ភ្នំពេញ៖ ជនសង្ស័យម្នាក់ចូលទៅប្លន់ នារីម្នាក់មិនបានសម្រេចត្រូវប្រជាពលរដ្ឋឃាត់ឲ្យកម្លាំងនគរបាល ខណៈដែលអត់មានលុយទិញថ្នាំញៀនជក់។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៤:៣០នាទីរសៀល ថ្ងៃទី៤ ខេតុលា ឆ្នាំ២០១៧ នៅបន្ទប់ជួលភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ ដាង ឈុនណារ៉ាត់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរធើ្វការសំណង់ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិថ្លក់ជ្រៅ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។ ចំណែកឯជនរងគ្រោះឈ្មោះ ហាក់ គឹមភី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិបាក់ស្រីឃុំកូល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុ រូបនាង នៅបន្ទប់ម្នាក់ឯង នៅជាន់ទី៤ ដោយឃើញជនសង្ស័យដើរក្រវែលចុះក្រវែលឡើងពួននៅមាត់ទ្វារ។ បន្ទាប់មក រូបនាងបានទៅបិទទ្វារ ស្រាប់តែជនសង្ស័យខាងលើចូលមកចាប់នាងជិះពីលើហើយចងដៃ ដោយយកខ្យែចងស្បែកជើងមកចងដៃនាងខាងមុខ។ ពេលនោះនាងស្រែក ជនសង្ស័យបានយកកំាបិតចំពុះទង់មកផ្ជង់អារ ក ដោយគំរាមថា នៅឲ្យស្ងៀម កុំស្រែកប្រយ័ត្ន អញអារកសម្លាប់។ ហើយនាងបានសួរថា តើគាត់ចងបានអី ? ជនសង្ស័យឆ្លើយថា ចង់បានអីតិចតួច តែមិនទាន់ឆ្លើយអស់ផង ស្រាប់តែឃើញនារីត្រូវជាប្អូនជីដូនមួយឡើងមកទាន់ ជនសង្ស័យចុះទៅវិញភ្លាមៗផងដែរ។
តាមប្រភពព័ត៌មានពីនារីម្នាក់ត្រូវជាប្អូនជីដូនមួយឈ្មោះ អ៊ឹម គន្ធា អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលជាន់ក្រោមភូមិកើតហេតុខាងលើបាននិយាយថា នៅមុនពេលកើតហេតុរូបគាត់បានលឺសូរសំឡេងបងស្រីជីដូនមួយស្រែកថា ជួយផងចោរចាប់ខ្ញុំ ។
បន្ទាប់មក គាត់បានឡើងទៅមើលតែមិនទាន់ទៅដល់បន្ទប់ផង ក៏ដឹងថា ចោរនៅក្នុងបន្ទប់បងស្រី ហើយនាងបានចុះទៅហៅឲ្យគេមកជួយ ស្រាប់តែឃើញជនសង្ស័យដើរចុះមកដីថែមទាំងនិយាយថា មានអ្នកខ្យល់គរនៅខាងលើ ហើយមកដល់បន្ទប់បងឃើញជនរងគ្រោះជាប់ចំណងចងមកខាងមុខ។ ចំណែកជនសង្ស័យវិញបានចុះ ហើយរត់បានរត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋឃាត់បានភ្លាមៗផងដែរ រួចប្រគល់ឲ្យកម្លាំងនគរបាលយកទៅសាកសួរនៅប៉ុស្ដិ៍ចោមចៅ។
តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើបាននិយាយថា រូបគាត់បានចូលទៅប្លន់នារីខាងលើមែន ដោយមិនមានលុយទិញថ្នាំញៀនជក់។
ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅកសាងសំណុំរឿងបញ្ជូនទៅជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់៕ សុខាសែនជ័យ