ព័ត៌មានទាន់ហេតុការណ៍៖

តុលាការឃុំខ្លួនបុរសដែលថាមានយួនមកចាប់ក្មេងវះក្រលៀននិងភ្នែក

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅទីបំផុតសកម្មជន គណបក្សសង្គ្រោះជាតិដែលបានសារ ភាពទទួលស្គាល់កំហុសរបស់ខ្លួនបង្ហោះ លើបណ្តាញសង្គមហ្វេសប៊ុកថា «មាន យួនមកចាប់ក្មេងវះក្រលៀននិងភ្នែក បង្កចលាចលនៅស្រុកបារាយណ៍» ត្រូវ បានចៅក្រមសើបសួរ សាលាដំបូងខេត្តកំពង់ធំចេញដីកាឃុំខ្លួនដាក់ពន្ធនាគារហើយកាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ។

សូមបញ្ជាក់ថា ករណីផ្អើលថាមានជនជាតិយួនចាប់ក្មេងវះយកគ្រឿងក្នុងទាំង កណ្ដាលថ្ងៃត្រង់កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ នៅស្រុកបារាយណ៍ ខេត្តកំពង់ ធំនោះពេលនេះត្រូវបានដឹងការណ៍ពិតពី ប្រភពបំផុសបំផុលបំពុលបរិយាកាសសង្គម ដោយគ្មានមូលដ្ឋានច្បាស់លាស់នេះចេញពីគណនីហ្វេសប៊ុកមួយមានឈ្មោះ Nay Sineng ។ ប៉ុន្តែជាក់ស្ដែងជនសង្ស័យមិន មែនជាជនជាតិយួនដើរវះយកគ្រឿងក្នុងនោះទេ ។

លោកឧត្តមសេនីយ៍ អ៊ុក កុសល ស្នង ការនគរបាលខេត្តកំពង់ធំបានឲ្យដឹងថា នៅលើគណនីហ្វេសប៊ុករបស់ខ្លួនឈ្មោះ Nay Sineng បានសរសេរពាក្យពេចន៍យ៉ាង ដូច្នេះថា «ស្រុកបារាយណ៍រសៀលថ្ងៃទី ២៨.០៧.២០១៧.នៅរសៀលនេះមាន ករណីជនជាតិយួន៣នាក់ចាប់កូនក្មេងវះយកក្រលៀន និងភ្នែកត្រូវបានប្រជាជនចាប់ បានចំនួន២នាក់ និងរត់រួច១នាក់។ ករណី នេះកើតឡើងនៅភូមិអណ្ដូងពោធិ៍ ឃុំគ្រើល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សូមបងប្អូនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះ កូនរបស់ពួកយើងពីព្រោះពួកនេះសាហាវណាស់» ។

ឆ្លើយតបការបង្ហោះផ្សាយបំភ័ន្តការណ៍ ពិតគ្មានមូលដ្ឋានច្បាស់លាស់ពីសំណាក់សកម្មជនគណបក្សប្រឆាំងរូបនេះលោក ឧត្តមសេនីយ៍ អ៊ុក កុសល បានបកស្រាយ ថា ឆ្លងកាត់ការស្រាវជ្រាវតាមជំនាញជនសង្ស័យទាំង២នាក់ដែលកម្លាំងសមត្ថកិច្ចចាប់បាននោះមិនមែនជាជនជាតិយួនដើរវះយកគ្រឿងក្នុងក្មេងៗឡើយ ពោលគឺពួកគេជាមុខសញ្ញាលួចម៉ូតូទៅវិញទេ។ ក្នុង ចំណោម២នាក់នោះមានម្នាក់ត្រូវបាន តុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនទៀតផងដែលពួកគេមានឈ្មោះ មុត សុផាត អាយុ៣៥ឆ្នាំ មានទីលំនៅភូមិមាសឈរ ឃុំចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និង ម្នាក់ឈ្មោះ ច័ន្ទ រដ្ឋ អាយុ២៥ឆ្នាំ មានទីលំ នៅភូមិ-ឃុំជាមួយគ្នា ។

លោកបានរៀបរាប់បន្តថា មុខសញ្ញា ទាំងនេះបានជិះម៉ូតូមកស្នាក់នៅក្នុងវត្ត គ្រើល ហើយត្រូវបានព្រះសង្ឃរាយការណ៍ មកកម្លាំងនគរបាលប៉ុស្តិ៍អណ្តូងពោធិ៍ ស្រុក បារាយណ៍ ខេត្តកំពង់ធំ។ ក្រោយមកកម្លាំង នគរបាលប៉ុស្តិ៍បានទៅសាកសួរជនទាំង៣នេះក៏បានរត់ចោលម៉ូតូ។ ពេលនោះហើយ ទើបកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បានដេញតាម ដោយមានប្រជាពលរដ្ឋជួយដេញមួយចំនួនផង។ ពេលចាប់បានហើយប្រជាពលរដ្ឋក៏ប្រមូលគ្នាមកជាបន្តបន្ទាប់ ហើយវាយដំច្រំធាក់លើជនសង្ស័យបណ្តាលឲ្យរងរបួស ជាទម្ងន់ដោយចោទថា ជាមុខសញ្ញាប្រព្រឹត្ត បទល្មើសផ្សេងៗ ពិសេសចេះតែស្រែកតៗ គ្នាថា ចាប់ក្មេងៗ។ ភ្លាមៗនោះលោកស្នងការស្នងការរងទទួលផែនព្រហ្មទណ្ឌអធិការ អធិការរងនគរបាលនិងកម្លាំងនគរ បាលបានអន្តរាគមន៍រំដោះជនសង្ស័យបាន ហើយដឹកទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងបន្តយកទៅសង្គ្រោះនៅ មន្ទីរពេទ្យខេត្តកំពង់ធំ ។

ឆ្លើយតបនឹងព័ត៌មានដែលធ្វើឲ្យចលាចលនិងភ្ញាក់ផ្អើលពេញទឹកពេញដីខាងលើនេះទាំងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំលោក អុិត សុធា និងស្នងការ នគរបាលខេត្តលោកឧត្តមសេនីយ៍ អ៊ុក កុសល បានច្រានចោល និងអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ជាពិសេសអ្នកនៅស្រុកបារាយណ៍ត្រូវរក្សាសភាពស្ងប់ស្ងាត់។

ប៉ុន្តែនៅទីបំផុតក្រោយពីសាកសួរនាំ អ្នកដែលបង្ហោះសាររឿងចាប់ក្មេងនោះបានសារភាពទទួលស្គាល់កំហុសរបស់ខ្លួនដែល បង្ហោះលើហ្វេសប៊ុកថា «មានយួនមកចាប់ ក្មេងវះក្រលៀននិងភ្នែកបង្កចលាចលនៅស្រុកបារាយណ៍» ហើយក៏ត្រូវបានកម្លាំងសមត្ថកិច្ចសម្រេចឃាត់ខ្លួនតែម្តង ៕ ហេង សូរិយា


ចែករំលែក៖