ភ្នំពេញៈ បើទោះបីមួយរយៈពេលកន្លងមកនេះ អាជ្ញាធរមូលដ្ឋានក្នុងរាជធានីភ្នំពេញ មានវិធានការណ៍ទប់ស្កាត់ដល់ជនជិះម៉ូតូកែច្នៃបំពង់ស៊ីមាំង និងដាក់ភ្លើងឡាស៊ែរ ខុសពីលក្ខណៈដើម នាំឲ្យប៉ះពាល់ដល់អ្នកជិតខាង និង ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈយ៉ាងណាក៏ដោយ ក៏នៅមានមនុស្សមួយចំនួនមិនអនុវត្តតាមឡើយ ជាពិសេសក្រុមយុវជនស្ទាវៗតែម្តង ។
ជាក់ស្តែងម៉ូតូកែច្នៃ ខុសបច្ចេកទេសចំនួន៥គ្រឿង ត្រូវបាននគរបាលខណ្ឌដូនពេញ ចាប់ឃាត់ទុក កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីក្មេងស្ទាវមួយ ក្រុមបើកបរលើផ្លូវសាធារណៈលាន់ឮសំឡេងខ្លាំងៗរំខានដល់អ្នកដទៃ និងធ្វើឲ្យ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។
មន្រី្តនគរបាលខណ្ឌដូនពេញបានឲ្យដឹងថា ការឃាត់ម៉ូតូទាំង៥គ្រឿងនេះធ្វើឡើងគឺដើម្បីធ្វើការអប់រំណែនាំ និង ផាកពិន័យ ធ្វើកិច្ចសន្យាដល់ប្អូនៗ ដែលបានកែច្នៃម៉ូតូ ខុសលក្ខណៈបច្ចេកទេស បំពង់ស៊ីមាំង ឬដាក់ភ្លើងឡាស៊ែរ បង្កសំឡេងរំខាន ជះពន្លឺចង្កៀងចាំងភ្នែកនាំឲ្យគ្រោះថ្នាក់ចរាចរណ៍និងប៉ះពាល់ដល់ប្រជាពលរដ្ឋ ដោយអនុវត្តតាម ការណែនាំរបស់លោកអភិបាលរាជធានី ។ ដូច្នេះហើយសមត្ថកិច្ច តម្រូវឲ្យពួកគេដាក់គ្រឿងបន្លាស់ម៉ូតូតាមលក្ខណៈបច្ចេកទេសដូចដើមវិញ ទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ៕ ប្រាថ្នា