ភ្នំពេញ៖ មនុស្ស១ក្រុមជាកម្មករសំណង់ និងជាសន្តិសុខរោងចក្របាននាំគ្នាព្រួតវាយបុរសម្នាក់វ័យជាង២០ឆ្នាំ រងរបួសយ៉ាងដំណំហើមមុខមាត់ស្ទើរតែស្លាប់ទៅហើយបន្ទាប់ពីពួកគេ សង្ស័យថា ចោរចូលធ្វើសកម្មភាពលួចទ្រព្យសម្បតិ្តក្នុងរោងចក្រហើយមនុស្ស១ក្រុមកំពុងអង្គុយផឹកស៊ីនៅក្បែរកន្លែងកើតហេតុចាប់បាន។ ក្រោយមកពួកគេបានវាយជនសង្ស័យម្នាក់នេះបណ្តាលឲ្យរងរបួសធ្ងន់អ្នក ទាំងនោះជាសន្តិសុខរោងចក្រ និងបុគ្គលិកស្រីជាអ្នកប្រើហិង្សារួចទូរស័ព្ទហៅសមត្ថកិច្ចឲ្យមកទទួលជនសង្ស័យ តែសមត្ថកិច្ចបានបដិសេធមិន ព្រមទទួលនោះទេ ដោយសមត្ថកិច្ចបានអះអាងថា ជនសង្ស័យអាចស្លាប់នាំឲ្យមានរឿងរ៉ាវដល់សមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ នៅចំណុចក្នុងរោងចក្រផលិតនំបុ័ង ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
បុគ្គលិកសន្តិសុខដៃដល់ម្នាកបាននិយាយថា ខ្លួនជាសន្តិសុខយាមរោងចក្រនេះ ហើយមុនពេលកើតហេតុ បានឃើញជនសង្ស័យរូបនេះបានចូលក្នុងបន្ទប់របស់ខ្លួននៅក្នុងរោងចក្រផ្នែកខាងក្រោយ ហើយខ្លួនបានសួរជនសង្ស័យថា ឯងទៅណា? ជនសង្ស័យឆ្លើយថា រកហូបបាយតែគាត់ប្រាប់គ្មានបាយហូបទេ។ បន្ទាប់មកក៏បបួលជនសង្ស័យទៅអង្គុយផឹកជាមួយក្រុមកម្មករស្នាក់នៅរោងក្បែរគ្នានោះហើយ ជនសង្ស័យក៏យលព្រមផឹកទៅជាមួយ។ បានមួយសន្ទុះខ្លួនបានឃើញកាបូបលុយនៅក្នុងហោប៉ៅជនសង្ស័យ ក៏និយាយថាអានេះចោរ តើ! ភ្លាមនោះក៏នាំគ្នាចាប់វាយតែម្តង ហើយក៏ចងស្លាប់សេកមកក្រោយដាក់នៅក្នុងបរិវេណរោងចក្រ ទើបទូរស័ព្ទហៅសមត្ថកិច្ចទៅទទួល។
សន្តិសុខរូបនេះបាននិយាយប្រាប់សមត្ថកិច្ចថា ក្នុងកាបូបខ្លួនមានលុយ១០០ដុល្លារ បាត់ហើយមិនដឹងជនសង្ស័យនេះយកទៅណានោះទេ។ កន្លែងមក ជនសង្ស័យនេះធ្លាប់បានមកលួចម៉ូតូ១គ្រឿងផងដែរ កាលពីខែមុនគឺម៉ូតូសង់ការ៉េ និងសម្ភារផ្សេងៗទៀតក្នុងរោងចក្រនេះ។
ដោយឡែកបុរសម្នាក់ជាសន្តិសុខដែរនោះបាននិយាយថា មុនដំបូងគាត់ស្មានតែគេផឹកស៊ីស្រវឹងហើយទាស់គ្នាឯង។ មិនដឹងថា ចោរនោះទេ។
បន្ទាប់មកសមត្ថកិច្ចនគរបាលប៉ុសិ្តរដ្ឋបាលចោមចៅ ក៏បានមកដល់កន្លែងកើតហេតុហើយមើលស្ថានភាពជនសង្ស័យដូចជារងរបួសធ្ងន់ធ្ងរណាស់ហើយ ហេតុដូច្នេះមិនហ៊ានទទួលយកជនសង្ស័យនេះទេ។សមត្ថកិច្ចថា ទាល់តែភាគីដើម បណ្តឹងនាំយកជនសង្ស័យទៅពេទ្យព្យាបាលរងបួសសិន ហើយក្រោយមកចង់ប្តឹងយ៉ាងម៉េចក៏បាន សមត្ថកិច្ចចាំទទួល។
សមត្ថកិច្ចបានពន្យលថា បើសិនជនសង្ស័យស្លាប់នៅស្នាក់ការប៉ុសិ្តវិញ ពិតជាប្រឈមមុខបញ្ហាជាមួយខាងសិទិ្ធមនុស្សគេប្តឹងសមត្ថកិច្ច។ សមត្ថកិច្ចពន្យល់ថា គ្រាន់តែចោរលួចមិនត្រូវប្រើហឹង្សាធ្ងន់ធ្ងរពេកនោះទេ អាចចាប់ខ្លួនហើយប្រគល់ឲ្យសមត្ថកិច្ចអនុវត្តតាមច្បាប់ អាចជាការអប់រំ តែបើធ្ងន់ធ្ងរអាចបញ្ជូនទៅកាន់តុលាការ។
សមត្ថកិ្ចបញ្ជាក់បន្ថែមថា នៅពេលដែលសមត្ថកិច្ចសួររកអ្នកណាជាដើមបណ្តឹង ស្រាប់បុរសសន្តិសុខនោះថាខ្លួនជាអ្នកប្តឹង ជាជនរងគ្រោះ។ តែក្រោយមកថា អត់ប្តឹងទៅវិញទេ នេះជាបញ្ហា៕ តាឡឹម