ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់អនាម័យ បរិស្ថាន ជាពិសេសបានអប់រំណែនាំ មិនអនុញ្ញាតឲ្យមានការលក់ដូរទីតាំងសំខាន់ៗមួយចំនួន

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងបរិស្ថានអនាម័យល្អ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងរយៈពេល ០៣ថ្ងៃនេះ រដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានសហការ ដឹកនាំ និងបញ្ជា កម្លាំងពាក់ព័ន្ធក្រោមឱវាទ ចុះរៀបចំសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន ជាពិសេសបានអប់រំណែនាំ មិនអនុញ្ញាតឲ្យមានការលក់ដូរ នៅតាមទីតាំងសំខាន់ៗមួយចំនួន ជាពិសេសនៅគោលដៅខាងមុខព្រះបរមរាជវាំង ។

ក្នុងនោះកម្លាំងបានអប់រំណែនាំមិនអនុញ្ញាតឲ្យលក់ដូរគ្រឿងស្រវឹង បោះតូប ស្តង់ ការលក់សំលៀកបំពាក់ ដែលបង្កឲ្យបាត់បង់សោភ័ណភាពព្រះរាជពិធីបុណ្យ និងសម្រេចប្រមូលកំប៉ុងហ្គាសតូចបានសរុបចំនួន ១២៩កំប៉ុង និងចង្រ្កានហ្គាស០១ ប្រគល់ជូនកម្លាំងបញ្ជាការស្រាលអគ្គីភ័យរាជធានីភ្នំពេញ ព្រមទាំងហាមជាដាច់ខាតការលក់ដូរលើសួនច្បារសាធារណៈ ដោយរក្សាទុកផ្លូវថ្មើជើងសម្រាប់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ អញ្ជើញចូលរួមទស្សនាព្រះរាជពិធីបុណ្យនេះផងដែរ ។

គួរបញ្ជាក់ថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ទីតាំងសមស្របដល់អាជីវករ ក្នុងការលក់ដូរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រួចរាល់ហើយ ៕ស តារា


ចែករំលែក៖