ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌមានជ័យបានឃាត់ខ្លួនយុវតីម្នាក់ និងបុរសម្នាក់ជាមេការសំណង់កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះសំណាក់កេសីវល័ក្ខណ៍ ផ្លូវ៣៧១ ក្រុមទី១០ ភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ពាក់ព័ន្ធករណីរក្សាទុកនូវសារធាតុញៀនខុសច្បាប់។
សមត្ថកិច្ចបានប្រាប់ថា យុវតីម្នាក់ឈ្មោះ ចាន់ ហុងយុក ហៅពេជ្រ អាយុ១៩ឆ្នាំ មុខរបរអ៊ុតសក់ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។ និងបុរសម្នាក់ទៀតឈ្មោះ ជា សុថារិទ្ធ ហៅរ័ត្ឋ អាយុ៣៦ឆ្នាំ មុខរបរមេការសំណង់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាងមាន៖ ក្រាមពណ៌សថ្លាចំនួន១២កញ្ចប់(ថង់តូច៦ និងធំ៦) ជញ្ជីង១ ស្លាបព្រា១ ឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួន ទូរស័ព្ទដៃចាស់២គ្រឿង និងអាវុធខ្លី១ដើម ម៉ាកកា៥៤ និងគ្រាប់ចំនួន៧គ្រាប់។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា មុនពេលសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ គឺកម្លាំងល្បាតក្នុងមូលដ្ឋានដូចសព្វដង។ លុះមកដល់មុខផ្ទះសំណាក់កេសីវរល័ក្ខណ៍ក៏ឃើញយុវតីឈ្មោះ ចាន់ ហុងយុក ឈរតែឯងហើយកម្លាំងសង្ស័យក៏ត្រួតពិនិត្យឆែកឆេររកឃើញមានរក្សាទុកថ្នាំញៀន ក៏ឃាត់ខ្លួនមកប៉ុសិ្តសួរនាំ។ យុវតីនេះក៏បានឆ្លើយថានាងបានទិញថ្នាំនេះពីឈ្មោះ ជា សុថារិទ្ធ ពេលនោះកម្លាំងក៏បានទៅសហការចាប់ឃាត់ខ្លួនតែម្តង និងដកហូតអាវុធខ្លី១ដើមផងដែរព្រមទាំងថ្នាំញៀន។ បច្ចុប្បន្នជនសង្ស័យកំពុងរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ៕ តាឡឹម