ខេត្តបាត់ដំបង ៖ អគ្គីភ័យបានឆាបឆេះផ្ទះអស់មួយខ្នង បណ្តាលកូនប្រុសម្ចាស់ផ្ទះម្នាក់កំពុងដេកត្រូវភ្លើងឆេះស្លាប់យ៉ាងអាណោចអាធ័ម ។
ហេតការណ៍កើតឡើងកាលពីរវេលាម៉ោង១២ និង៥០នាទី ថ្ងៃ១៤ សីហា ២០១៧ ស្ថិតក្នុងក្រុម៤ ភូមិថ្មី ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។
យោងតាមរបាយការណ៍ពីនគរបាលស្រុកបាណន់បានឲ្យដឹងថា អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងទំហំ៧ម៉ែត្រគុណ៨ម៉ែត្រ ធ្វើពីឈើជញ្ជាំងប្រក់សង្ក័សីមានរៀបថ្មក្រោមផងនោះ។
លោក ថោង ធិន អធិការរង នៃអធិការដ្ឋានស្រុកបាណន់ប្រាប់ឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ផ្ទះខាងលើមានឈ្មោះ ឈាន ច្រិះ ភេទប្រុស អាយុ៤៧ឆ្នាំ ជាអ្នកធ្វើស្រែ រស់នៅភូមិឃុំខាងលើ។ ចំណែកក្មេងរងគ្រោះដែលស្លាប់នោះមានឈ្មោះ ច្រឹះ គឹមលាង ភេទប្រុស អាយុ១៥ឆ្នាំ ក្មេងរងគ្រោះកូនប្រុសជាមនុស្សមានសតិមិនគ្រប់ ក្នុងពេលកើតហេតុនោះ គឺគេមិនអាចរត់ចេញរួចទើបត្រូវភ្លើងឆាបឆេះបណ្តាលឲ្យស្លាប់តែម្តង ។
លោកអធិការរងប្រាប់ទៀតថា បើតាមការស្រាវជ្រាវ និងពិនិត្យនិងការបំភ្លឺម្ចាស់ផ្ទះថា មុនពេលកើតហេតុពួកខ្លួន(ម្ចាស់ផ្ទះ)រវល់នាំគ្នានៅមើលទូរទស្សន៍នៅក្រោមផ្ទះ ខណៈនោះ ក៏មានឮសម្លេងផ្ទុះចេញពីក្នុងផ្ទះ ដែលមានកូនប្រុសខ្លួនត្រូវភ្លើងឆេះស្លាប់នោះដេកនៅលើផ្ទះ ដោយមានបើកកង្ហារផង ។ នៅពេលមានឮសឡេងផ្ទុះនៅលើផ្ទះ ពួកខ្លួនមើលទៅឃើញភ្លើងឆេះចេញពីខាងមាត់ទ្វារបាត់ទៅហើយខ្លួនបានស្រែកឆោឡោហៅអ្នកជិតខាងឲ្យជួយតែភ្លើងក៏កាន់តែឆេះខ្លាំងទៅហើយ អ្នកស្រុកជួយមិនបាន ភ្លើងក៏ឆេះកូនប្រុសនោះ។
លោកអធិការរងបន្តថា: ពាក់ព័ន្ធហេតុការណ៍នេះ ទំហំនៃការខូចខាតមាន: ផ្ទះ០១ខ្នង ( ឈើលើ ថ្មក្រោម ) ទំហំ ៧គុណ៨ម៉ែត្រ ជញ្ជាំងបាំង និងដំបូលប្រក់ដោយសង្កសី ទូរទស្សន៍ 1គ្រឿងស្រូវចំនួន 10ការុងមាស 5ជី ប្រាក់ ថៃ20000បាត និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ។
អគ្គីភ័យនោះតាមការស្រាវជ្រាវស៊ើបអង្កេតរបស់សមត្ថកិច្ចមូលហេតុអាចឆ្លងចរន្តទុស្សេខ្សែភ្លើង៕ សំ វិច្ឆិកា