ព័ត៌មានទាន់ហេតុការណ៍៖

បានឈើជ្រុងគប់ត្រូវមុខនគរបាលម្នាក់ពេលឃាត់ឲ្យឈប់ត្រួតពិនិត្យ ត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានប្រើអំពើហិង្សាវាយតប់មកលើកម្លាំងសមត្ថកិច្ចបណ្តាលឲ្យមានរបួសស្នាម ហើយត្រូវប៉ូលិសឃាត់ខ្លួន ខណៈដែលនគរបាលបានហៅគាត់ដែលកំពុងដើរឲ្យឈប់ដើម្បីត្រួតពិនិត្យ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក ដួង វណ្ណះ នាយប៉ុស្តិ៍នគរបាលសង្កាត់គោកឃ្លាង បានឲ្យដឹងថា ជនបង្កមានឈ្មោះឡាច សុភស្ស ភេទប្រុស អាយុ២៦ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ត្រូវបានឃាត់ខ្លួនពីបទប្រើអំពើហិង្សាវាយមកលើកងកម្លាំងសមត្ថកិច្ច បណ្តាលឲ្យមានរបួសស្នាម ខណៈដែលគាត់(ជនសង្ស័យ)កំពុងតែធ្វើដំណើរតាមផ្លូវសាធារណៈដោយថ្មើរជើង ហើយដោយមានការសង្ស័យ សមត្ថកិច្ចក៏ បានហៅឲ្យឈប់ដើម្បីត្រូតពិនិត្យ។

ចំណែកលោក ដេត ឧត្តម មន្ត្រីនគរបាលខណ្ឌសែនសុខ បាននិយាយថា គាត់ត្រូវបានជនខាងលើវាយចំមុខ និងគប់ដោយដំបងឈើជ្រុងផង ខណៈដែលលោកកំពុងតែយាមល្បាតក្នុងមូលដ្ឋានបានប្រទះឃើញជននេះគួរឲ្យសង្ស័យថា ជាជនមិនល្អ ដើររំលងអធ្រាត្រដូច្នេះ និងឃាត់ដើម្បីត្រួតពិនិត្យក្រែងមានរក្សាទុកនូវវត្ថុល្មើសច្បាប់ផ្សេង ដូចជាថ្នាំញៀន ឬអាវុធខុសច្បាប់។

ភ្លាមនោះ គាត់និងមិត្តរូមការងារបានចាត់ការឃាត់ខ្លួនជននេះតែម្តងយកទៅប្រគល់ឲ្យមន្ត្រីជំនាញសួរនាំចាត់ការតាមច្បាប់ និងកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្ត៕ តុង សីហា


ចែករំលែក៖