ភ្នំពេញៈ បុរសម្នាក់បើករថយន្តទាំងស្រវឹងស្រា បានជ្រុលចង្កូតទៅបុកម៉ូតូ១គ្រឿង ជាប់ពីមុខរថយន្តអូសជាង៥០០ម៉ែត្រ្រ បណ្ដាលឲ្យបុរសវ័យចំណាស់ម្នាក់ រងរបួសធ្ងន់ ហើយរថយន្តបង្ក នៅមិនទាន់អស់ល្បឿនក៏បន្តទៅកៀររថយន្តមួយគ្រឿងទៀត រងការខូចខាត។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅមុខឃ្លាំងលក់ដែកតាយធា ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ជាប់របងព្រលានយន្តហោះ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1BF-7532 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AB-5489 ចេញពីកម្មវិធីជប់លៀងទាំងខ្លួនស្រវឹងស្រា ធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតទៅបុកម៉ូតូពីក្រោយពេញទំហឹង និងអូសជាង៥០០ម៉ែត្រ បណ្ដាលឲ្យបុរសវ័យចំណាស់ម្នាក់ ដែលជិះម៉ូតូរងរបួសធ្ងន់ ហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏បានកៀរថយន្តមួយគ្រឿងទៀត (មិនចាំម៉ាក)រងកាខូចខាតយ៉ាងដំណំ ហើយបញ្ចប់រឿងដោយសំណង២០០ដុល្លារទៅម្ចាស់រថយន្តមួយគ្រឿងនោះ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ភ្លាមៗ ចំណែករថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញ បានចុះមកវាស់វែង រួមទាំងនាំខ្លួនអ្នកបើករថយន្តបង្កទៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនីតិវិធី ៕ សុខាសែនជ័យ