្តមកបុកគូទពីក្រោយទៅវិញ។ ឯសមត្ថកិច្ចជំនាញ បានត្រឹមរង់ចាំសម្របសម្រួល ពុំហ៊ានធ្វើអ្វីលើសពីដែនកំណត់ ព្រោះតែមាន អ្នកអន្តរាគមន៍នៅក្បែរ។

ដោយឡែក យោងតាមប្រភពអ្នកធ្វើដំណើរពីក្រោយរថយន្តបង្កម្នាក់ បានឈប់មើលហេតុការណ៍ បានបញ្ចេញទស្សនៈថា បើខ្មែរ មិនស្រឡាញ់ខ្មែរ យកលុយជាធំ សុខចិត្តធ្វើគរ ធ្វើខ្វាក់ យកខុសជាត្រូវ បែបនេះ នៅថ្ងៃខាងមុខ មិនដឹងទៅជាយ៉ាងណានោះទេ ព្រោះទិដ្ឋភាពគ្រោះថ្នាក់នេះ រូបគាត់បានឃើញច្បាស់ណាស់ ព្រោះម៉ូតូរបស់គាត់បើកនៅពីក្រោយរថយន្តជនជាតិចិន ដែលជាម្ចាស់ហាងលក់វត្ថុអនុស្សាវរីយ៍ក្បែរកន្លែងកើតហេតុ។

ប្រភពដដែលបានបញ្ជាក់បន្ថែមមុនជិះម៉ូតូចេញទៅថា នៅមុនកើតហេតុរូបគាត់បានឃើញរថយន្តម៉ាកកាមរី ស្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ព្រះសីហនុ 2A 2718 បើកបរបុរសចំណាស់ម្នាក់ ក្នុងល្បឿនយឺតៗ ខណះពេលមកដល់ចំនុចកើតហេតុស្រាប់តែមានរថយន្ត សេរីទំនើបពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM 0452បើកបរដោយជនជាតិចិនបើកជែងឆ្វេងរថយន្តជនជាតិខ្មែរ ប៉ុន្តែគ្រាន់តែជែងបានបន្តិច ស្រាប់តែរថយន្ត ពណ៌សនោះ បានងាកមកស្តាំវិញ កៀរថយន្តឆ្លាម ធ្វើឲ្យកាងរថយន្តចិនផ្នែកខាងក្រោយ ទាក់ជាមួយកងរថយន្តឆ្លាមផ្នែកខាងឆ្វេងធ្លាក់ដល់ផ្លូវ។

ប៉ុន្តែគួរឲ្យហួសចិត្តបំផុតនោះ នៅពេលដែលភាគីទាំងពីរចុះមើលរថយន្ត បែរជាជនជាតិចិន ស្រែកឡូឡា ទាមទារសំណងទៅវិញ ខណៈម្ចាស់ឡានឆ្លាម ជនជាតិខ្មែរជាជនរងគ្រោះ មិនចង់វែងឆ្ងាយសុខចិត្តបញ្ចប់រឿងនៅនឹងកន្លែង រហូតសមត្ថកិច្ចជំនាញមកដល់ ក៏នៅតែទាមទារដដែល ដោយអស់ជម្រើស ម្ចាស់រថយន្តឆ្លាមទុកឲ្យច្បាប់ជាអ្នកកំណត់ ដោយឡើងជិះរថយន្តមិត្តភក្តិចេញទៅបាត់ ទើបជនជាតិចិនសុខចិត្តបញ្ចប់រឿង ដោយពុំព្រមឲ្យសមត្ថកិច្ចយករថយន្តទៅការិយាល័យចរាចរណ៍នោះទេ ឯ ភាគីខ្មែរក៏សុខចិត្តបញ្ចប់រឿងទាំងបង្ខំ ព្រោះមិនចង់វែងឆ្ងាយ ព្រោះរថយន្តពុំមានការខូចខាតធ្ងន់។

គួរបញ្ជាក់ផងដែរថា នៅមួយរយះចុងក្រោយនេះ នៅក្នុងខេត្តព្រះសីហនុ គេសង្កេតឃើញមានវត្តមានជនជាតិយ៉ាងច្រើនកុះករ ហើយមានជនជាតិចិនមួយចំនួន ដែលមានលុយហូរហៀរបានជួលរថយន្តសេរីទំនើប ពីអ្នកមានអំណាច រហូតដល់ជួលរថយន្តស្លាកលេខ ខ ម, ន.ប ជិះថែមទៀតផង លើសពីនេះទៀត ក៏មានជនជាតិចិនមួយចំនួនទៀត តែងតែបើកបរ ក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរក្នុងល្បឿនលឿន បើកបរក្នុងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ជាញឹកញាប់ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសមួយចំនួនផងដែរ៕ ឆ្លាម សមុទ្រ


ចែករំលែក៖