ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងសាកល្បងមីស៊ីលឆ្លងទ្វីបជាលើកទីពីរដោយជោគជ័យ

ចែករំលែក៖

នៅថ្ងៃទី២៩ ខែកក្កដា កូរ៉េខាងជើង បានសាកល្បងមីស៊ីលឆ្លងទ្វីប ជាលើកទីពីរ ដោយជោគជ័យ បាញ់ចំគោលដៅនៅចម្ងាយ ៩៩៨គីឡូម៉ែត្រ។ សារព័ត៌មាន KCNA របស់កូរ៉េខាជើង បានផ្សាយថា មីស៊ីលឆ្លងទ្វីប (ICBM ) ប្រភេទ Hwasong-14 របស់ប្រទេសនេះ ហោះហើរបានរយៈពេល ៤៧នាទីនិង១២វិនាទីក្នុងចម្ងាយ ៩៩៨គីឡូម៉ែត្រ។

មីស៊ីលឆ្លងទ្វីប Hwasong-14 អាចបាញ់បានចម្ងាយដល់ទៅ៣.៧២៤,៩គីឡូម៉ែត្រ វាយប្រហារនៅគ្រប់គោលដៅនៅឆ្ងាយ។ តាមសារព័ត៌មានកូរ៉េខាងជើង ការសាកល្បងនេះធ្វើឡើងតាមបទបញ្ជារបស់មេដឹកនាំគីម ជុងអ៊ុន ។ កន្លងមកមេដឹកនាំកូរ៉េខាងជើង បានប្រកាសថា កម្មវិធីអភិវឌ្ឍន៍កាំជ្រួចមីស៊ីលគឺជាទ្រព្យសម្បត្តិ មិនអាចកាត់ថ្លៃបាន ហើយមិនអាចផ្អាកឬ បញ្ឈប់នោះឡើយ។

លោកគីម ជុងអ៊ុន បានបញ្ចាក់ថា ការសាកល្បងមីស៊ីលនាពេលនេះគឺជា ការព្រមាន ដល់អាមេរិក យ៉ាងមឹងមាត់បំផុត។ ការសាកល្បង ដោយជោគជ័យ បានបង្ហាញថា នៅគ្រប់ទីកន្លែងក្នុងទឹកដីអាមេរិក គឺស្ថិតនៅក្នុង គោលដៅវាយប្រហាររបស់ មីស៊ីលឆ្លងទ្វីបកូរ៉េខាងជើង។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterresបានថ្កោលទោសយ៉ាងខ្លាំង ដល់ការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ដែលអាចវាយប្រហារនៅគ្រប់ទិសទីជុំវិញពិភពលោក។ នៅក្នុងសេចក្តីប្រកាសមួយអ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Farhan Haqបញ្ចាក់ថា នេះជាសកម្មភាព បំពានច្បាប់របស់កូរ៉េខាងជើង។

អ្នកនាំពាក្យអង្គការសហប្រជាជាតិបានបញ្ចាក់ថា «មេដឹកនាំកូរ៉េខាងជើង ចាំបាច់ត្រូវតែគោរព ច្បាប់អន្តរជាតិ និងសហការជាមួយសហគមន៍អន្តរជាតិក្នុងការដោះស្រាយវិវាទដែលនៅសេសសល់ ក្នុងឧប្បទ្វីបកូរ៉េ។

ប្រធានាធិបតីអាមេរិកលោកដូណាលត្រាំ បានថ្កោលទោសយ៉ាងខ្លាំង ដល់ការសាកល្បង មីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើង ដោយចាតទុកថាជាសកម្មភាព ឌឺដង ដ៏គ្រោះថ្នាក់ ធ្វើឲ្យកូរ៉េខាងជើង កាន់តែនៅឯកា។

នៅក្នុងសេចក្តីប្រកាស លោកត្រាំ បានបញ្ចាក់ថា «អាមេរិកថ្កោលទោសយ៉ាងខ្លាំង ដល់សកម្មភាពសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ។ សកម្មភាពបែបនេះ មិនមែនជាការធានាដល់សន្តិសុខកូរ៉េខាងជើង នោះឡើយ ផ្ទុយទៅវិញ វាបំផ្លាញសន្តិសុខ ប្រទេសនេះ»។

ជាមួយគ្នានេះមន្ទីបញ្ចកោណអាមេរិក បានប្រកាសថា កូរ៉េខាងជើង ពិតជាបានសាកល្បងមីស៊ីលឆ្លងទ្វីប ។ រដ្ឋមន្ត្រីការពារជាតិអាមេរិក បានបញ្ចាក់ថា មីស៊ីលរបស់កូរ៉េខាងជើង បាន ហោះហើរ ចម្ងាយ ជិត ១០០០គីឡូម៉ែត្រហើយធ្លាក់ចូលសមុទ្រជប៉ន

កូរ៉េខាងជើង បានសាកល្បងមីស៊ីល១២លើក ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៧ មកទល់ពេលនេះ។ ប៉ុន្តែការសាកល្បងមីស៊ីលឆ្លងទ្វីប ទើប ធ្វើឡើង បានតែពីរដង ប៉ុណ្ណោះគឺលើកទី មួយនៅថ្ងៃទី៤ ខែកក្កដា និងលើកទីពីរ នៅថ្ងៃទី២៩ ខែកក្កដា ៕ ម៉ែវ សាធី


ចែករំលែក៖