ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូមកពីក្រោយគេចមិនទាន់បានបុករថយន្ត ជនជាតិចិនដែលបើករថយន្តបត់ត្រឡប់ក្រោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យដួលប៉ើងខ្ទាតទៅក្បែរគំនរសំរាមនៅលើខឿនតាមចិញ្ចើមផ្លូវ តែរងរបួសស្រាល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចខាងមុខភោជនីយដ្ឋានសេវេនប្រាយ តាមបណ្តោយផ្លូវលេខ៣១៥ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញឪពុក និងកូនប្រុសស្រីពីរនាក់ជាជនជាតិចិនបាន បើកបររថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២H-៩៨៩៧ ធ្វើដំណើរពីស្តុបផ្សារមាន់អាំងតាមបណ្តោយផ្លូវលេខ៣១៥ ឆ្ពោះទៅស្តុបត្រឡោកបែក ។ លុះមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងត្រឡប់ក្រោយដោយខ្វះការប្រុងប្រយ័ត្ន ធ្វើឲ្យមានយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AD-០៩៣០ ក្នុងល្បឿនលឿនក៏ជ្រុលទៅបុក រថយន្ត បណ្តាលឲ្យម៉ូតូដួលខ្ទាតទៅក្បែរគំនរសំរាមនៅលើខឿនផ្លូវរងការខូចខាតបន្តិចបន្តួច តែសំណាងល្អអ្នកបើកបររងរបួសស្រាល ចំណែកឯរថយន្តរងការខូចខាតបន្តិចបន្តួច ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ហើយបានឲ្យភាគីទាំងពីរ ដោះស្រាយគ្នាតាមសម្រួលនិង ដោយភាគីខាងរថយន្តមិនចង់មានរឿងវែងឆ្ងាយក៏ព្រមចេញសំណងចំនួន៣០ដុល្លារឲ្យទៅអ្នកជិះម៉ូតូដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង៕ ប្រាថ្នា