ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសឲ្យប្រុងប្រយ័ត្នលើការ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលហៅ ថាប្រព័ន្ធអុីនធើណេតដើម្បីទប់ស្កាត់និងកាត់បន្ថយបទល្មើសផ្សេងៗដែលកើត ឡើងជាច្រើននាពេលបច្ចុប្បន្ន ។
លោកឧត្តមសេនីយ៍ឯកជា ពៅប្រធាននាយដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃបានថ្លែងថា ដោយសារសម័យ នេះសំបូរដោយបច្ចេកវិទ្យាទំនើបដូចនេះរាល់បទល្មើសនានាក៏វាវិវត្តទៅកាន់បែបទំនើបផងដែរដូច្នេះទាមទារឲ្យប្រជាពល រដ្ឋទាំងអស់ឈ្វេងយល់ពីសង្គមបច្ចេក វិទ្យាឲ្យបានច្រើន ដើម្បីឲ្យមានកិច្ចសហការប្រកប ដោយប្រសិទ្ធភាពនៅពេលដែលកម្លាំងជំនាញយើងត្រូវការនិងងាយស្រួលស៊ើបអង្កេតរកជនល្មើសដែលមានជំនាញក្នុងការប្រព្រឹត្តបទល្មើសផ្សេងៗ តាមប្រព័ន្ធបច្ចេកវិទ្យាទំនើបថ្មីនេះ ។
លោកបានបន្តថា យើងទទួលបានពាក្យបណ្ដឹងអំពីការគំរាមការឆបោកតាមប្រព័ន្ធទូរស័ព្ទនេះ មានប្រមាណជាង២០ករណី ប៉ុន្តែវាមានច្រើនជាងនេះ ដោយ សារបងប្អូនប្រជាពលរដ្ឋមួយចំនួនមិន ហ៊ានប្ដឹង និងខ្លាចមានបញ្ហាកាន់តែធំ ដែលធ្វើឲ្យជនរងគ្រោះបាត់បង់ទ្រព្យ សម្បត្តិនិងកេរ្តិ៍ឈ្មោះផងដែរ។
លោកឧត្តមសេនីយ៍ឯកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ននៅពេលដែលប្រើប្រាស់ឧបករណ៍ទំនើបសូមកុំយកទៅពឹងពាក់នៅកន្លែងលក់ទូរស័ព្ទ អ្នកដែលមិនជិតស្និទ្ធ អ្នកមិនមែនជាបងប្អូនយើង អ្នកដែលមិនទុកចិត្ត ដើម្បីបង្កើតនូវប្រព័ន្ធសង្គមបង្កើតកម្មវិធិផ្សេងៗឲ្យសោះ និងហាមមិនឲ្យទូរស័ព្ទ គេខ្ចី ។ នេះជាដំណោះស្រាយដែលយើងអាចការពារខ្លួនបានពីបទល្មើសបច្ចេក វិទ្យានេះ ។
សូមបញ្ជាក់ថា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា របស់អគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០១៥ មកដល់ ពេលនេះទទួលបានពាក្យបណ្ដឹងដែល មានភស្តុតាងជាក់លាក់ដូចជាពេលវេលាគំរាមលេខទូរស័ព្ទដំណើរនៃរឿងហេតុដែលបានកើតឡើងជាង២០០ករណីនិងបណ្ដឹងដែលមិនមានភស្តុតាងជាក់លាក់រាប់ពាន់ករណីទៀត ៕ សហការី