ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌសែនសុខ គ្មានវិធានការទាល់តែសោះ ករណីបង្ក្រាបទីតាំងអ៉ីនធើណេតបង្កប់ ល្បែងស៊ីសងក្នុងមូលដ្ឋានរបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ ទីតាំងអ៉ីនធើណេត២៤ម៉ោងលើ២៤ម៉ោងជាច្រើនកន្លែង នៅបន្តធ្វើអាជីវកម្មដោយទូលំទូលាយ ក្រោម ក្រសែភ្នែកសមត្ថកិច្ច អាជ្ញាធរ ខណ្ឌសែនសុខនេះតែម្តង ។

ទីតាំងអ៉ីនធើណេតសុទ្ធតែបង្កប់នូវល្បែងស៊ីសងប្រភេទហ្គេម ករណីភ្នាល់បាល់ និងការឡាយល្បែងស៊ីសងគ្រប់ ប្រភេទចេញពីកាស៊ីណូ ។​ ជាក់ស្តែងបទល្មើសបនល្បែងស៊ីសងបែបនេះ ក៏ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃ សមត្ថកិច្ចមូលដ្ឋានក្នុងខណ្ឌសែនសុខចុះចាប់ជាអន្លើរ ប៉ុន្តែបច្ចុប្បន្នកាន់តែភាពទ្រង់ទ្រាយច្រើនជាងមុន បង្កើន ឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជុំវិញបទល្មើសអំពើលួច ឆក់ ប្លន់ ការប្រើប្រាស់ ជួញដូរថ្នាំញៀនផងដែរ ។

ថ្មីៗនេះ ទីតាំងអ៉ីនធើណេតជាច្រើនក្នុងកន្លែងក្នុងខណ្ឌសែនសុខ គ្រាន់តែប្រើប្រាស់ការដកស្លាកយីហោសម្រាប់ ជាការលាក់បាំងថាពួកខ្លួនបានបញ្ឈប់ការធ្វើអាជីវកម្ម អ៉ីនធើណេតបង្កប់ល្បែងស៊ីសងតែប៉ុណ្ណោះ ។

មន្ត្រីមូលដ្ឋានបានបញ្ជាក់ថា បច្ចុប្បន្ននេះ ទីតាំងអ៉ីនធើណេត២៤ម៉ោងលើ២៤ម៉ោង ដូចជា ៖- បញ្ញា២ណេត ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី មុខផ្សារទឹកថ្លា ភូមិបុរី១០០ខ្នង និងយីហោហ្វ័រជីអ៉ីនធើណេត៨៨ តាម  បណ្តោយផ្លូវលេខ២៧១ ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា តាមបណ្តោយផ្លូវលេខ១៩៨៦ តាមបណ្តោយផ្លូវលេខ ៥៩៨ សង្កាត់ភ្នំពេញថ្មី នៅតែបន្តកើតមាន ទើបមន្ត្រីខ្លះរិះគន់ថា អាជ្ញាធរ សមត្ថកិច្ចខណ្ឌសែនសុខគ្មានចេតនា  សម្រាប់វិធានការបង្ក្រាបឬទប់ស្កាត់ ។

គួរបញ្ជាក់ថា កន្លងទៅសូម្បីតែមន្ត្រីសាលាខណ្ឌសែនសុខ ញៀននឹងល្បែងភ្នាល់បាល់ក្នុងទីតាំង២៤ម៉ោងបញ្ញា ២ណេត ក៏ត្រូវបានចោរលួចម៉ូតូនៅទីនោះអស់មួយគ្រឿង ម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FI-2575 ដែលជនល្មើសយកទៅបញ្ចាំ ខណៈនោះសមត្ថកិច្ចក៏ក្តាប់មុខសញ្ញាបាន ឈានដល់ឃាត់ខ្លួនជន សង្ស័យ២នាក់ ក្នុងបទល្មើសនេះបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញទៀតផង​។

ក្រុមអ្នកញៀននឹងល្បែងភ្នាល់បាល់បានលួចបង្ហើបថា ចំពោះទីតាំងហ្វ័ជីអ៉ីនធើណេត៨៨ ស្ថិតក្នុងភូមិបុរី១០០ ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក៏ដូចជាចំណុចភូមិអូរបែកក្អម មិនត្រឹមតែជាទីតាំងអ៉ីនធើណេតភ្នាល់បាល់ឬ ឡាយការស៊ីសងពីកាស៊ីណូមកនោះទេ ពេលខ្លះក៏មានក្រុមយុវជនស្ទាវៗជាច្រើនទាំងប្រុស-ស្រី បានប្រមូលផ្តុំ គ្នាលួចទៅលេងនិងសេពថ្នាំញៀន ដែលគេសង្ស័យថា បទល្មើសកើតមានក្នុងមូលដ្ឋានខណ្ឌសែនសុខ ក៏អាច ផ្តើមចេញពីក្រុមអ្នកញៀនល្បែងទាំងនោះ ចេញធ្វើសកម្មភាពនៅពេលយប់ឬទៀបភ្លឺ ខណៈពួកគេមានទីតាំង អ៉ីនធើណេតទាំងនោះ ធ្វើជាមធ្យោបាយជ្រកកោណ ។

ថ្មីៗនេះ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងក្នុងកិច្ចប្រជុំបន្ទាន់ជាមួយ នឹងតំណាងក្រសួងប្រៃសណីយ សមត្ថកិច្ចអាជ្ញាធរទាំង១២ខណ្ឌ មន្ត្រីពាក់ព័ន្ធ លើវិធានការទប់ស្កាត់ និងបង្ក្រាបចំពោះ​បន​ល្បែងស៊ីសង ហ្គេមអនឡាញ ជ្រកក្រោមរូបភាពទីតាំងអ៉ីនធើណេត២៤ម៉ោង អ៉ីនធើណេតកាហ្វេដែលមានច្បាប់ធ្វើអាជីវកម្ម ប៉ុន្តែលួចបង្កប់ល្បែងស៊ីសង ក្នុងគោលបំណងកាត់បន្ថយបទល្មើស ពិសេស ធ្វើឲ្យយុវជនជៀសផុតពីអំពីអបាយមុខ ល្បែងស៊ីសង ហើយបញ្ឈប់នូវវប្បធម៌អន្តរាគមន៍ចំពោះអំពើខុសច្បាប់ នេះផងដែរ ។

បញ្ហាល្បែងស៊ីសងក្នុងខណ្ឌសែនសុខ កន្លងទៅលោក ប៊ិល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ ទទួល​រងនូវការរិះគន់បញ្ហាដឹកនាំរបៀបគ្រួសារនិយម ពុករលួយបានត្រឹមតែអះអាងថា លោកធ្លាប់បានប្រជុំណែ នាំទៅកាន់ចៅសង្កាត់ ប៉ុន្តែមិនដឹងថា ពួកគាត់ធ្វើការងារនេះដល់ណានៅឡើយ ។

ដោយឡែកលោក ហង្ស សុខុម ចៅសង្កាត់ទឹកថ្លា ដែលទើបចូលកាន់តំណែងថ្មោងថ្មី បានបញ្ជាក់ថា ចាំលោក បើកកិច្ចប្រជុំ និងដាក់ផែនការចុះពិនិត្យទៅលើទីតាំងដូចមានបញ្ជាក់ខាងលើ ។

លោក សុខផល នាយប៉ុស្តិ៍នគរបាលទឹកថ្លា បានប្រាប់យ៉ាងដូច្នេះគថា ខ្ញុំរង់ចាំតែបញ្ជាថ្នាក់លើដាក់ផែនការ ពេលណា នឹងចុះបង្ក្រាបភ្លាម ។

លោកម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ កន្លងទៅបានប្រាប់តាមទូរស័ព្ទផងដែរថា បញ្ហាអ៉ីនធើណេតគឺ ផ្តោតសំខាន់ទៅលើខាងសាលាខណ្ឌ ព្រោះកន្លងទៅលោកអភិបាលខណ្ឌបានប្រជុំឲ្យចៅសង្កាត់ចុះស្រង់ និងធ្វើ  បញ្ជីឲ្យច្បាស់លាស់ពីទីតាំងអ៉ីនធើណេត ។ ដូច្នេះកម្លាំងរបស់លោករង់ចាំតែបទបញ្ជាតែប៉ុណ្ណោះ ។

មន្ត្រីថ្នាក់ក្រោមបានបង្ហើបទាំងភ្នែកនៅកញ្ចឹងកថា ចំពោះទីតាំងបើកអ៉ីនធើណេតបង្កប់បនល្បែងស៊ីសង​ក្នុងមូល ដ្ឋានខណ្ឌសែនសុខ មន្ត្រីនិងសមត្ថកិច្ចពាក់ព័ន្ធខ្លះ កុំថាឡើយដល់បង្ក្រាប សូម្បីតែចុះទៅពិនិត្យ ឬគោលបំណង ធ្វើស្ថិតិ ក៏មិនអាចទៅរួច ខណៈម្ចាស់ទីតាំងក៏ដូចជាមេការគ្រប់គ្រងថ្លើមធំ សម្តីយកមេឃទ្រាប់គូទអង្គុយ មិនដឹង ថាពួកគេអាងខ្នងអាជ្ញាធរខណ្ឌ ឬអ្នកធំពីគ្រហែងមេឃណាទេ! ក្នុងនោះសូម្បីតែដៃជើងរបស់លោក ប៊ិល កុសល មួយចំនួនក៏ជាអ្នកមើលថែទាំ សម្រាប់ការចេញអន្តរាគមន៍ទាំងទីតាំងអ៉ីនធើណេតបង្កប់ល្បែងស៊ីសង និងការ បើកកន្ទុយលេខតាមកន្លែងវីងនោះទៀតផង ។

គួររំឭកថា បនល្បែងស៊ីសងពិតជាបានផ្តើមចេញឲ្យមានបទល្មើសកើតឡើងក្នុងសង្គមឬមូលដ្ឋាន ក្នុងនោះគោល នយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ជាទិសដៅតម្រូវឲ្យអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋានបង្ក្រាបបទល្បែងស៊ីសង បទល្មើស ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ។ ផ្ទុយទៅវិញបនល្បែងស៊ីសង​ ទីតាំងអ៉ីនធើណេត បង្កើតគ្រប់ទីកន្លែង ទោះជាមានអាជ្ញាប័ណ្ណមែន ប៉ុន្តែបង្កប់នូវករណីភ្នាល់បាល់ កត់កន្ទុយលេខ ល្បែងស៊ីសង ប្រភេទហ្គេម និងល្បែងស៊ីសងគ្រប់ប្រភេទដែលឡាយពីកាស៊ីណូ កាន់តែរីកដុះដាល ៕ តុងសីហា


ចែករំលែក៖