ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំត្រីមាសទី៣ នៅល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធបង្កើនការជំរុញការផ្សព្វផ្សយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការបង្ការកុំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍កើនឡើងតទៅទៀតជាពិសេស ក្រុមការងារចុះមូលដ្ឋាន ធ្វើយ៉ាងណាបញ្ជ្រាបបញ្ហាចរាចរណ៍នេះដល់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែច្រើនឡើងបន្ថែមទៀត នៅពេលដែលចុះជួបប្រជាពលរដ្ឋ។
សម្តេចក្រឡាហោម ស ខេង ក៏បានធ្វើការណែនាំឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាខិតខំប្រឹងប្រែងរិះរកមធ្យោបាយក្នុងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងចំពោះអ្នកជិះម៉ូតូផងដែរ ខណៈដែលចំនួនអ្នកគ្រោះថ្នាក់ចរាចរណ៍ដោយសារការជិះម៉ូតូនេះ មានចំនួនច្រើនគួរឲ្យកត់សម្គាល់នោះ។
បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកវិញ បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ក្នុងត្រីមាសទី៣ ឆ្នាំ២០១៧ កន្លងទៅនេះ កើតឡើងមានចំនួន៨២៤លើក បណ្តាលឲ្យមនុស្សចំនួន ៤២៦នាក់បានស្លាប់ និងរបួសចំនួន១.២១៦នាក់។
ជាការកត់សម្គាល់បណ្តារាជធានី-ខេត្ត ដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ រួមមាន៖ រាជធានីភ្នំពេញ, ខេត្តកណ្តាល និងខេត្តកំពង់ធំ ហើយ ជនរងគ្រោះជាមធ្យមក្នុងមួយថ្ងៃស្លាប់ជាង៤នាក់ ។ មូលហេតុគ្រោះថ្នាក់ចរាចរណ៍ទាំងនោះ គឺបណ្តាលមកពីកត្តាល្បឿន៣៦ភាគរយ, មិនគោរពសិទ្ធិ ១៧ភាគរយ និងមិនប្រកាន់ស្តាំ ១៥ភាគរយ ៕ ប្រាថ្នា