ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមនុស្សជិត ៣០នាក់ បន្លំស្លៀកពាក់ឯកសណ្ឋានជាសមត្ថកិច្ចពេលបុណ្យអុំទូក

ចែករំលែក៖

ភ្នំពេញៈ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ នាថ្ងៃទី២ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០១៧ នេះ កម្លាំងគណៈបញ្ជាការការពារសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងព្រះរាជពិធីបុណ្យអុំទូករាជធានីភ្នំពេញ បានឃាត់ខ្លួនមនុស្សចំនួនជិត៣០នាក់ ដែល អ្នកទាំងនេះបានបន្លំខ្លួនធ្វើជាសមត្ថកិច្ច នាំឲ្យបាត់បង់សណ្តាប់ធ្នាប់សង្គម និងកិត្យានុភាព កម្លាំងសមត្ថកិច្ចពិតប្រាកដដែលកំពុងបំពេញភារកិច្ចរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋដើរកម្សាន្តក្នុងពិធីបុណ្យប្រពៃណីមួយនេះ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងចំណោមមនុស្សរាប់ម៉ឺន រាប់លាននាក់ ដែលបានមកចូលរួមកម្សាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីបសំពះព្រះខែ នាថ្ងៃទី២(៣វិច្ឆិកា២០១៧) មានមនុស្សមួយចំនួនតូចដែលភាគច្រើនជាបុរស និងក្មេងស្ទាវ បានស្លៀកពាក់បន្លំខ្លួនធ្វើជាសមត្ថកិច្ច នគរបាល កងរាជអាវុធហត្ថ និងយោធា ដែលការពិតអ្នកទាំងនោះគ្មានមុខងារ និងតួនាទីជាសមត្ថកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យអុំទូកទេ ។ ពួកគេត្រូវបានសមត្ថកិច្ចសង្ស័យ និងស្រាវជ្រាវដឹងទើបឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីបានបន្លំខ្លួនក្នុងហ្វូងមហាជន ធ្វើជាសមត្ថកិច្ច ហើយការធ្វើ បែបនេះថ្វីបើមិនទាន់ធ្វើអ្វីឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋធ្ងន់ធ្ងរក៏ពិតមែន តែនេះជាការប្រមាថ ដែនសមត្ថកិច្ច និងធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សង្គម និងកិត្យានុភាព កម្លាំងសមត្ថកិច្ចយ៉ាងពិតប្រាកដ ។

យ៉ាងណាជនសង្ស័យទាំងជិត៣០នាក់នេះ មិនត្រូវបានសមត្ថកិច្ចដោះលែងនៅឡើយទេ ដោយកំពុងសួរនាំពីគោលបំណងរបស់ពួកគេនិងធ្វើការស្រាវជ្រាវបន្តអំពីបញ្ហានេះ ដើម្បីអនុវត្តតាមនិតិវិធី ។

សូមបញ្ជាក់ផងដែរថានៅថ្ងៃទី១ (២ វិច្ឆិកា ២០១៧) នៃព្រះរាជពិធីបុណ្យអុំទូកនេះដែរសមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើងដេញកាប់គ្នាបង្កភាពអនាធិបតេយ្យបានចំនួន២១នាក់នៅត្រង់ចំណុចមជ្ឍមណ្ឌលកោះពេជ្រ ៕ ប្រាថ្នា


ចែករំលែក៖