ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះលុបគំនូសចំណតរថយន្ត នៅជុំវិញទីលានប្រជាធិបតេយ្យចាស់ រហូតដល់ផ្សាររាត្រី

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង០៩:០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះរៀបចំសណ្ដាប់ធ្នាប់ និង លុបគំនូសចំណតរថយន្ត នៅជុំវិញទីលានប្រជាធិបតេយ្យចាស់ រហូតដល់ផ្សាររាត្រី ។

ក្នុងនោះ លោកអភិបាល បានមានប្រសាសន៍ថាៈ ចំពោះទីតាំងនៅជុំវិញសួនទីលានប្រជាធិបតេយ្យចាស់ រហូតដល់ផ្សាររាត្រី ឃេីញថាពុំមានការចតរថយន្តទៀតនោះទេ ក្នុងករណីនៅតែមានការឈប់ចតបន្តទៀតនោះរដ្ឋបាលខណ្ឌដូនពេញ និងមានវិធានការស្ទួចយករថយន្តនោះមករក្សាទុកនៅសាលាខណ្ឌ ដោយលេីកទី១ រក្សាទុករយៈពេល ១៤ថ្ងៃ និងលេីកទី២ រក្សាទុករយៈពេល ០១ខែ ដោយធ្វេីកិច្ចសន្យាអប់រំណែនាំ អោយត្រឡប់ទៅវិញ ។

រដ្ឋបាលខណ្ឌ សូមការអធ្យាស្រ័យ ចំពោះបងប្អូនដែលធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១០៨ ទីលានប្រជាធិបតេយ្យ ត្រង់ចំណុចខាងមុខក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលនៅបន្តចតរថយន្តទៀត គឺដោយសារតែក្រសួងកំពុងសាងសង់អគារថ្មី ពុំមានចំណត និងបានស្នេីសុំទៅសាលារាជធានីភ្នំពេញ ឈប់ចតរថយន្តមួយរយៈ ហេីយក្រោយពេលដែលអគារថ្មីសាងសង់រួច ក្រសួងនឹងយករថយន្តទៅចតនៅចំណតក្រោមដីរបស់ខ្លួនវិញ ដោយមិនចតលេីទ្រូងផ្លូវទៀតឡេីយ ៕ ស ដារ៉ា


ចែករំលែក៖