ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចគួរមានវិធានការពីសកម្មភាពឧកញ៉ាសុឹង សំអុលបំផ្លាញព្រៃឈើដែនជម្រកសត្វភ្នំព្រិចលក្ខណៈទ្រង់ទ្រាយធំ

ចែករំលែក៖

ភ្នំពេញ៖ សកម្មភាពបំផ្លាញព្រៃឈើនៅដែនជម្រកសត្វភ្នំព្រិច ប្រព្រឹត្តដោយ ឧកញ៉ា ស៊ឹង សំអុល តំណាងឲ្យក្រុមហ៊ុន ម៉ាស្ទឺរខេសាន់ បង្ហាញពីចរិកល្មើសច្បាប់យ៉ាងធ្ងន់ធ្ងរ ដែលគេរំពឹងគិតថា ព្រៃអភិរក្សមួយនេះ ឈានដល់រលាយដោយស្នាដៃគាត់ ខណៈខាងបរិស្ថានបំពេញតួនាទីភារកិច្ចនៅតំបន់នោះ ជាអ្នកចាំរាប់ក្បាលឡានយកលុយ រាល់ឡានបាកុង គោយន្តកែច្នៃចូលទៅដឹកអូសឈើផ្តួលរលំនៅតំបន់នោះ។

គេបានរាយការណ៍មកថា៖ ទីតាំងស្តុកឈើរបស់ឧកញ៉ា ស៊ឹង សំអុល នៅតំបន់ដែនជម្រកសត្វភ្នំព្រិច ស្រុកកោះញែក ខេត្តមណ្ឌលគិរីមានជិត២០កន្លែង។ ឲ្យប្រជាពលរដ្ឋចូលអារផ្តួលរលំ ជ្រៀកជាឡាំងធំៗ គរទុកក្នុងព្រៃ រួចយកឡានបាកង់ គោយន្តកែច្នៃ ចូលទៅអូស ដឹកចេញលើកដាក់ឡានយីឌុបវេអង រួចកាត់PC ឲ្យទៅជាឈើស្របច្បាប់។ ក្នុងនោះបើPCមាន៣-៤ឡាន ត្រឹមមួយឡានមិនឲ្យលើសពី១៨ម៉ែត្រត្រីគុណ គឺឧកញ៉ាស៊ឹង សំអុល ផ្ទុកមិនតិចជាង១០ឡាន ហើយមួយឡានហ៊ានផ្ទុកល្មើសច្បាប់ដល់ទៅ៥០-៦០ម៉ែត្រត្រីគុណ ប្រឈមនឹងការបំផ្លាញផ្លូវជាតិទៀតផង។

ឈើទាំងនេះពីមុនដឹកចេញទៅវៀតណាមកាច់ចង្កេះតាមច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ តាមរយះលោកផ្កាយនគរបាល១រូបជាអ្នកធានារត់ផ្លូវបើកច្រក។ ក្រោយមកឧកញ៉ា ស៊ឹង សំអុល បានបង្វែរទិសដៅដឹកទៅវៀតណាមតាមច្រកមួយចំនួននៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដូចជាច្រកចាន់មូល ច្រកដូនរ័ត្ន និងខ្លះទៀតលួចលោតឆ័ត្រតាមច្រកម៉ឺនជ័យ។

សកម្មភាពល្មើសច្បាប់របស់ឧកញ៉ា ស៊ឹង សំអុល សព្វថ្ងៃគឺ ទី១-កាប់ឈើចេញពីដែនជម្រកសត្វភ្នំព្រិច ជាតំបន់ព្រៃអភិរក្ស ទី២-ដឹកជញ្ជូនឈើខុសពីលិខិតអនុញ្ញាតិឲ្យកែច្នៃឈើ មានន័យថា៖ គាត់មានច្បាប់កែច្នៃឈើចែកចាយក្នុងស្រុក ត្រឹមទំហំ២៥Cm បួនជ្រុងចុះក្រោម តែឧកញ៉ា ស៊ឹង សំអុល ដឹកសុទ្ធតែឈើជ្រុងជាឡាំងធំៗ និងបន្តឆ្លងទៅវៀតណាមថែមទៀត ទី៣-ដឹកជញ្ជូនខុសពីយថាប្រភេទឈើ ទី៤-រថយន្តជាមធ្យោបាយដឹកជញ្ជូនឈើគ្មានស្លាកលេខឲ្យត្រូវនិងPC ទី៥-អត់ច្បាប់ដឹកជញ្ជូនឈើជ្រុងធំជាឡាំងៗបែបនេះទេ គឺគាត់មានសិទ្ធត្រឹមតែដឹកឈើកែច្នៃចែកចាយក្នុងស្រុកប៉ុណ្ណោះ ។

សកម្មភាពយកឡានបាកុង គោយន្តកែច្នៃ ដែលឧកញ៉ា ស៊ឹង សំអុល ឲ្យគេចូលទៅអូសឈើដឹកចេញពីព្រៃតំបន់ដែនជម្រកសត្វភ្នំព្រិច ដើម្បីស្ទួចដាក់ឡានយីឌុបវេអង គឺខាងបរិស្ថានតម្រូវឲ្យបង់ មួយឡានបាកុងយ៉ាងតិច៨០០ដុល្លារ សុទ្ធតែអំពើឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធ។

បច្ចុប្បន្នក្រុមហ៊ុនដឹកឈើស្របច្បាប់ក៏មិនសប្បាយចិត្តនិងឧកញ៉ា ស៊ឹង សំអុល ខណៈតម្រូវឲ្យគេបង់លុយថ្លៃខ្ពស់ពេក គឺមួយឡាន៦០០ខុល្លារ។ ពួកគេលើកហេតុផលថា៖ បើដឹកឈើលើសទំងន់ផ្ទុកមួយឡានពី៥០-ទៅ៦០ម៉ែត្រត្រីគុណដូចឡានគាត់(ឧកញ៉ា ស៊ឹង សំអុល)នោះមិនខ្លាចបង់ទេ តែខ្លាចខូចផ្លូវនិងមិនស្របច្បាប់ ក៏ដឹកត្រឹមតែកំណត់តាមPCប៉ុណ្ណោះ១៨ម៉ែត្រត្រីគុណ ក៏ឧកញ៉ា ស៊ឹង សំអុល ឲ្យបង់ថ្លៃផ្លូវមួយឡាន៦០០ដុល្លារដដែល។

ពួកគាត់បន្តថា៖ តាមពិតផ្លូវនោះគឺដំបូងឡើយខាងក្រុមហ៊ុនចិនជាអ្នកធ្វើទេ អស់លុយជាង១លានដុល្លារ តែក្រោយមកអាចមានការឃុបឃិតគ្នារវាងថ្នាក់ខេត្តនិងឧកញ៉ា ស៊ឹង សំអុល ទើបគាត់ចំណាយលុយប្រមាណជាង២០ម៉ឺនដុល្លារធ្វើផ្លូវ ក៏មានសិទ្ធយកលុយពីក្រុមហ៊ុនផ្សេងៗដឹកឆ្លងកាត់តែម្តង។

ពាក់ព័ន្ធករណីនេះ«នគរវត្ត»មិនអាចទាក់ទងបានទេពីលោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។ ដោយឡែកបញ្ហានេះឧកញ៉ា ស៊ឹង សំអុល ធ្លាប់ប្រកាសជាសាធារណៈចូលតាមគ្រុបអ្នកកាសែតថា លោក សុំបិណ្ឌបាតអ្នកកាសែតដោយបញ្ជាក់ថា ឈើគាត់ដឹកមានច្បាប់ត្រឹមត្រូវ ផ្ទុកមិនលើសPC ថែមទាំងហ៊ានស្បថជូន(ស្បថនេះបានត្រឹមតែថាស្បថ ដោយមិនដឹងស្បថថាមេច.?) មិនតែប៉ុណ្ណោះឧកញ៉ា ស៊ឹង សំអុល ក៏បានបន្ទន់ឥរិយាបថជាមួយនិងពាក្យថា៖ លោកមិនបានចាត់ទុកអ្នកកាសែតណាម្នាក់ជាសត្រូវទេ។

ឧកញ៉ា ស៊ឹង សំអុល ក៏បានបញ្ជាក់ថា៖ ករណីឡានអត់មានស្លាកលេខគឺដោយស្ថានភាពភ្លៀងធ្លាក់ ជាប់ផុង និងជ្រុះស្លាកលេខ តែគាត់ដឹកត្រឹមត្រូវ តាមPCទាំងអស់។ បើទោះជាឧកញ៉ា ស៊ឹង សំអុល លើកឡើងបែបនេះក៏ដោយក៏ប្រភពមកពីវៀតណាមបញ្ជាក់ថា៖ ឡានវេអង ឧកញ៉ា ស៊ឹង សំអុល ផ្ទុកឈើជ្រុងៗ ជាឡាំងធំៗ មួយឡានមានទំងន់១៣០តោន ក្នុងនោះដកទំងន់រថយន្តចេញក៏ឈើមានចំនួន៦៧ម៉ែត្រត្រីគុណដែរ។

ឲ្យតែដឹកយ៉ាងៗនេះ មិនធុនទេផ្លូវជាតិ អាចប្រឈមការស្រុត ប្រេះ ស្រាំ ដោយសារស្នាដៃឧកញ៉ា ស៊ឹង សំអុល ដឹកផ្ទុកលើសំងន់នេះមិនខាន ដូច្នេះគួរមានសមត្ថកិច្ច អាជ្ញាធរ ជំនាញពាក់ព័ន្ធក៏ដូចថ្នាក់លើមេត្តាពិនិត្យជាក់ស្តែងពីសកម្មភាពបំផ្លាញព្រៃឈើនៅតំបន់ដែនជម្រកសត្វភ្នំព្រិច និងការផ្ទុកលើសទំងន់ ការដឹកជញ្ជូនទៅវៀតណាមតាមច្រកចាន់មូល ច្រកដូនរ័ត្ន ស្រុកមេមត់ ខេត្តត្បូងឃ្មុំនេះផង ព្រោះឮល្ហៀងៗថា៖ ឧកញ៉ា ស៊ឹង សំអុល បង់លុយឲ្យ សមត្ថកិច្ច អាជ្ញាធរ ជំនាញពាក់ព័ន្ធអស់ហើយ ទើបគាត់ជិះលែងដៃ ក្អេងក្អាងនិងបទល្មើសឈើជាថ្មីឡើងវិញ៕ល័ក្ម្សុី


ចែករំលែក៖