ព័ត៌មានទាន់ហេតុការណ៍៖

ជិះកង់ឆ្លងថ្នល់ត្រូវរថយន្តបុករងរបួសធ្ងន់ សង្ឃឹមរស់តិច

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសជាជាងជួសជុលរថយន្តម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ សង្ឃឹមរស់តិច(បែកក្បាល និងបាក់ជើងម្ខាង) ខណៈជិះកង់ឆ្លងថ្នល់ត្រូវរថយន្ត ១គ្រឿងបើកល្បឿនលឿនដូចហោះមកបុកពេញទំហឹងកាលពីវេលាម៉ោង៤ និង៥៥នាទីរសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១២ លេខ២១៣ ស្ថិតក្នុងភូមិដើមច្រេស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីលោក អធិការរងទទួលផែនសេនាធិការ និងប៉ុស្តិ៍រដ្ឋបាលបានឲ្យអ្នកយកព័ត៌មាននគរវត្តដឹងថា ជនរងគ្រោះឈ្មោះ សឿន សេន ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ មុខរបរជាងជួសជុលរថយន្ត បានរងរបួសបែកក្បាល និងបាក់ជើងម្ខាងស្ដាំ(ធ្ងន់) ។

សាក្សីឃើញហេតុការណ៍បានប្រាប់នគរវត្តថា មុនដំបូងជនរងគ្រោះជិះកង់ ឆ្លងថ្នល់ពីត្បូងទៅជើង ស្រាប់តែមានរថយន្ត ១គ្រឿង ម៉ាក ហ្វត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK 4218 ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតទៅទិសលិចបុកពេញទំហឹង ហើយជនរងគ្រោះរងរបួសជាទម្ងន់។ អ្នកបើកបររថយន្តឃើញហេតុការណ៍នេះ ក៍បានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់។

ជនរងគ្រោះត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។ ចំណែកវត្ថុតាងកង់ និងរថយន្ត ត្រូវសមត្ថកិច្ចយកទៅរក្សាទុកជាបណ្ណោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ ៕ ប៉ឹម ពិន


ចែករំលែក៖