ខេត្តតាកែវ៖ ការដេញថ្លៃសម្រាប់ផែនការវិនិយោគនៅខេត្តតាកែវ នៅតែជាបញ្ហា។ បញ្ហាក៏ព្រោះតែមានអំពើពុករលួយនៅក្នុងសាលាខេត្តនេះតែម្តង។ ប្រការនេះធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង ជាពិសេសពីបណ្តាក្រុមហ៊ុន ដែលមិនបានចូលរួមដេញថ្លៃជាចំហរ។
ក្រោយពីមានការរិះគន់យ៉ាងចម្រូងចម្រាស់ពីក្រុមមន្ត្រីនៅក្នុងសាលាខេត្តតាកែវ ក៏ដូចជាម្ចាស់កុ្រមហ៊ុននានា ពាក់ព័ន្ធនឹងការដេញថ្លៃគម្រោង ដែលបានពីមូលនិធិឃុំ-សង្កាត់ កាលពីពេលថ្មីៗនោះ លោក ឆេង ចន្ថា នាយករង ទីចាត់ការផែនការវិនិយោគខេត្តតាកែវបានអះអាងថា បើក្រុមហ៊ុនណាមួយយល់ថា ការដេញថ្លៃមិនប្រក្រតី អាចប្តឹងទៅតុលាការ ឬសាលាខេត្តបាន។
លោក ឆេង ចន្ថា បានបន្តថា បើក្រុមហ៊ុនណាមួយរកឃើញថា មានអំពើពុករលួយក្នុងការដេញថ្លៃគម្រោងវិនិយោគដើម្បីអភិវឌ្ឍន៍ឃុំ-សង្កាត់ ពួកគេអាចដាក់ពាក្យប្តឹងតាមច្បាប់ បន្ទាប់ពីការដេញថ្លៃ២ថ្ងៃក្រោយមក។ លោកបន្តថា កន្លងមក មានក្រុមហ៊ុនដែលដេញថ្លៃតែបីបួនប៉ុណ្ណោះ ចំណែកក្រុមហ៊ុនដែលនៅសេសសល់ដទៃទៀត ចាំតែយកលុយថ្លៃទឹកតែ។ យ៉ាងណាក៏ដោយ លោកមិនដឹងអំពីមូលហេតុដែលក្រុមហ៊ុនដេញថ្លៃបានត្រូវបង់ទឹកតែឲ្យក្រុមហ៊ុនដែលមិនចូលរួមដេញថ្លៃនោះទេ។
គួរបញ្ជាក់ថា មានការរិះគន់ទៅលើការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍ឃុំ-សង្កាត់ខេត្តតាកែវ ក្រោមការគ្រប់គ្រងរបស់លោក ហេង វុទ្ធី នាយកទីចាត់ការផែនការវិនិយោគខេត្តតាកែវ ថាពុំមានភាពប្រក្រតី ពោលគឺមានអំពើពុករលួយក្នុងការដេញថ្លៃគម្រោងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់។ ប្រភពបានបន្ថែមថា អំពើពុករលួយក្នុងការដេញថ្លៃកសាងផ្លូវលំអភិវឌ្ឍន៍ ឃុំ-សង្កាត់នៅក្នុងខេត្តតាកែវមានទំហំទឹកប្រាក់ច្រើនខ្លាំងណាស់។ ដោយសារតែអំពើពុករលួយនេះហើយទើបធ្វើឲ្យក្រុមហ៊ុនដេញថ្លៃធ្វើផ្លូវបាន មិនបំពេញទៅតាមគោលការណ៍ ពោលគឺធ្វើផ្លូវឆាប់ខូច ។ ជាក់ស្តែងផ្លូវច្រើនខ្សែក្នុងខេត្តតាកែវ ដូចជានៅស្រុកព្រៃកប្បាស ស្រុកបុរីជលសា ធ្វើបានតែរយៈពេលប៉ុន្មានខែក៏ខូចទៅវិញ។
ប្រភពបានឲ្យដឹងថា ក្រុមហ៊ុនដែលជិតស្និទ្ធនឹងនាយកទីចាត់ការផែនការវិនិយោគ តែងតែបានសិទ្ធិក្នុងការអនុវត្តគម្រោង។ រីឯអ្នកដែលមិនជិតស្និទ្ធជាមួយនឹងលោកហេង វុទ្ធី គឺគ្មានសង្ឃឹមឡើយ។ គេរាយការណ៍ថា ក្រុមហ៊ុន ហ៊ន គិនត្រៃទទួលបានសិទ្ធិនៃការដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំ-សង្កាត់ច្រើនជាងគេ ព្រោះតែក្រុមហ៊ុននេះមានទំនាក់ទំនងល្អជាមួយលោកហេង វុទ្ធី។
បណ្តាក្រុមហ៊ុនដែលរកស៊ីក្នុងរឿងនេះប្រាប់ថា ក្រុមហ៊ុនហ៊ន គីនត្រៃបានចំណាយប្រាក់១៥ភាគរយ ដែលដេញថ្លៃបានឲ្យទៅលោកហេង វុទ្ធី។
លោកហេង វុទ្ធី ថ្លែងថា លោកមិនបានរៀបចំការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ឲ្យមានអំពើពុករលួយនោះទេ ពោលគឺលោកបានអនុវត្តត្រឹមត្រូវទៅតាមច្បាប់នៃការដេញថ្លៃទាំងអស់៕ ហេង សូរិយា