ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋរអ៊ូរទាំរឿងផ្ញើម៉ូតូ១គ្រឿងយកតម្លៃ៥.០០០រៀលនៅថ្ងៃបុណ្យអុំទូក

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលធ្វើដំណើរមកពីបណ្តាខេត្តជិតៗរាជធានីភ្នំពេញដើម្បីចូលរួមទស្សនាកម្សាន្តសប្បាយក្នុងព្រះរាជ ពិធីបុណ្យអុំទូកបានរអ៊ូរទាំជាខ្លាំងក្រោយពីបានដាក់ផ្ញើម៉ូតូ ហើយត្រូវបានម្ចាស់ទីតាំងដែលជាអ្នកទទួលផ្ញើបានយកតម្លៃក្នុងម៉ូតូ១គ្រឿងតម្លៃ៥.០០០រៀល។ ប៉ុន្តែលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានី ភ្នំពេញបានឲ្យអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងណែនាំដល់ម្ចាស់ទីតាំងផ្ញើទាំងឡាយកុំយកថ្លៃខ្លាំងយ៉ាងនេះ ។

បុរសវ័យ៣០ឆ្នាំម្នាក់មកចូលរួមកម្សាន្តបុណ្យអុំទូកថ្ងៃទី៣បានរអ៊ូរទាំក្នុងទឹកមុខ ក្រៀមក្រំថា គ្រាន់តែផ្ញើម៉ូតូ១គ្រឿងយក តម្លៃ៥.០០០រៀលលោកមិនដែលជួប ប្រទះនោះទេ។ លោកថាយកថ្លៃជាងការ ទិញរបស់របរហូបទៅទៀត ។

ឆ្លើយតបទៅនឹងសំណួរអ្នកព័ត៌មាន តើគិតយ៉ាងម្តេចបើយកថ្លៃផ្ញើម៉ូតូថ្លៃអ៊ីចឹង? លោកឆ្លើយថា មានគិតយ៉ាងម្តេច មានតែឲ្យលុយទៅម្ចាស់ទីតាំងទទួលផ្ញើ ប៉ុន្តែ វាហួសចិត្តយកតម្លៃរហូតទៅដល់៥.០០០រៀល នេះប្រហែលជាពួកគេគិតថា បុណ្យអុំទូក ម្តងៗឆ្លៀតឱកាសយកថ្លៃ ។

ចំណែកស្រ្តីវ័យក្មេងម្នាក់បានបញ្ជាក់ ឲ្យដឹងដែរថា មិនដែលឃើញទេម៉ូតូ១គ្រឿងយក៥.០០០រៀល ហើយគ្រាន់តែក្រុមនាង មកគ្នាច្រើននាក់មានម៉ូតូច្រើនគ្រឿងត្រូវ ចំណាយថ្លៃផ្ញើម៉ូតូសរុប៣ម៉ឺនរៀល។ កញ្ញា បានលើកជាសំណូមពរថា សូមអាជ្ញាធររាជ ធានីភ្នំពេញជួយពិនិត្យមើលទីតាំងទាំង អស់ហ្នឹងផងកុំឲ្យមានការយកថ្លៃខ្លាំងពេក ព្រោះពួកគេមកដើម្បីសប្បាយរីករាយតែ មកពើបប្រទះយកតម្លៃផ្ញើម៉ូតូថ្លៃនោះថ្លៃ ។

សម្រាប់បញ្ហាទាំងអស់នេះលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានី ភ្នំពេញបានថ្លែងថា សាលារាជធានីភ្នំពេញបានទទួលព័ត៌មានទាំងអស់នេះហើយ ហើយក៏បានប្រាប់ទៅអាជ្ញាធរមានសមត្ថកិច្ចនៅតាមមូលដ្ឋាននានាក្នុងខណ្ឌឲ្យចុះផ្សព្វផ្សាយអប់រំណែនាំកុំឲ្យមានការរយកថ្លៃពេក ។

ចំពោះការទទួលផ្ញើម៉ូតូនេះនៅថ្ងៃអុំទូក ទី១លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញបានបញ្ជាឲ្យគ្រប់កងកម្លាំងរួមទាំងអាជ្ញាធរមានសមត្ថកិច្ចត្រូវពិនិត្យទីតាំងផ្ញើ កង់ ម៉ូតូ និងរថយន្តឲ្យបានហ្មត់ចត់ ហើយបើទីតាំងផ្ញើណាមិនមានច្បាប់អនុញ្ញាតត្រូវបញ្ឈប់ជាបន្ទាន់ដើម្បីកុំឲ្យហេតុការណ៍ អាក្រក់កើតឡើង។ ចំពោះតម្លៃវិញលោកបានស្នើត្រួតពិនិត្យឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យធ្វើអាជីវកម្មស្រេចតែអំពើចិត្តនាតែទទួលការថ្នាំងថ្នាក់ពីពលរដ្ឋខណៈរាជ រដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងពីជីវភាពពលរដ្ឋ ៕ ប្រាថ្នា


ចែករំលែក៖