ព័ត៌មានទាន់ហេតុការណ៍៖

បើកបរល្បឿនលឿនធ្លាក់ផ្លូវបុកដើមប្រេងខ្យល់បាក់កស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ បុរសម្នាក់បានស្លាប់បាក់កភ្លាមៗ ចំណែក២នាក់ទៀតរងរបួសធ្ងន់ ខណៈដែលបើកបរម៉ូតូ ប្រើប្រាស់ល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នរេចង្កូតធ្លាក់ផ្លូវបុកដើមប្រេងខ្យល់ពេញទំហឹង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១០យប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅលើផ្លូវ៣១៧ ស្ថិតនៅភូមិព្រៃធ្នង់ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលបានប្រាប់ភ្នាក់ងារសារព័ត៌មាននគរវត្តឲ្យដឹងថា បុរសដែលស្លាប់ឈ្មោះ ធុច ឆៃ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងសំណង់ ។ អ្នករងរបួសធ្ងន់ឈ្មោះ វង្ស រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិក និងឈ្មោះ វី អាយុ ១៩ឆ្នាំ មុខរបរកសិករ អ្នកទាំង៣មានទីលំនៅភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ស្លាកលេខ ក្រចេះ 1C 2337 ខូចខាតយ៉ាងដំណំ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ មានយុវជន៣នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ធ្វើដំណើរលើផ្លូវ៣១៧ ផ្លូវក្រាលកៅស៊ូ ក្នុងល្បឿនលឿន ស្រាប់តែរេចង្កូតធ្លាក់ផ្លូវទៅបុកនឹងដើមប្រេងខ្យល់ ពេញទំហឹងលាន់ដូចរន្ទះបណ្ដាលឲ្យសន្លប់ និងបាក់កស្លាប់ភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះពិនិត្យនិងយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងអូសយកម៉ូតូមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំរមាំងថ្កោល។

សាកសពជនរងគ្រោះត្រូវសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យបងប្អូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ យឹម សុថាន


ចែករំលែក៖