ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកណ្តាលឃាត់ខ្លួនមនុស្ស៤នាក់ ខណៈចុះបង្ក្រាបករណីជួញដូរឈើគ្រញូងខុសច្បាប់

ចែករំលែក៖

ខេត្តកណ្ដាលៈ ឈើគ្រញូងប្រមាណជា២ម៉ែត្រគូប ត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល សហការជាមួយនគរបាលផ្នែកយុត្ដិធម៌ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងនគរបាលប៉ុស្ដិ៍រដ្ឋបាលតាក្ដុល ចុះបង្រ្កាបទីតាំងជួញដូរឈើគ្រញូងដោយខុសច្បាប់មួយកន្លែង ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ហួត ស៊ីថារ៉ា ភេទប្រុស អាយុ៤៨ឆ្នាំ ស្ថិតក្នុងភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីវេលាម៉ោង១៧និង១០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល និងមានការសម្របសម្រួលពីលោក ទិន សុចិត្ត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាលផងដែរ។

មន្រ្ដីការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលបានឲ្យដឹងថា ប្រតិបត្ដិការបង្រ្កាបទីតាំងជួញដូរឈើគ្រញូងដោយខុសច្បាប់ខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៤នាក់ និងដកហូតវត្ថុតាងដូចជា៖ ឈើគ្រញូងមួយចំនួន ,រថយន្តចំនួន២គ្រឿង ,ម៉ូតូចំនួន២គ្រឿង , ស្លាកលេខរថយន្តចំនួន២ និងម៉ាស៊ីនផ្ទុកទិន្ន័យកាមេរ៉ាសុវត្ថិភាព១គ្រឿងផងដែរ ។

ប្រភពដដែលបន្ដថា ដោយមានការសង្ស័យ សមត្ថកិច្ចបានស្រាវជ្រាវស៊ើបអង្កេតផ្ទះរបស់ជនសង្ស័យឈ្មោះ ហួត ស៊ីថារ៉ា ភេទប្រុស អាយុ៤៨ឆ្នាំ ទីលំនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅឃើញថា មានករណីជួញដូរឈើគ្រញូងដោយខុសច្បាប់ ភ្លាមនោះលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាលបានបញ្ជាដោយផ្ទាល់ និងមានការសម្របសម្រួលពីលោក ទិន សុចិត្ត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ដល់មន្រ្ដីក្រោមឱវាទ ចុះបង្រ្កាបឆែកឆេររហូតរកឃើញវត្ថុតាងខាងលើ ឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់រួមទាំងវត្ថុតាងខាងលើយកមកស្នងការដ្ឋាននគរបាលខេត្ដ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

បើតាមការបញ្ជាក់ពីលោកលី សុជាតិ នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល បានឲ្យដឹងថាក្នុងការចុះបង្ក្រាបករណី

ជួញដូរឈើគ្រញូងខាងលើរួចមកកម្លាំងនរបាលជំនាញបានកសាងសំណុំរឿងវត្ថុតាងរួមនឹងឈើគ្រញូងចំនួន2378ដុំ ស្មើ1,829ម៉ែត្រគូប ដើម្បីប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្តតាមនិតិវិធីច្បាប់៕ ស្អាងជ័យ


ចែករំលែក៖