ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូទៅលេងផ្ទះប្អូន លុះត្រឡប់មកវិញ ខណៈមកដល់ពាក់កណ្តាលផ្លូវ ក៏ត្រូវក្រុមចោរប្រដាប់អាវុធ(ដាវ)ប្លន់ម៉ូតូZOOMRE Xបានដោយសុវត្ថិភាព។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី២០ខែតុលា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវបេតុង ៣០ម៉ែត ភូមិព្រៃល្ងរ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ ឈិន ប៊ុនណារិទ្ធ ភេទប្រុស អាយុ៣៣មុខរបរជាងដែក រស់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ម៉ូតូដែលជនសង្ស័យប្លន់យកម៉ាកZOOMRE-Xពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1DO-7764 ។
នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅលេងផ្ទះប្អូននៅភូមិទួលពង្រដើម្បីនិយាយកិច្ចការងារ ហើយក៏បានត្រឡប់មកផ្ទះវិញ។លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន៤នាក់ជិះម៉ូតូចំនួន២គ្រឿងមកកៀរ ហើយបំបុកម៉ូតូជនរងគ្រោះឲ្យចុះពីលើម៉ូតូ ដោយមានដាវចំនួន២ដើម ស្រែកគំរាមថា ហែងចង់ងាប់ ឬចង់រស់ ពេលនោះជនរងគ្រោះភ័យហើយចុះពីលើម៉ូតូរត់ចោលម៉ូតូ បន្ទាប់មកជនសង្ស័យទាំងនោះបានលើកម៉ូតូជិះទៅបាត់ដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុ ជនរងគ្រោះទៅផ្ទះទៅយកកាតគ្រីម៉ូតូនាំប្រពន្ធទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅដើម្បីឲ្យជួយស្រាវជ្រាវរកមុខសញ្ញាខាងលើមកផ្ដន្ទាទោសតាមច្បាប់៕ សុខសែនជ័យ