ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទំនិញលើសចំណុះរេចង្កូតបុកម៉ូតូរបួស២នាក់ អ្នកបើកបរបង្ករត់បាត់ស្រមោល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ រថយន្តម៉ាក សាំយ៉ុង ពណ៌ស ១គ្រឿង ត្រូវបានគេអះអាងដឹកទំនិញលើសចំណុះ បានរេចង្កូតទៅបុកម៉ូតូឆៅៗខណៈកំពុងធ្វើដំណើរបញ្រ្ចាស់ទិសគ្នា បណ្ដាលឲ្យភាគ្គីម៉ូតូរងរបួសយ៉ាងដំណំចំនួន ២នាក់ និងរងការខូចខាតមធ្យោបាយធ្វើដំណើរផងដែរ។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៦១.១៦២ ស្ថិតក្នុងភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា រថយន្តបង្កម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ 2AQ 6340(អ្នកបើកបររត់គេច) ធ្វើចរាចរណ៏ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះទៅដល់ចំណុចកើតហេតុក៍បានរេចង្កូតទៅបុកម៉ូតូ ១គ្រឿង ខណៈកំពុងធ្វើដំណើរស្របទិសគ្នាពេញទំហឹង បណ្ដាលឲ្យរងការខូចខាតមធ្យោបាយធ្វើដំណើរ និងរងរបួសចំនួន ២នាក់យ៉ាងដំណំ។

ប្រភពព័ត៌មានខាងលើបន្តថា ជនរងរបួសទាំង ២នាក់ទី១ ឈ្មោះ ហេង សំអុល ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១១ ពណ៏ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1B 0193 និងអ្នករួមដំណើរឈ្មោះ អុល សុភ័ក្រ ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង ២នាក់ គេពុំបានបញ្ជាក់អំពីអាស័យដ្ឋាននោះទេ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯរាជធានីភ្នំពេញ។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ករណីនេះបង្កឡើងដោយសាររថយន្តដឹកទំនិញផ្ទុកលើសចំណុះ ចំពោះវត្ថុតាងរថយន្តបង្កសមត្តកិច្ចនគរបាលជំនាញបានយកទៅរក្សាទុក ដើម្បីរងចាំធ្វើការវាសវែងដោះស្រាយគ្នាតាមនីតិវិធីជាក្រោយ៕ ប៉ឹម ពិន


ចែករំលែក៖