ខេត្តបាត់ដំបង ៖ នារីវ័យក្មេង អាយុ១៦ឆ្នាំម្នាក់ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង សម្រេចចេញដីកាឃុំខ្លួនបណ្ដោះអាសន្ន ក្រោមបទឆបោកយកប្រាក់អស់រាប់ពាន់ដុល្លារ ពីក្រុមហ៊ុន លីហួរ វេរលុយ ។
នារីសង្ស័យមានឈ្មោះ ហង្ស គឹមអេង អាយុ ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១១ នៅសាលាឯកជនដ៏ល្បីមួយនៅក្នុងក្រុងបាត់ដំបង និងមានទីលំនៅក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។ នាងត្រូវអយ្យការចោទប្រកាន់ពីបទ «ឆបោក» ដែលប្ដឹងដោយតំណាងក្រុមហ៊ុន «លីហួរ» វេលុយ ប្រចាំខេត្តបាត់ដំបង គឺ លោក កើង វង្សទ្រីឌី។
នារីម្នាក់នេះត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១១ វិច្ឆិកា ស្ថិតនៅកន្លែងភ្នាក់ងារ «លីហួរ»វេរលុយ ក្នុងភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង គ្រាដែលនាងបំរុងទៅបើកលុយដែលនាងឆបោកពីក្រុមហ៊ុន វេលុយ លីហួរ នៅទីនោះ។
ប្រភពបានបញ្ជាក់ថា ការឃាត់ខ្លួនក្មេងស្រីវ័យ ១៦ឆ្នាំនេះ ក្រោយពីតំណាងក្រុមហ៊ុន «លីហួរ» ប្រចាំខេត្តបាត់ដំបង ដាក់ពាក្យបណ្ដឹងសុំឲ្យជួយអន្តរាគមន៍ទៅលើជនមិនស្គាល់មុខ ដែលបានលួចចូលក្នុងគណនីហ្វេសប៊ុកភ្នាក់ងារវេរលុយរបស់ក្រុមហ៊ុននៅខេត្តព្រះសីហនុ ហើយបានឆាតប្រាប់ឲ្យភ្នាក់ងារដូចគ្នាវេរលុយឲ្យអតិថិជន តាមរយៈលេខទូរស័ព្ទ ដែលជននោះផ្ដល់ជូន។ ដោយមានការសង្ស័យ ហើយសមត្ថកិច្ចសហការជាមួយក្រុមហ៊ុន ទើបឈានដល់ការឈានខ្លួនសិស្សស្រីរូបនេះ តែម្ដង។
តំណាងក្រុមហ៊ុន «លីហួរ» វេរលុយ ប្រចាំខេត្តបាត់ដំបង លោក កើង វង្សទ្រីឌី បានអោយប្រភពព័ត៌មានដឹងថា ក្មេងស្រីរូបនេះ បានបន្លំធ្វើជាភ្នាក់ងារ «លីហួរ» វេរលុយ ប្រចាំខេត្តព្រះសីហនុ ហើយបានលួចចូលក្នុងគណនីហ្វេសប៊ុករបស់ភ្នាក់ងារ «លីហួរ» ២នាក់ ដើម្បីបោកយកលុយពីក្រុមហ៊ុន។ លោកបន្តថា ក្រោយពីចូលក្នុងគណនីភ្នាក់ងារ «លីហួរ» ហើយ នាងបានឆាតទៅកាន់ភ្នាក់ងារដ៏ទៃទៀត ដោយប្រាប់ឲ្យភ្នាក់ងារនោះ វេរលុយម្ដង ចំនួន ១,០០ដុល្លារៗ ដោយប្រាប់ថា វេរឲ្យអតិថិជន ហើយនាងបានប្រាប់ទាំងលេខទូរស័ព្ទរបស់អ្នកចាំទទូលលុយនោះ ទៀតផង ៕