ខេត្តកណ្ដាលៈ យុវជន២ក្នុងចំណោមបក្ខពួក៥នាក់ ត្រូវបាននគរបាលស្រុកខ្សាច់កណ្ដាលធ្វើការចាប់ខ្លួន បន្ទាប់ពីជនសង្ស័យទាំង២នាក់រួមទាំងបក្ខពួក៣នាក់ទៀតបាននាំគ្នាប្រើប្រាស់គ្រឿងញៀន រួចធ្វើសកម្មភាពចាប់នារីម្នាក់រំលោភរហូតបានសម្រេច ។ ករណីចាប់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងនៅវេលាម៉ោង១៧និង១០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យនគរវត្តដឹងថា ជនសង្ស័យចាប់ខ្លួនបាន២នាក់ ទី១-ឈ្មោះ ឡូ សិលា ហៅពៅ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ និងទី២-ឈ្មោះ ថុន ឈុនលី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើករថយន្តដឹកគ្រឿងសំណង់ ។ ជនសង្ស័យទាំង២នាក់ខាងលើនេះមានទីលំនៅភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រីជនសង្ស័យ៣នាក់ទៀតដែលរត់គេចខ្លួន ទី១-ឈ្មោះ សេង នៅ ហៅ ណាក់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទី២-ឈ្មោះ ព្រិល ម៉ូ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ និងទី៣-ឈ្មោះ ទូច រត្ន័ ហៅ វៃ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។ ជនសង្ស័យទាំង៣នាក់មានទីលំនៅភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ចំណែកឯនារីរងគ្រោះមានឈ្មោះ ខ.ត ភេទស្រី អាយុ១៩ឆ្នាំ ។
ប្រភពដដែលបន្ដថា អស់រយៈពេលជាយូរមកហើយជនរងគ្រោះនិងជនសង្ស័យឈ្មោះ សេង នៅ ហៅណាក់ បានស្គាល់គ្នាតាមរយៈទូរស័ព្ទ រហូតបានក្លាយសង្សារនិងគ្នា លុះមកដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ជនសង្ស័យឈ្មោះ សេង នៅ ហៅណាក់ និងជនសង្ស័យម្នាក់ទៀតឈ្មោះ ឡូ សិលា ហៅ ពៅ បានជិះម៉ូតូទៅឌុបនារីរងគ្រោះនៅម្តុំស្ថានីប្រេងឥន្ធនៈតេលា ស្ទឹងមានជ័យ រាជធានីភ្នំពេញ យកមកដាក់នៅផ្ទះមួយកន្លែងដែលគ្មានមនុស្សរស់នៅនោះទេ ស្ថិតក្នុងភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល បន្ទាប់មកជនសង្ស័យទាំង ២នាក់ រួមទាំងបក្ខពួក៣នាក់ទៀតនិងនារីរងគ្រោះ នាំគ្នាប្រើប្រាស់គ្រឿងញៀន លុះប្រើប្រាស់គ្រឿងញៀនរួចហើយជនសង្ស័យឈ្មោះ សេង នៅ ហៅណាក់ បានចាប់ផ្តើមរំលោភសេពសន្ថវៈទៅលើនារីរងគ្រោះបានសម្រេចហើយ រួចក៏ឲ្យគ្នីគ្នារបស់ខ្លួន៤នាក់ទៀតចាប់ផ្ដើមរំលោភបន្ដបន្ទាប់គ្នា រហូតបានសម្រេច ។
ប្រភពដដែលបានបន្ដទៀតថា ដោយមិនអស់ចិត្ដនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ក្រុមជនសង្ស័យទាំង៥នាក់បាននាំគ្នាណាត់នារីរងគ្រោះឲ្យមកកន្លែងចាស់ដដែល រួចបាននាំគ្នាប្រើប្រាស់គ្រឿងញៀន ហើយក៏បាននាំគ្នាធ្វើសកម្មភាពរំលោភបន្ដបន្ទាប់គ្នាបានសម្រេចដូចរាល់ដង លុះរហូតមកដល់វេលាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នារីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកតាកូវដើម្បីជួយអន្ដរាគមន៍ចាប់ខ្លួនជនសង្ស័យទាំង៥នាក់មកចាប់ការតាមច្បាប់ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលពាក្យបណ្ដឹងរូចមក សមត្ថកិច្ចបានធ្វើការស្រាវជ្រាវស៊ើបអង្កេតរហូតចាប់ខ្លួនជនសង្ស័យបាន២នាក់ ឈ្មោះ ឡូ សិលា ហៅពៅ និងឈ្មោះ ថុន ឈុនលី យកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកតាកូវដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ចំពោះជនសង្ស័យ៣នាក់ទៀតដែលរត់គេចខ្លួនត្រូវបានសមត្ថកិច្ចនគរបាលកំពុងធ្វើការស្រាវជ្រាវចាប់ខ្លួនចាត់ការបន្ដទៀត ៕ ស្អាងជ័យ