ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមន្រ្តីយោធាម្នាក់សង្ស័យស្រវឹងស្រា ខណៈដែលកំពុងធ្វើដំណើរស្រប ទិសគ្នាជាមួយរថយន្តកូរ៉េ១គ្រឿងសុខៗ ស្រាប់តែបន្ថែមល្បឿនជ្រែចុះឡើង រួចបានឈប់ស្ទាក់ពីមុខរថយន្ត និងចុះពីលើម៉ូតូស្ទុះ ទៅវាយលើយុវជនម្នាក់ដែលជាអ្នកបើកបររថយន្តកូរ៉េនោះដោយគ្មានមូលហេតុ។ជាមួយនេះដែរបុរសនោះបម្រុងរុញអ្នកបើកបររថយន្តបញ្ចូលឲ្យរថយន្តកុងតឺន័របុកទៀត ប៉ុន្តែបានអ្នកជិតខាងនាំគ្នាជួយឃាត់ទើបយោធាម្នាក់នោះឈប់ធ្វើសកម្មភាព បន្ទាប់មកនគរបាលបានចុះអន្តរាគមន៏ និងឃាត់ខ្លួនប្រគល់ជូនទៅ កងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យចាត់ការតែម្ដង។
ហេតុការណ៏នោះបានកើតឡើង កាលពីវេលាម៉ោង៦និង ២០នាទីល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ នៅតាមផ្លូវបេតុងភូមិថ្នល់ បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ សុខ លាង អាយុ២១ឆ្នាំ មុខរបរបើកបររថយន្តដឹកកម្មករ ស្នាក់នៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ។ដោយឡែកមន្រ្តីយោធាដែលបានវាយទៅលើជនរងគ្រោះនោះឈ្មោះកែវ វិបុល ភេទប្រុស អាយុ ប្រហែល៣០ឆ្នាំ មានឋានន្តរសក្ដិ អនុសេនីយ៍ទោ អត្តលេខ១៤៤៦២៦ ។
តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុមន្រ្តីយោធារូបនោះ បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាស្គូពីស៊េរីឆ្នាំ២០១៧ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GQ-5054 ក្នុងទិសដៅពីកើតទៅលិច ស្របទិសគ្នាជាមួយរថយន្តកូរ៉េ១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ 2S-0120 ដែលបើកបរដោយយុវជនរងគ្រោះខាងលើ។ ខណៈនោះមិនដឹងថាមន្រ្តីយោធានោះខឹងនឹង ជនរងគ្រោះរឿងអ្វីនោះទេ ស្រាប់តែជិះម៉ូតូជ្រែរថយន្តចុះឡើងៗ រួចបានទៅឈប់កាក់ពីមុខរថយន្ត និងបានរករឿងព្រមទាំងវាយទៅលើ យុវជនអ្នកបើកបររថយន្តចំនួន៤ដៃតែម្ដង មិនតែប៉ុណ្ណោះបានបម្រុងរុញជនរងគ្រោះឲ្យចូលទៅក្នុងរថយន្តកុងតឺន័រថែមទៀត ប៉ុន្តែបានអ្នកជិតខាងជួយឃាត់ទាន់។
ប្រភពដដែលបានបន្តទៀតថា ពេលនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំង ហើយក្រោយពេលមានហេតុការបែបនេះ កម្លាំងនគរ បាលប៉ុស្ដិ៍ចោមចៅបានចុះទៅអន្តរាគមន៍ឃាត់ខ្លួនជនដៃលដល់ នាំទៅប្រគល់ជូនកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលការ ចាត់ការតាមច្បាប់៕ ប្រាថ្នា