ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រី​ជាន់ខ្ពស់​ធនាគារ​សហ​ពាណិជ្ជ​ ឆបោក​ប្រាក់​ពលរដ្ឋ​ច្រើន​នាក់សហការ​ជាមួយ​ក្រុមហ៊ុន​ EBC​ ត្រូវ​តុលាការ​ខេត្ត​កណ្ដាល​ ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​

ចែករំលែក៖

ខេត្តកណ្ដាល​៖​ មន្ត្រី​ជាន់ខ្ពស់​ធនាគារ​សហ​ពាណិជ្ជ​ (UCB) ពីរ​នាក់​ សាខា​ស្រុក​ខ្សាច់កណ្ដាល​ ខេត្ត​កណ្ដាល​ ពាក់ព័ន្ធ​ករណី​សមគំនិត​ក្នុង​អំពើ​ឆបោក​ ត្រូវ​បាន​លោក​ ទិន​ សុចិត្រា​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ កាលពី​ល្ងាច​ថ្ងៃ​ទី​០១​ ខែ​វិច្ឆិកា​ អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ដោយ​សារ​រក​ពុំ​ទាន់​ឃើញ​បទល្មើស​ ។

ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​មួយ​បង្ហើប​ឱ្យ​ដឹង​ថា​ ទោះបី​មនុស្ស​ទាំង​ពីរ​នាក់​នេះ​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក៏ដោយ​ តែ​តុលាការ​នៅ​បន្ត​នីតិវិធី​ដដែល​ ។

មនុស្ស​ទាំង​ពីរ​នាក់​ឈ្មោះ​ គៀត វុធី ភេទប្រុស​ ជាប្រធានសាខាធនាគារ និងឈ្មោះ អេង ផុន ភេទប្រុស ជាប្រធានផ្នែកទីផ្សារ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​ ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​០១​ ខែ​វិច្ឆិកា​ តាម​ដីកា​បង្គាប់​បញ្ជា​ឱ្យ​ចូល​ខ្លួន​របស់​លោក​ ទិន​ សុចិត្រា​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​ “សមគំនិត​ក្នុង​អំពើ​ឆបោក​”​ ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូមិ​វិហារសួគ៌​ជើង​ ឃុំ​វិហារសួគ៌​ ស្រុក​ខ្សាច់កណ្ដាល​ ខេត្ត​កណ្ដាល​ ។​

ប្រភព​ព័ត៌មាន​ បញ្ជាក់​ថា​ មន្ត្រី​ជាន់ខ្ពស់​ទាំង​ពីរ​នាក់​នេះ​ គឺ​ ពាក់ព័ន្ធនឹងករណីសមគំនិតក្នុងអំពើឆបោក ដោយឃុបឃិតជាមួយនឹងក្រុមហ៊ុនវិនិយោគ EBC ក្នុងការផ្តល់ប្រាក់កម្ចីចំនួន៥ម៉ឺនដុល្លារ ក្នុងអ្នកខ្ចីម្នាក់ៗដូចៗគ្នាទាំងអស់ទោះវត្ថុធានាតូចក្តី ឬធំក្តី ដោយមិនបានសិក្សាពីប្រាក់ចំណូលរបស់អ្នកខ្ចី ថាអាចមានលទ្ធភាពបង់ប្រាក់សងវិញឬយ៉ាងណាឡើយ។ ​ មុននឹងផ្តល់ប្រាក់កម្ចីមន្ត្រីធនាគារបានប្រាក់ថា ការផ្តល់ប្រាក់កម្ចីនេះ អាចយកទៅវិនិយោគបានជាមួយក្រុមហ៊ុនវិនិយោគ EBC តែប៉ុណ្ណោះ ដែលខ្ចីយកទៅរកស៊ីផ្សេង គឺមិនបានទទួលប្រាក់កម្ចីពីធនាគារឡើយ៕ចេស្តា


ចែករំលែក៖