ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប្រឆាំងការជួញដូរមនុស្សចុះបង្ក្រាបហាងម៉ាស្សាកោសជប់១៦៨សង្ស័យបង្កប់សេវាផ្លូវភេទ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានចុះឃាត់ខ្លួនស្រ្តីម្នាក់ជាម្ចាស់ទីតាំង និងនារីរងគ្រោះចំនួន០៣នាក់ជាអនីតិជន នៅហាងម៉ាស្សាកោសជប់១៦៨ ដែលសង្ស័យបង្កប់សេវាផ្លូវភេទ ក្នុងនោះក៏មានការសម្របសម្រួលពី លោក គុជ គឹមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ មានការដឹកនាំ ចុះបង្ក្រាបជាក់ស្ដែង ដោយលោក ឧត្តសេនីយ៍ត្រី ចាន់ កិតិខុម ស្នងការរងនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ។

ប្រតិបត្តិការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១៥និង០០នាទីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីតាំងហាងម៉ាស្សាកោសជប់១៦៨ តាមបណ្ដោយផ្លូវ១៨៦២ ស្ថិតនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

សមត្ថកិច្ចបានអោយដឹងថា ស្រ្តីសង្ស័យជាម្ចាស់ទីតាំង ឈ្មោះ ហុង លាភ អាយុ៤៥ឆ្នាំ ភេទស្រី ស្នាក់នៅផ្ទះទីតាំងហាងម៉ាស្សាកោសជប់១៦៨ តាមបណ្ដោយផ្លូវ១៨៦២ ស្ថិតនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីនគរបាលបានអោយដឹងថា នៅមុនពេលឈានដល់ការចុះបង្ក្រាប់នៅទីតាំងនេះ កម្លាំងនគរបាលជំនាញ បានស្រាវជ្រាវ ចំពោះទីតាំង ខាងលើនេះ ដោយដាក់យីហោ កោសជប់ តែបង្កប់បម្រើសេវាផ្លូវភេទ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថា ជារៀងរាល់ថ្ងៃ តាំងហាងបានបើករកស៊ីចាប់ពីម៉ោង០៨ព្រឹក
ដល់ម៉ោង០២ទៀបភ្លឺ ដោយពេលខ្លះមានភ្ញៀវចូលមកម៉ាស្សាតម្លៃ១ម៉ោង១០០០០រៀល ហើយភ្ញៀវខ្លះក៏មករួមភេទ ដោយរួមភេទម្ដងតម្លៃ២០ដុល្លារទៅ៣០ ដុល្លារ។

បច្ចុប្បន្នស្រី្តសង្ស័យជាម្ចាស់ទីតាំង ត្រូវបានកម្លាំងនគរបាលនាំមកឃុំខ្លួនបណ្ដោះអាសន្ននៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីចាត់ការ តាមនីតិវិធី។ ចំណែកនារីរងគ្រោះត្រូវបាននគរបាលបញ្ជូនទៅខាងសង្គមកិច្ច ដើម្បីអប់រំ៕ តុង សីហា

 

 


ចែករំលែក៖