ភ្នំពេញ៖ ជនសង្ស័យដែលពាក់ព័ន្ធករណីសម្លាប់កូនស្រីបង្កើតអាយុពីរឆ្នាំ និងសម្លាប់ឪពុកក្មេក នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ ត្រូវបានលោក ងិន ពេជ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ”ឃាតកម្មគិតទុកជាមុន”តាមមាត្រានៃក្រមព្រហ្មទណ្ឌដែលប្រឈមមុខនឹងការជាប់ពន្ធនាគារមួយជីវិត ។ នេះបើតាមការបញ្ជាក់របស់សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សមត្ថកិច្ច បន្តថា បច្ចុប្បន្នជនត្រូវចោទនឹងត្រូវបញ្ជូនទៅចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី ហើយនឹងចេញដីកាឃុំខ្លួនបណ្ដោះអាសន្ន ។
នគរបាល បញ្ជាក់ថា ជនសង្ស័យឈ្មោះ អង សំណាង ហៅខ្មៅ អាយុ២៥ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទៀប ខេត្តស្វាយរៀង។
ចំណែកជនរងគ្រោះទាំងពីរនាក់ ឈ្មោះ ពេជ ចរិយា ភេទស្រី អាយុ២ឆ្នាំ ជាកូនបង្កើតរបស់ជនសង្ស័យ និងឈ្មោះ ពេជ ជឿ អាយុ៥៧ឆ្នាំ ជាឪពុកក្មេកជនសង្ស័យ។
លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ ថា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ជនសង្ស័យបានពឹងឱ្យម្តាយក្មេកជួយកោសខ្យល់នៅលើគ្រែក្រោមផ្ទះ ស្រាប់តែពេលកំពុងតែកោសខ្យល់នោះ ជនសង្ស័យមានអារម្មណ៍ចង់រួមភេទ ហើយជនសង្ស័យបានយកដៃទៅស្ទាបកំប៉េះគូទម្តាយក្មេក ខណ:ពេលដែលកំពុងស្ទាបនោះ ម្តាយក្មេកក៏ភ្ញាក់ ហើយស្រែកឆោឡោឡើង ។
ពេលនោះ ជនសង្ស័យបានយកដៃទៅច្របាច់ករបស់ម្តាយក្មេក នៅពេលដែលកំពុងតែច្របាច់ក ស្រាប់តែមានអ្នកជិតខាងដើរចូលមកដល់ រួចក៏បែកការណ៍ដឹងដល់ប្រពន្ធជនសង្ស័យ។
លុះព្រឹកឡើងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ប្រពន្ធរបស់ជនសង្ស័យ បាននាំគ្នាទៅសាលាឃុំរមាំងថ្កើល ដើម្បីប្តឹងសុំលែងលះគ្នា ខណ:ពេលនោះ ជនសង្ស័យមិនចង់លែងលះទេ ដោយគ្មានជម្រើសទើបជនសង្ស័យយល់ព្រមផ្តិតមេដៃលែងលះគ្នា ដោយជនសង្ស័យបានទាមទារយកកូនស្រីមកចិញ្ចឹម ហើយប្រពន្ធបានយល់ព្រម។
ក្រោយមក ជនសង្ស័យបាននាំកូនស្រីមកស្នាក់នៅជាមួយឪពុកម្តាយបង្កើតនៅបន្ទប់ជួលលេខ១០៨ ផ្លូវបេតុង ក្រុម២ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក អេង សោភា បន្តថា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ជនសង្ស័យបានធ្វើដំណើរទៅបេនឡានឈ្នួល ក្នុងគោលបំណងជិះរថយន្តទៅខេត្តស្វាយរៀង ដើម្បីសុំប្រពន្ធរួមរស់នៅជាមួយគ្នាវិញ ខណ:ពេលដែលសុំប្រពន្ធនោះ ស្រាប់តែម្តាយក្មេក និងបងប្អូនខាងប្រពន្ធមិនយល់ព្រម ហើយបានដេញជនសង្ស័យឱ្យចេញ និងឈប់មកជាន់ផ្ទះរបស់គាត់ទៀត។ ភ្លាមៗនោះ ជនសង្ស័យបានធ្វើដំណើរពីខេត្តស្វាយរៀងត្រឡប់មកភ្នំពេញវិញ។
លុះដល់ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ ជនសង្ស័យបានរៀបចំគម្រោងសម្លាប់កូនស្រីបង្កើតរបស់ខ្លួន ដោយពេលកំពុងតែរៀបគម្រោងនោះ ស្របពេលឪពុកម្តាយបង្កើតរបស់ជនសង្ស័យមិននៅផ្ទះ ហើយមានឱកាសល្អទៀតនោះ ជនសង្ស័យបានយកខ្សែភ្លើងចងជារង្វង់ ដើម្បីទាក់កកូនស្រីរបស់ខ្លួនដែលកំពុងអង្គុយមើលទូរទស្សន៍ ។ ជនសង្ស័យយកខ្សែភ្លើងទៅទាក់កកូនស្រីរបស់ខ្លួន ហើយទាញកន្ត្រាក់មួយទំហឹងចងភ្ជាប់នឹងចម្រឹងបង្អួចបណ្តាលឱ្យកូនស្រីខ្លួនដាច់ខ្យល់ស្លាប់តែម្តង។
ក្រោយពីជនសង្ស័យធ្វើសកម្មភាពសម្លាប់កូនស្រីរបស់ខ្លួនរួចមក ជនសង្ស័យបានស្រាយយកខ្សែភ្លើងនោះមកចងកសម្លាប់ខ្លួនឯង តែដោយសារតែតឹងកខ្លាំងពេក ទើបជនសង្ស័យ រើបម្រាស់បណ្តាលឱ្យដាច់ខ្សែធ្លាក់មកដី ហើយជនសង្ស័យលែងមានចិត្តចង់សម្លាប់ខ្លួនទៀត ក៏នឹកចង់សងសឹកគ្រួសារម្តាយក្មេកវិញ។
ជនសង្ស័យបានធ្វើដំណើរជិះរថយន្តឈ្នួលទៅកាន់ខេត្តស្វាយរៀង ។ ជនសង្ស័យបានទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ហើយបានដើរឡើងទៅបន្ទប់ដែលឪពុកក្មេកកំពុងតែសម្រាកព្យាបាល។ ពេលទៅដល់ ជនសង្ស័យ បាននិយាយប្រាប់រឿងដែលខ្លួននិងម្តាយក្មេកឈ្លោះគ្នាឱ្យឪពុកក្មេកបានដឹង ហើយជនសង្ស័យបាននិយាយប្រាប់ទៀតថា ជនសង្ស័យមកទីនេះ គឺចង់សម្លាប់ម្តាយក្មេក ។ ភ្លាមៗនោះ ឪពុកក្មេក បានហាមមិនឱ្យនិយាយបន្តទេ កុំឱ្យខ្មាស់គេ និងបានឱ្យជនសង្ស័យជួយជូនគាត់ទៅបន្ទប់ទឹកបត់ជើង ។ ពេលនោះ ជនសង្ស័យបានគិតក្នុងចិត្តថា បើមិនបានសម្លាប់ម្តាយក្មេក ចឹងមានតែសម្លាប់ឪពុកក្មេកចោល ដើម្បីឱ្យគាត់ព្រាត់ប្រាស់គ្នាវិញម្តង ដោយពេលនោះ ឃើញមានឱកាសល្អ ជនសង្ស័យបានធ្វើច្របាច់កឪពុកក្មេក រួចចាប់ជ្រមុជក្បាលចូលទៅក្នុងទឹក រហូតដល់ដាច់ខ្យល់ស្លាប់តែម្តង។
ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យបានដើរចេញពីមន្ទីរពេទ្យបង្អែក ក្នុងគោលបំណងជិះរថយន្តឈ្នួលត្រឡប់ទៅភ្នំពេញវិញ។ ជនសង្ស័យ បានបន្តដំណើរដោយជិះរថយន្តឈ្នួលពីភ្នំពេញទៅស្រុកកំណើត ខណ:ពេលធ្វើដំណើរមកដល់ចម្ងាយប្រហែល៧គីឡូម៉ែត្រពីភូមិកំណើត ជនសង្ស័យបានចុះពីលើរថយន្តឈ្នួល រួចបានដើរទៅដេកនៅក្នុងព្រៃ។
លុះដល់ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ជនសង្ស័យដើរចេញពីព្រៃ ក្នុងគោលបំណងទៅផ្ទះពូរបស់ខ្លួនឈ្មោះ ចក់ នៅក្នុងភូមិដើម្បីហូបបាយ ។ ភ្លាមៗនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង។