ភ្នំពេញ ៖ បន្ទាប់ពីកម្លាំងនគរបាលខណ្ឌឫស្សីកែវ បានធ្វើការបង្ក្រាបជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យបាន២នាក់ ជាមុខសញ្ញាឆក់ទូរស័ព្ទយ៉ាងសកម្មក្នុងរាជធានីភ្នំពេញកន្លងមក អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានបន្តប្រើប្រាស់វិធានការជំនាញ បើកការស្រាវជ្រាវ ឈានទៅឃាត់ខ្លួនបក្ខពួកបាន១នាក់ទៀត កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១៤និង៣០នាទីរសៀល នៅចំនុចផ្ទះសំណាក់បឹងលាភបន្ទប់លេខ២៨ក្រុម៥ភូមិទួលសំពៅសង្កាត់ទួលសង្កែទី១។
មន្រ្តីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា មុនឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ខណៈមានករណីឆក់ទូរស័ព្ទនៅចំណុចមុខការ៉ាសសាំងលីហុងផ្លូវ៥៩៨ ភូមិទួលពរពែ សង្កាត់ទួលសង្កែទី២ ក្នុងនោះសមត្ថកិច្ចមូលដ្ឋាន បានធ្វើការបង្ក្រាបជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ២នាក់ យកមកដាក់ទោសតាមច្បាប់ ។រីឯបក្ខពួកម្នាក់ឈ្មោះ សាន់ ហ៊ូ សេង ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះលេខ១៥៤៥ភូមិក ក្រុម៨ សង្កាត់ច្រាំងចំរេះទី២ មុខរបរមិនពិតប្រាកដ បានរត់គេចខ្លួនបាត់ លុះនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ វេលាម៉ោង១៤និង៣០នាទីរសៀល កម្លាំងសមត្ថកិច្ច បានប្រើប្រាស់វិធានការជំនាញ បើកការស្រាវជ្រាវ ឈានទៅឃាត់ខ្លួនបក្ខពួកបាន១នាក់ទៀត នៅចំនុចផ្ទះសំណាក់បឹងលាភបន្ទប់លេខ២៨ក្រុម៥ភូមិទួលសំពៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។
បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ៕ អរុណរះ