ខេត្តពោធិ៍សាត់៖ កម្លាំងមន្រ្តីជំនាញនៃអធិការដ្ឋាននគរបាលស្រុកក្រគរ និងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសណ្ដាន់សហការគ្នា ចុះឃាត់ខ្លួនបុរសម្នាក់តាមបណ្ដឹងរបស់ម្ដាយ ដោយបុរសរូបនេះជាប់ពាក់ព័ន្ធប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិចុងខ្លុង ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីមន្រ្តីចុះប្រតិបត្តិការខាងលើបានឲ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ សុះ គ្រីយា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរឥស្លាម បច្ចុប្បន្ន រស់នៅភូមិចុងខ្លុង ឃុំអូរសណ្ដាន់ ស្រុកក្រគរខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានខាងលើបន្តថាការឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងតាមបណ្ដឹងរបស់ស្រ្តីជាម្ដាយឈ្មោះ សា ស្រី ភេទស្រី អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរឥស្លាម បច្ចុប្បន្ន រស់នៅភូមិ.ឃុំខាងលើ ដោយបុរសជាកូនរូបនេះបានប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយអុកឡុកក្នុងរង្វង់គ្រួសារសាច់ញាតិឥតឈប់ឈរ ទើបសម្រេចចិត្តបែបនេះដើម្បីធ្វើការអប់រំនៅមណ្ឌលកែប្រែ។
ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ជនសង្ស័យជំនាញបានបំពេញនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ហើយបានបញ្ជូនខ្លួនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិសាត់នារសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីចាត់ការតាមបន្តនីតិវិធី៕ ប៉ឹម ពិន