ខេត្តកណ្ដាល៖ មន្ត្រីជាន់ខ្ពស់ធនាគារសហពាណិជ្ជ (UCB) ពីរនាក់ សាខាស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ពាក់ព័ន្ធករណីសមគំនិតក្នុងអំពើឆបោក ត្រូវបានលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល កាលពីល្ងាចថ្ងៃទី០១ ខែវិច្ឆិកា អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ដោយសាររកពុំទាន់ឃើញបទល្មើស ។
ប្រភពព័ត៌មានច្បាស់ការណ៍មួយបង្ហើបឱ្យដឹងថា ទោះបីមនុស្សទាំងពីរនាក់នេះ ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញក៏ដោយ តែតុលាការនៅបន្តនីតិវិធីដដែល ។
មនុស្សទាំងពីរនាក់ឈ្មោះ គៀត វុធី ភេទប្រុស ជាប្រធានសាខាធនាគារ និងឈ្មោះ អេង ផុន ភេទប្រុស ជាប្រធានផ្នែកទីផ្សារ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា តាមដីកាបង្គាប់បញ្ជាឱ្យចូលខ្លួនរបស់លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ដើម្បីសាកសួរពីដំណើររឿង “សមគំនិតក្នុងអំពើឆបោក” ប្រព្រឹត្តកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
ប្រភពព័ត៌មាន បញ្ជាក់ថា មន្ត្រីជាន់ខ្ពស់ទាំងពីរនាក់នេះ គឺ ពាក់ព័ន្ធនឹងករណីសមគំនិតក្នុងអំពើឆបោក ដោយឃុបឃិតជាមួយនឹងក្រុមហ៊ុនវិនិយោគ EBC ក្នុងការផ្តល់ប្រាក់កម្ចីចំនួន៥ម៉ឺនដុល្លារ ក្នុងអ្នកខ្ចីម្នាក់ៗដូចៗគ្នាទាំងអស់ទោះវត្ថុធានាតូចក្តី ឬធំក្តី ដោយមិនបានសិក្សាពីប្រាក់ចំណូលរបស់អ្នកខ្ចី ថាអាចមានលទ្ធភាពបង់ប្រាក់សងវិញឬយ៉ាងណាឡើយ។ មុននឹងផ្តល់ប្រាក់កម្ចីមន្ត្រីធនាគារបានប្រាក់ថា ការផ្តល់ប្រាក់កម្ចីនេះ អាចយកទៅវិនិយោគបានជាមួយក្រុមហ៊ុនវិនិយោគ EBC តែប៉ុណ្ណោះ ដែលខ្ចីយកទៅរកស៊ីផ្សេង គឺមិនបានទទួលប្រាក់កម្ចីពីធនាគារឡើយ៕ចេស្តា