ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ធ្វើ​ខុស​នីតិវិធី​ ,​ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ មោឃភាព​នីតិវិធី​ឃាត់ខ្លួន​ចោល​

ចែករំលែក៖

ភ្នំពេញ​៖ មន្ត្រី​នគរបាល​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ធ្វើ​ខុស​នីតិវិធី​ ក្នុង​ការ​ឃាត់​ខ្លួន​ស្ត្រី​ម្នាក់​ជា​ពាណិជ្ជករ​ ពាក់ព័ន្ធ​ការ​ចេញ​សែក​គ្មាន​សាច់​ប្រាក់​ជាង​៤លាន​ដុល្លារ​អាមេរិក​ ធ្វើ​ឱ្យ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ សម្រេច​មោឃភាព​នីតិវិធី​នៃ​ការ​ឃាត់​ខ្លួន​នេះ​ចោល​វិញ​​ ។

ប្រភព​ព័ត៌មាន​ បញ្ជាក់​ថា​ នៅ​ថ្ងៃទី​៥​ ខែ​តុលា​ ឆ្នាំ​២០១៧​លោកភូ​ ពៅ​ស៊ុន​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ សម្រេច​មោឃៈភាព​នីតិវិធី​នៃ​ការ​ឃាត់​ខ្លួន​និង​កំណត់​ហេតុ​នៃ​ការ​ឃាត់​ខ្លួន​ ស្ត្រី​ឈ្មោះ​ គឹម​ ចាន់​ស្នូរ​ ដែល​ពាក់ព័ន្ធ​ការ​ចេញ​សែក​គ្មាន​សាច់​ប្រាក់​ជាង​៤លាន​ដុល្លារ​អាមេរិក​ ។

ប្រភព​ដដែល​ អះអាង​ថា​ មូលហេតុ​នៃ​ការ​សម្រេច​មោឃភាព​នេះ​ គឺ​ ដោយសារ​តែ​ដើម​បណ្តឹង​ជា​អ្នក​ឃាត់​ខ្លួន​ស្ត្រី​ឈ្មោះ​គឹម​ ចាន់​ស្នូរ​ ប្រគល់​ជូន​សមត្ថកិច្ច​ទាំង​ដែល​ពុំ​មែន​ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​ ឡើយ​ ។​ ទោះបី​យ៉ាងណា​ បច្ចុប្បន្ន​ស្ត្រី​រូប​នេះ​កំពុង​ឃុំ​ក្នុង​ក្នុង​ពន្ធនាគារ​ដដែល​ រង់ចាំ​ចំណាត់​ការ​បន្ត​របស់​លោក​ ពេជ្រ​ វិជ្ជា​ធរ​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ។

គួរ​បញ្ជាក់​ថា​ ស្ត្រី​ជា​ពាណិជ្ជករ​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចេញ​សែក​គ្មាន​ទឹកប្រាក់ ចំនួន​ជាង​៤​លានដុល្លារ​អាមេរិក បាន​ត្រូវ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ​បញ្ជូនមក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៧​ដើម្បី​ចាត់ការ​តាមច្បាប់​។ ក្រោយ​ការ​សាកសួរ​ នៅ​ថ្ងៃទី​០៤​ ខែ​សីហា​ លោក​ពេជ្រ វិជ្ជាធរ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ ។

​ស្ត្រី​រូបនេះ​ឈ្មោះ គឹម ចាន់​ស្នូរ អាយុ​៣១​ឆ្នាំ បាន​ត្រូវ​លោក ឯក សំណាង តំណាង​ក្រុមហ៊ុន​អ៊ែត​វូត នាំមក​ប្រគល់​ឱ្យ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៧​ ដើម្បី​ធ្វើការ​សាកសួរ​ករណី​ចេញ​សែក​ស្អុយ​ចំនួន​ជាង​៤​លាន​ដុល្លារ​អាមេរិក​។​

​ប្រភពពី​សមត្ថកិច្ច បាន​ឱ្យ​​ដឹងថា ស្ត្រី​រូបនេះ​បាន​ទិញ​ដែក​ពី​ក្រុមហ៊ុន​អ៊ែត​វូត​ជា​បន្តបន្ទាប់ មានតម្លៃ​រហូតដល់​ជាង​៤​លាន​ដុល្លារ ហើយ​ពុំបាន​ទូទាត់​សង​តាម​ការកំណត់ ទើប​ខាង​ក្រុមហ៊ុន តម្រូវអោយ​ស្ត្រី​រូបនេះ​ចេញ​សែក​យកទៅ​ទូទាត់​ជំនួស​ប្រាក់​សុទ្ធ​​វិញ​។ ប៉ុន្តែ​ពេល​យក​សែក​ទៅ​បើក​ទើប​ដឹងថា សែក​នេះ​គ្មាន​ទឹកប្រាក់​ទេ​។​

​ប្រភព​ដដែល​បន្តថា ចំពោះ​ការចោទប្រកាន់​របស់​ក្រុមហ៊ុន ស្ត្រី​រូបនេះ​បាន​បដិសេធ ចោល ដោយ​និយាយថា នាង​បាន​ខ្ចីប្រាក់​ក្រុមហ៊ុន​ដើម្បី​យកទៅ​រកស៊ី​ដោយ​ឱ្យ​ការប្រាក់​ក្នុង​មួយ ខែជាង​៥​ម៉ឺន​ដុល្លារ​។ ក្រោយមក​ខាង​ក្រុមហ៊ុន​បាន​តម្រូវ​ឱ្យ​​នាង​ចេញ​សែក​ទុក​ជាការ ធានា​បំណុល​នេះ ទើប​នាង​យល់ព្រម​ចេញ​ឱ្យ​ពោលគឺ​បានន័យថា ពុំមែន​សែក​យកទៅ​សម្រាប់ បើកប្រាក់​ទេ គឺជា​សែក​សម្រាប់​ដាក់​ធានា​ប៉ុណ្ណោះ​៕ ចេស្តា


ចែករំលែក៖