ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ប្តឹងប៉ូលិសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ពីបទឆបោកប្រាក់ជិត៥០០០ដុល្លារអាមេរិក

ចែករំលែក៖

ខេត្តកណ្ដាល៖ ស្ត្រីម្នាក់ ប្តឹងប៉ូលិសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ពីបទឆបោកប្រាក់ជិត៥០០០ដុល្លារអាមេរិក ទៅអយ្យការអមសាលាដំបូងខេត្តកណ្ដាល ដើម្បីចាត់ការតាមតាមច្បាប់ ។ស្ត្រីរងគ្រោះ កាលពីរសៀលថ្ងៃទី១៤ ខែសីហា បានចូលបំភ្លឺ ចំពោះមុខលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ហើយស្នើឲ្យតុលាការចាត់ការ ជនសង្ស័យតាមច្បាប់ ។
ស្ត្រីរងគ្រោះឈ្មោះ ម៉ូវ សុខជា អាយុ៣៨ឆ្នាំ មានទីលំនៅផ្ទះលេខ១០៩៧ ផ្លូវលំ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បញ្ជាក់ថា ជនសង្ស័យឈ្មោះ កែវ មុន្នីរ័ត្ន ជាប៉ូលិសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ហើយជាអ្នកជិតខាងនឹងគ្នា ។
ស្ត្រីរងគ្រោះ អះអាងថា ជនសង្ស័យ កែវ មុន្នីរ័ត្ន មិនមែនឆបោកប្រាក់ខ្លួនតែម្នាក់ទេ គឺ តែងតែដើរឆបោកប្រាក់អ្នកដទៃជាច្រើន គ្រាន់តែអ្នកខ្លះគេខ្ជិលប្តឹងផ្ដល់នាំរឿងវែងឆ្ងាយ ទើបធ្វើឲ្យជនសង្ស័យបានចិត្តដើរឆបោកគេគ្រប់គ្នាបែបនេះ ទើបស្ត្រីរងគ្រោះរូបនេះ ដាក់ពាក្យប្តឹងមកតុលាការ ហើយសំណូមពរឲ្យតុលាការ ចាត់ការលើជនសង្ស័យ កែវ មុន្នីរ័ត្ន តាមច្បាប់ ។
ស្ត្រីដដែល អះអាងថា ជនសង្ស័យមិនមែនគ្មានលទ្ធភាពសងប្រាក់មកវិញទេ គឺ ជននេះមានចេតនាយ៉ាងពិតប្រាកដក្នុងការមិនសងប្រាក់មកវិញ ហើយបែរជាមានលុយទិញឡាន និង មានលុយរកស៊ីដីទៅវិញ ។
ទង្វើបែបនេះ ស្ត្រីរងគ្រោះ ក៏ស្នើឲ្យស្ថាប័នសាម៊ីរបស់ជនសង្ស័យ កែវ មុន្នីរ័ត្ន មានចំណាត់ការលើជននេះ ផង កុំឲ្យចេះតែដើរឆបោកប្រាក់គេតាមអំពើចិត្តបែបនេះ ៕ចេស្តា

ចែករំលែក៖