ខេត្តកោះកុង៖ ដោយសារកំហឹងក្នុងការប្រកែកគ្នា បុរសជនជាតិវៀតណាមម្នាក់ បានចាក់សម្លាប់ប្រពន្ធខ្លួន បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពីវេលាម៉ោងជិត១២ ថ្ងៃទី២៦ សីហា នៅចំណុចភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
បើតាមសម្តីម្តាយជនរងគ្រោះជាជនជាតិវៀតណាម ដូចគ្នា បាននិយាយថា មួយរយៈមុនពួកគេទាំង២នាក់ បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ហើយក៏មានការវ៉ាយតប់គ្នាដែរ ហើយជនរងគ្រោះ ក៏បានចាកចេញពីផ្ទះទៅអស់រយៈពេល៥-៦ខែមកហើយ។ គាត់បន្តថា ជនរងគ្រោះទើបតែត្រឡប់មកផ្ទះវិញ ទាំង២នាក់នេះ និងឲ្យចាស់ទុំទាំងសងខាង ជួយសម្របសម្រួលគ្នារួចហើយ លុះថ្ងៃកើតហេតុ ប្តីប្រពន្ធនេះ បានឈ្លោះប្រកែកគ្នាទៀត រួចនាំគ្នាចូលដេកបាត់ទៅ ស្រាប់មួយសន្ទុះក្រោយជនសង្ស័យដើរចេញពីក្នុងបន្ទប់ ពេលចូលទៅវិញក៏លឺជនរងគ្រោះស្រែកឲ្យជួយផង គាត់ក៏ស្ទុះទៅមើលបានឃើញជនរងគ្រោះដេកក្នុងថ្លុកឈាមទៅហើយ។
ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចស្រុកមណ្ឌលសីមា បានឲ្យដឹងថា ក្រោយពេលជនសង្ស័យចាក់សម្លាប់ប្រពន្ធរួច ក៏ចាក់សម្លាប់ខ្លួនឯងដែរ តែសំណាងក្រុមគ្រួពេទ្យជួយសង្គ្រោះទាន់។
ជនរងគ្រោះឈ្មោះ ង្វៀង ធីងុកយាម ភេទស្រី អាយុ៣១ឆ្នាំ (ស្លាប់) ជនជាតិវៀតណាម ទីលំនៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង និងជនសង្ស័យឈ្មោះ វៀង យាំងឌឹក ភេទប្រុស អាយុ៤៧ឆ្នាំ (រងរបួស) មុខរបរលក់កាហ្វេ ស្នាក់នៅជាមួយគ្នា។
ក្រោយពេលកើងតហេតុសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង៕