ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបឹងទំពន់​ទី២ ខណ្ឌមានជ័យ ​ឃាត់​ខ្លួនមុខសញ្ញាចោរលួចកាច់សោកម៉ូតូបាន២នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងទំពន់​ទី២ ​ខណ្ឌមានជ័យ បានឃាត់​ខ្លួន​ជនសង្ស័យ២នាក់ បន្ទាប់ពីពួកគេបានឃើញសមត្ថកិច្ចជិះល្បាតហើយ បាននាំគ្នាបើកម៉ូតូរត់គេច ភ្លាមនោះ​កម្លាំងល្បាតមាន​ការសង្ស័យតាមចាប់បាននិងឆែករកឃើញ ឧបករណ៍សម្រាប់កាច់សោកម៉ូតូ ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង០២ រំលងអធ្រាត្រឈានចូល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុច​ផ្លូវលេខ៣១៧ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ​ទី១-ឈ្មោះ រឹម វណ្ណៈ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំ​នៅ​ផ្ទះគ្មានលេខ ផ្លូវលំ ភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី​២-ឈ្មោះ នួន ថៃ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំ​នៅ​ផ្ទះគ្មានលេខ ផ្លូវលេខ៨៧បេតេ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​

កម្លាំងដកហូត​វត្ថុតាងរួមមាន៖ ម៉ូតូ១គ្រឿងម៉ាកអាយខន ពណ៌ក្រហមលាយស លេខតួ+ម៉ាស៊ីន 0009249 ពាក់ស្លាកលេខ ភ្នំពេញ 1Y 4721, ដែកចុងស្រួចចំនួន០១ និង កូនសោម៉ូតូចំនួន០៣ ។ ​

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបាន ឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំ​រឿងបញ្ចូនទៅតុលាការ ចាត់ការតាមច្បាប់ ៕ ស តារា


ចែករំលែក៖