ព័ត៌មានទាន់ហេតុការណ៍៖

ចោរលួចកាលីបលើ! ជិះរថយន្តដើរលួចតាមបុរីជ្រុះនាមប័ណ្ណត្រូវសមត្ថកិច្ចតាមក្របួចជាប់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ជាក្រុមចោរជិះរត់យន្តលួចតាមផ្ទះត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃចាប់ខ្លួនបានកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីបានធ្វើការស្រាវជ្រាវ ច្រើនថ្ងៃគ្រាដែលពួកគេភ្លាត់ស្នៀតបន្សល់ទុកនាមប័ណ្ណ១សន្លឹកនៅកន្លែងធ្វើសកម្មភាព។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ គង់ មាន ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅមិនពិតប្រាកដ មុខរបរមិនពិតប្រាកដ ។

ប្រភពដដែលបានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ មានចោរមួយក្រុមជិះរថយន្ត១គ្រឿង ពណ៌ស គ្មានពាក់ស្លាកលេខ បានទៅធ្វើសកម្មភាពឡើងចូលលួចយកលុយនៅផ្ទះលេខJL០១ ផ្លូវចំប៉ី ភូមិបុរីអ័រគីដេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ នៅពេលកំពុងធ្វើសកម្មភាពនោះក៏ត្រូវបានសន្តិសុខយាមបុរីឃើញទាន់ហើយនាំគ្នាដេញ ធ្វើឲ្យក្រុមជនសង្ស័យភ័យរត់ចោលរថយន្ត ដែលក្នុងរថយន្តនោះមានបន្សល់ទុកនាមប័ណ្ណ មួយសន្លឹកផង។ នាមប័ណ្ណមួយសន្លឹកនេះជាតម្រុយធ្វើឲ្យសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់នេះតែម្តង ។

ប្រភពដដែលបន្តថា នៅពេលចាប់ខ្លួនបានជនសង្ស័យឈ្មោះ គង់ មាន បានសារភាពថា ខ្លួនពិតជាក្រុមចោរជិះរថយន្តដើរលួចតាមផ្ទះប្រជាពលរដ្ឋមែន ក្នុងនោះមានបក្ខពួក២នាក់និងធ្លាប់បានលួចចំនួន៣លើកមកហើយ ហើយលួចតែក្នុងបុរីដដែលនោះឯង ។

ក្រោយពីចាប់ខ្លួន និងទទួលបានចម្លើយជាក់លាក់ពីជនសង្ស័យឈ្មោះ គង់ មាន រួចមក សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងភស្តុតាងទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់ ៕ ប្រាថ្នា


ចែករំលែក៖