ខេត្តកណ្តាលៈ ជនមិនស្គាល់មុខប្រដាប់ដោយកាំភ្លើង បានធ្វើសកម្មភាពលបបាញ់ប្រហារទៅលើបុរសម្នាក់ជាបុគ្គលិកក្រុមហ៊ុនសូមាហ្វាម បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម នៅលើគ្រែក្នុងមុង កាលពីវេលាម៉ោង០១ និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះស្នាក់នៅរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិជ័យជំនះ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ប្រភពពីប្រជាពលរដ្ឋរស់នៅជិតកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវបានជនមិនស្គាល់បាញ់សម្លាប់នោះឈ្មោះ កាំង វេងហៀង ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាបុគ្គលិកក្រុមហ៊ុនសូមាហ្វាម បច្ចុប្បន្នស្នាក់នៅភូមិ/ឃុំកើតហេតុខាងលើ ។
ប្រភពដដែលបានបន្តថា ជនរងគ្រោះ និងក្រុមគ្រួសារបានមកស្នាក់នៅត្រង់ចំណុចកើតហេតុខាងលើនេះ ដើម្បីយាមដីឡូត៍ឲ្យក្រុមហ៊ុន ។ នៅយប់កើតហេតុជនរងគ្រោះមិនបានដេកនៅផ្ទះជាមួយស្ត្រីជាប្រពន្ធនោះទេ ពោលគឺជនរងគ្រោះទៅស្នាក់នៅក្នុងរោងតូចមួយក្នុងបរិវេនដីឡូត៍ ។ នៅម៉ោងកើតហេតុ ប្រពន្ធជនរងគ្រោះបានឮសម្លេងផ្ទុះអាវុធ(បាញ់កាំភ្លើង)៣ទៅ៤គ្រាប់ ។
ភ្លាមៗនោះស្ត្រីជាប្រពន្ធជនរងគ្រោះ បានក្រោកពីដំណេកបើកទ្វារផ្ទះបើកទៅរបងដីឡូត៍ ឃើញទ្វាររបងបិទជិត បន្ទាប់មកទៀតក៏បានយកទូរស័ព្ទតេទៅជនរងគ្រោះជាប្តី ចូល៧លើកតែមិនមានអ្នកទទួល ។
ស្ត្រីជាប្រពន្ធជនរងគ្រោះក៏មិនបានចាប់អារម្មណ៍អ្វីឡើយ ក៏ចូលទៅដេកវិញជាធម្មតា លុះដល់វេលាម៉ោងប្រមាណ៥ព្រឹក ស្ត្រីជាប្រពន្ធបានដើរចេញពីផ្ទះធំនៅឯក្បាលដីឡូត៍ ទៅដាស់បុរសរងគ្រោះជាប្តីនៅឯផ្ទះតូច ដើម្បីទៅផឹកកាហ្វេ ។ ពេលទៅដល់ស្រាប់តែឃើញបុរសជាប្តីដេកស្លាប់ក្នុងមុងបាត់ទៅ ទើបស្ត្រីជាប្រពន្ធប្រញាប់ទៅប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសៀមរាប ។
ក្រោយពីទទួលបានព័ត៌មានថា មានករណីបាញ់សម្លាប់មនុស្សនៅក្នុងមូលដ្ឋានរួចមក សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់-ស្រាលខេត្ត សហការជាមួយនគរបាលជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រ និងនគរបាលស្រុកកណ្តាលស្ទឹង ចុះទៅធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុ ។
ពាក់ព័ន្ធករណីនេះអ្នកយកព័ត៌មាននគរធំពុំអាចសុំការបកស្រាយ និងពន្យល់ណាមួយពីសមត្ថកិច្ចបានឡើយ ដោយសមត្ថកិច្ចកំពុងដុតដៃដុតជើងធ្វើការស្រាវជ្រាវជុំវិញករណីនេះ ។ ប្រជាពលរដ្ឋបានដាក់ការសន្និដ្ឋានថា ករណីបាញ់សម្លាប់ជនរងគ្រោះខាងលើនេះ ទំនងជារឿងគំនុំ ។
សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹងលួចបង្ហើបឲ្យដឹងថា ត្រូវបានជនមិនស្គាល់មុខបាញ់ចំនួន០៤គ្រាប់ ២គ្រាប់បៀបជាប់នៅនឹងសាច់ ២គ្រាប់ទៀតធ្លុះពីម្ខាងទៀតម្ខាង ។
តាមការពិនិត្យបឋមកាំភ្លើងបាញ់សម្លាប់ជនរងគ្រោះ ជាប្រភេទកាំភ្លើងខ្លី ទោះបីជាបែបណាក្តីអ្នកយកព័ត៌មានយើងនៅពុំទាន់ទទួលបានព័ត៌មានជាក់លាក់នៅឡើយទេ ព្រោះសមត្ថកិច្ចនៅពុំទាន់ផ្តល់ព័ត៌មាននៅឡើយ ដើម្បីកុំឲ្យជនដៃដល់ដឹងខ្លួន ៕ ស្អាងជ័យ