ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពាក់ស្លាកលេខរដ្ឋ ចតកណ្តាលទ្រូងផ្លូវរដ្ឋ គ្មានជំពាក់អ្នកណាម៉ារៀល

ចែករំលែក៖

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ មានរថយន្ត ម៉ាកPRADO ពណ៌សំបកឪឡឹកមួយគ្រឿងពាក់ស្លាកលេខរដ្ឋ២៥-២.០២ ០២ បានឈប់សំចតជិតដល់កណ្តាលទ្រូងផ្លូវលេខ១០៨ នៅខាងមុខភោជនីយដ្ឋាន(សេវេនប្រាយឃីង) ខាងកើតស្ពាននាគក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ហាក់ដូចគ្មានជំពាក់អ្នកណាម៉ារៀល ដោយមិនខ្វល់ពី ផលលំបាកដល់អ្នកដទៃក្នុងការធ្វើចរាចរណ៍នោះឡើយ ។

ប្រជាពលរដ្ឋរស់នៅម្តុំនោះបានលាន់មាត់ថា ក្រោយពីអាជ្ញាធរខណ្ឌដូនពេញខិតខំ បោសសម្អាតមិនឲ្យមានតាំងរថយន្តលក់លើទ្រូងផ្លូវលេខ១០៨ (ម្ដុំទីលានប្រជាធិបតេយ្យចាស់) រួចរាល់ហើយនោះ ប្រជាពលរដ្ឋបានសម្តែងអំណរសាទរយ៉ាងខ្លាំងចំពោះវិធានការណ៍នេះ។ ប៉ុន្តែអ្វីដែលធ្វើឲ្យប្រជាពលរដ្ឋអ្នកដំណើរហួសចិត្តនិងនាំគ្នារិះគន់យ៉ាងខ្លាំងនោះគឺភោជនីយដ្ឋាន (សេវេនប្រាយឃីង)ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០៨ បាននឹងកំពុងរំលោភយកចំណីផ្លូវមួយនេះទាំងស្រុងតែម្តង ដោយអនុញ្ញាតឲ្យភ្ញៀវដែលចូលហូបអាហារនៅក្នុងហាងរបស់ខ្លួន ឈប់ចតយានយន្តរកេតរកូតនៅកណ្តាលផ្លូវ មិនគិតពីអ្នកណាឡើយ ជាក់ស្តែងដូចរថយន្ត ម៉ាកPRADO ពណ៌សំបកឪឡឹកមួយគ្រឿងពាក់ស្លាកលេខរដ្ឋ២៥-២.០២ ០២ នេះបានឈប់សំចតជិតដល់កណ្តាលទ្រូងផ្លូវទៅហើយ មិនខ្វល់នឹងអ្នកដទៃធ្វើដំណើរឆ្លងកាត់ជួយបឧបសគ្គនោះទេ ។

ប្រជាពលរដ្ឋលើកឡើងថា ភោជនីយដ្ឋានយីហោ “សេវេនប្រាយឃីង” នោះ គឺជារៀងរាល់ថ្ងៃមានភ្ញៀវដែលចូលហាងនេះ ជិះរថយន្តសុទ្ធតែទំនើបៗមកឈប់ចតលើទ្រូងផ្លូវ២ ឬ៣ជួរពេញកណ្តាលផ្លូវតែម្តងហើយត្រូវម្ចាស់ហាបានបញ្ជាឲ្យសន្តិសុខហាង ចាំសម្រួលរថយន្ត និងអនុញ្ញាតឲ្យភ្ញៀវមកឈប់រថយន្តបែបនេះ មិនខ្វល់អាណាស្ទះអី ស្ទះទៅ ឲ្យតេអញរស់។

ប្រជាពលរដ្ឋបានស្នើសុំឲ្យអាជ្ញាធរខណ្ឌដូនពេញ អញ្ជើញទៅមើលហាង(សេវេនប្រាយឃីង) នេះផង តើហាងមួយនេះបានប្រព្រឹត្តអំពើពុំគាប្បីអ្វីខ្លះ? បើដឹងហើយ ឃើញហើយ គួរមានវិ ធានការណ៍ដែរឬទេ ? ៕ ប្រាថ្នា


ចែករំលែក៖