ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាទៅដេកច្រឡំផ្ទះត្រូវជនវិកលចរិតទាញកាំបិតកាប់ស្លាប់ពេលបញ្ជូនទៅសង្គ្រោះ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងពេកបានទៅដេកច្រឡំផ្ទះគេ​ត្រូវបុរសដែលមានជំងឺវិកលចរិតកាប់បណ្តាលឲ្យរងរបួសធ្ងន់ និងបានស្លាប់ពាក់កណ្តាលផ្លូវពេលដែលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិបេង ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ជនដៃដល់ឈ្មោះ ឆោម នី អាយុ៤០ឆ្នាំ មានទីលំនៅភូមិបេង ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាមនុស្សមានជំងឺសរសៃ ប្រសាទច្រើនឆ្នាំមកហើយ។ ចំណែកជន រងគ្រោះឈ្មោះ ព្រឿង បុន អាយុ៤៥ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នា ។

នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ សមត្ថកិច្ចបានចុះទៅសាកសួរសាក្សីនៅ កន្លែងកើតហេតុបានប្រាប់ថា មុនពេលកើត ហេតុជនរងគ្រោះស្រវឹងស្រាមិនដឹងជាដើរមកពីណាឡើយបានមកដេកនៅលើគ្រែមុខផ្ទះរបស់ជនដៃដល់។ ពេលកំពុងតែដេកលក់ស្រមុកយ៉ាងស្រួលស្រាប់តែជនដៃដល់យកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះចំក្បាលបណ្តាលឲ្យរងរបួសធ្ងន់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ តែជាអកុសលក្រោយពេលដល់មន្ទីរពេទ្យជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់តែម្តង។ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកត្រឡប់យកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិ-ឃុំកើតហេតុ ខាងលើ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ត្រូវជនដៃដល់កាប់ចំនួន៣កាំបិតត្រូវចំ ក្បាល២កាំបិត និងចំស្មាខាងស្ដាំ១កាំបិត ហើយដោយសារតែឈាមហូរខ្លាំងពេកទើបជនរងគ្រោះដាច់ខ្យល់ស្លាប់តាមផ្លូវបែបនេះ។ ចំណែកជនដែដល់សមត្ថកិច្ចមិន បានឃាត់ខ្លួននោះទេគឺបានប្រគល់ឲ្យក្រុមគ្រួសារគ្រប់គ្រង ព្រោះជនដៃដល់ជាមនុស្សវិកលចរិតដោយមានឯកសារបញ្ជាក់ពីគ្រូពេទ្យដែលទទួលថ្នាំយកទៅលេបជាប្រចាំ ។

បើតាមការសាកសួររបស់សមត្ថកិច្ចលើ អ្នកភូមិនិងក្រុមគ្រួសារគឺជនដៃដល់មាន ជំងឺវិកលចរិតនេះច្រើនឆ្នាំមក ហើយបើទោះជាទៅព្យាបាលនៅមន្ទីរពេទ្យណាក៏មិនជាសះស្បើយដែរ។ រាល់ថ្ងៃនៅលេបថ្នាំជាប្រចាំតែមិនដឹងថា ជំងឺធ្វើទុក្ខឬយ៉ាងណានោះទេបានជាយកកាំបិតកាប់លើជនរងគ្រោះបែបនេះ ៕ សេនាស័ក្តិ


ចែករំលែក៖