ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងទំពន់ទី២ ខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីពួកគេបានឃើញសមត្ថកិច្ចជិះល្បាតហើយ បាននាំគ្នាបើកម៉ូតូរត់គេច ភ្លាមនោះកម្លាំងល្បាតមានការសង្ស័យតាមចាប់បាននិងឆែករកឃើញ ឧបករណ៍សម្រាប់កាច់សោកម៉ូតូ ។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង០២ រំលងអធ្រាត្រឈានចូល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ៣១៧ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
មន្រ្តីនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ទី១-ឈ្មោះ រឹម វណ្ណៈ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី២-ឈ្មោះ នួន ថៃ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលេខ៨៧បេតេ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
កម្លាំងដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ១គ្រឿងម៉ាកអាយខន ពណ៌ក្រហមលាយស លេខតួ+ម៉ាស៊ីន 0009249 ពាក់ស្លាកលេខ ភ្នំពេញ 1Y 4721, ដែកចុងស្រួចចំនួន០១ និង កូនសោម៉ូតូចំនួន០៣ ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបាន ឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការតាមច្បាប់ ៕ ស តារា