ខេត្តកណ្ដាលៈ ផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះអស់ជញ្ជាំងមួយចំហៀង ដោយសង្ស័យថា កណីនេះគឺមានជនរណាម្នាក់ធ្វើសកម្មភាពលួចដុត ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិថ្មី ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យភ្នាក់ងារយកព័ត៌មាននគរវត្តដឹងថា ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ក្រៅ ស្រ៊ី ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មី ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ។ ចំណែកឯផ្ទះមួយខ្នងរងការខូចខាតសង់អំពីឈើ ប្រក់ស័ង្គសី ជញ្ជាំងស្លឹក បណ្ដោយ៧ម៉ែត្រ គុណទទឹង៦ម៉ែត្រ ខូចខាតជញ្ជាំងស្លឹកមួយជំហៀង ។
ក្នុងហេតុការណ៍នេះផងដែរធ្វើឲ្យបាត់បង់ទ្រព្យសម្បត្ដិមួយចំនួនដូចជា ៖ សៀវភៅស្នាក់នៅ ,ឆេះអត្តសញ្ញាណប័ណ្ណ ,ឆេះលិខិតសំគាល់ទោចក្រយានយន្ត , ប្រាក់រៀលចំនួន៣លានរៀល និងឆេះសំភារ:ប្រើប្រាស់មួយចំនួនទៀតផងដែរ ។
ប្រភពដដែលបន្ដឲ្យនគរវត្តដឹងថា ក្រោយពីសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលលើកដែកទទួលបានព័ត៌មានថា មានអគ្គីភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង ស្ថិតក្នុងភូមិថ្មី ភ្លាមនោះកម្លាំងនគរបាលប៉ុស្ដិ៍រួមជាមួយប្រជាពលរដ្ឋជិតខាងបានចុះទៅជួយអន្ដរាគមន៍ពន្លត់បានទាន់ពេល ដោយខូចខាតជញ្ជាំងមួយចំហៀងប៉ុណ្ណោះ មិនបង្កឲ្យមានការប៉ះពាល់ដល់ផ្ទះរបស់ប្រជាពលរដ្ឋជិខាងឡើយ ។
ប្រភពអះអាងថា តាមការបំភ្លឺរបស់ម្ចាស់ផ្ទះឈ្មោះ ក្រៅ ស្រ៊ី បានឲ្យដឹងថា ករណីភ្លើងឆេះនេះគឺសង្ស័យថា មានអ្នកលួចដុត ព្រោះទីតាំងដែលឆេះនោះមិននៅជាប់និងចង្រ្កានបាយទេ ហើយម្យ៉ាងទៀតក្នុងផ្ទះក៏មិនប្រើប្រាស់ភ្លើងអគ្គិសនីដែរ ។ ចំពោះករណីខាងលើនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវស៊ើបអង្កេតដើម្បីចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ