ព័ត៌មានទាន់ហេតុការណ៍៖

ហេតុអ្វីបានជារុស្ស៊ី និងចិនមិនអនុញ្ញាតឲ្យអាមេរិកប្រើកម្លាំងយោធាលើកូរ៉េខាងជើង?

ចែករំលែក៖

ខុសពីប្រទេសដទៃទៀតនៅលើពិភព លោក រុស្ស៊ីនិងចិន មានព្រំដែនជាប់កូរ៉េ ខាងជើង បើមានសង្គ្រាមកើតឡើងនោះ ពលរដ្ឋកូរ៉េខាងជើង ច្បាស់ជារត់ភៀសខ្លួនទៅកាន់រុស្ស៊ីនិងចិនច្រើនជាងគេបំផុត បង្កឲ្យមានវិបត្តិដល់ប្រទេសទាំងពីរ ។

ចិននិងរុស្ស៊ីជាប្រទេសមហាអំណាច បរមាណូ បើប្រទេសទាំង២ មិននៅស្ងៀម អាមេរិក ក៏មិនហ៊ានវាយប្រហារកូរ៉េខាងជើងនោះដែរ។ មួយវិញទៀតរុស្ស៊ីនិងចិនជា សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាចរារាំងសកម្មភាពរបស់អាមេរិកទៅតាមផ្លូវច្បាប់។

នៅពេលនេះបើទោះបីរុស្ស៊ីមិនចង់ឲ្យមានសង្គ្រាមកើតឡើង ក្តីក៏ប៉ុន្តែរុស្សុី បានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាព របស់កូរ៉េខាងជើង ។រដ្ឋលេខាធិការ គណកម្មធិការសន្តិសុខជាតិ រុស្ស៊ីលោក Nikolai Patrushev បានបញ្ជាក់ថាសកម្មភាពរបស់កូរ៉េខាងជើងធ្វើឲ្យរុស្ស៊ីជួបគ្រោះថ្នាក់ ហើយរុស្ស៊ីមិនអនុញ្ញាតឲ្យប្រទេសផ្សេងប្រើប្រាស់កម្លាំងយោធាទៅលើកូរ៉េខាងជើងនោះឡើយ។លោកបន្តទៀតថា សកម្មភាពរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងកំពុងតែបង្កផលលំបាក និងគ្រោះថ្នាក់ដល់ រុស្ស៊ី ដោយសារតែមានបន្ទាត់ព្រំដែនរួម។ដូច្នេះដំណោះស្រាយការទូតគឺជារឿង សំខាន់បំផុត។

ពាក់ព័ន្ធនឹងកូរ៉េខាងជើង ជាថ្មីម្តងទៀត អាមេរិកបានអំពាវនាវដល់គ្រប់ប្រទេសទាំងអស់ក្នុងលោក ពិសេសចិន និងរុស្ស៊ីឲ្យផ្តាច់ទំនាក់ទំនងទាំងស្រុង និងនៅលើគ្រប់វិស័យទាំងអស់ជាមួយកូរ៉េខាងជើង។ ទីក្រុងវ៉ា ស៊ីនតោនបានយល់ឃើញថា មានតែវិធានការមួយនេះទេទើបគេអាចទប់មហិច្ឆតានុយក្លេអ៊ែរ និងគ្រាប់មីស៊ីលរបស់កូរ៉េខាងជើងបាន រួចឈានទៅរំលាយចោលនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ តែជាថ្មីម្តងទៀត សំណើរបស់អាមេរិករបៀបនេះត្រូវបានទាត់ចោលដោយចិន និងរុស្ស៊ី។ រុស្ស៊ីតាមរយៈប្រមុខ ការទូតលោក សឺហ្គេយ៍ ឡាវរ៉ូវ បានថ្លែង នៅថ្ងៃព្រហស្បតិ៍ ទី៣០ វិច្ឆិកាថា មូស្គូមិនអាចកាត់ផ្តាច់ទំនាក់ទំនងការទូត និងសេដ្ឋកិច្ចជាមួយក្រុងព្យុងយ៉ាងបានជាដាច់ខាត។

លោក ឡាវរ៉ូវ បានបញ្ជាក់ជាថ្មីម្តង ទៀតថា មានតែវិធានការនយោបាយ និងការចរចាទេទើបអាចដោះស្រាយបញ្ហាដ៏ស្មុគស្មាញមួយនេះបាន និងបាននិយាយត្រង់ទៅកាន់ភាគីអាមេរិកថា ការណ៍ដែល រដ្ឋបាលរបស់លោកដូណាល់ ត្រាំបន្ត ធ្វើមិនដឹង មិនឮលើដំណោះស្រាយ មួយនេះ ហើយបន្តគំរាមថាផ្លូវសង្រ្គាម គឺជាកំហុសមួយធំណាស់។ និយាយពីផល ប្រយោជន៍ដែលចិន និងរុស្ស៊ីមានជាមួយកូរ៉េខាងជើងបានផ្តោតខ្លាំងទៅលើសេដ្ឋកិច្ច ការលក់ប្រេងឲ្យកូរ៉េខាងជើងជាថ្នូរនឹងការទិញរ៉ែធ្យូងថ្ម និងលោហធាតុពីកូរ៉េខាង ជើង។

តាមការប៉ាន់ប្រមាណមើលរបស់ទីភ្នាក់ងារព័ត៌មានស្តីពីថាមពលអាមេរិក កូរ៉េខាងជើងបានប្រើប្រាស់ប្រេងអស់ ១៥.០០០ បារ៉ែលនាឆ្នាំ ២០១៦ ពិសេសសម្រាប់ ដំណើរការមជ្ឈមណ្ឌលនុយក្លេអ៊ែរ ហើយ ប្រេងទាំងនោះ ភាគច្រើនទិញពីចិន។ តួលេខផ្តល់ដោយរដ្ឋបាលអាមេរិកឲ្យដឹងថា ក្នុងចន្លោះឆ្នាំ ២០១៣ និង ២០១៦ ក្រុមហ៊ុនចិនបានទិញរ៉ែធ្យូងថ្មពីកូរ៉េខាងជើងក្នុងទឹកប្រាក់ ៥០០លានដុល្លារ។

ដោយឡែក លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិបានព្រមានខ្លាំងៗថា នៅក្នុង ករណីផ្ទុះសង្រ្គាម អាមេរិកនឹងកម្ទេចកូរ៉េខាងជើងឲ្យក្លាយជាផេះ។ ទន្ទឹមគ្នានេះ អាមេរិកក៏បានអំពាវនាវឲ្យចិន និងរុស្ស៊ី ​ ផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយរបបក្រុងព្យុងយ៉ាង។

អាចមានហេតុផលចំនួនពីរដែលក្រុមប្រឹក្សាសន្តិសុខមិនបានដាក់ទណ្ឌកម្មថ្មីលើកូរ៉េខាងជើង ទី១ មកពីសមាជិកក្រុមប្រឹក្សាសន្តិសុខមិនអាចរកកុងសង់សុីសបានដោយសារតែមានការជំទាស់ពីចិន និងរុស្ស៊ីដែលជាសម្ពន្ធមិត្តចាក់ទឹកមិនលិចរបស់កូរ៉េខាងជើង និងទី២ គឺមកពីទណ្ឌ កម្មដែលបានអនុម័តកន្លងមកហាក់មិនអាចកាច់បំបាក់ធ្មុងមនុស្សខ្លំាងកូរ៉េខាងជើងលោកគីម ជុងអ៊ុនបាន។ ចូរកុំភ្លេចថា មានទណ្ឌកម្មខ្លាំងខ្សោយចំនួន៨ ដែល ក្រុមប្រឹក្សាសន្តិសុខបានអនុម័តនាពេល កន្លងមក។ តែគេសង្កេតឃើញថា ទណ្ឌ កម្មទាំងអស់នោះហាក់គ្មានប្រសិទ្ធភាព ឬគ្មានឥទ្ធិពលអ្វីលើកូរ៉េខាងជើងដែលចេះតែបន្តផ្គើនសហគមន៍អន្តរជាតិឥតស្រាកស្រាន្តតាមរយៈការសាកល្បងនុយក្លេអ៊ែរ ឬការបាញ់គ្រាប់មីស៊ីល។

នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខនាថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ភាគី អាមេរិកដឹកនាំដោយលោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការ សហប្រជាជាតិបានប្រើសម្តីគំរាមខ្លាំងៗដាក់កូរ៉េខាងជើងដោយគំរាមកម្ទេចកូរ៉េខាងជើងឲ្យក្លាយជាផេះ បើសង្រ្គាមបានផ្ទុះ ឡើង។ សម្តីរបស់លោកស្រី Haley របៀបនេះមិនបានធ្វើឲ្យភាគីរុស្ស៊ីតំណាងដោយលោក Vassily Nebenzia អង្គុយស្តាប់ ដោយមិនតបអ្វីនោះទេ។ លោក Vassily បានបញ្ជាក់ថា រុស្ស៊ីទទួលស្គាល់ពីការបន្តផ្គើនសហគមន៍អន្តរជាតិរបស់កូរ៉េខាងជើង តែរុស្ស៊ីមិនអាចទទួលយកបានជា ​ ដាច់ខាតនូវដំណោះស្រាយផ្លូវយោធាដើម្បីបញ្ចប់វិបត្តិ។ ចំណែកឯកអគ្គរដ្ឋទូតអុីតាលីប្រចាំអង្គការសហប្រជាជាតិលោក Sebastiano Cardi ដែលជាប្រធានផ្លាស់វេនក្រុមប្រឹក្សាសន្តិសុខបានអះអាងថា ទណ្ឌ កម្មពិតជាមានប្រយោជន៍ តែលោកទទួល ស្គាល់ថា គេអាចធ្វើបានប្រសើរជាងនេះ។

នៅពេលនេះ ប្រទេសកូរ៉េខាងត្បូង មានក្តីបារម្ភខ្លាំងជាងគេបំផុត ដោយសារ តែ នៅជាប់ព្រំដែនជាមួយកូរ៉េខាងជើង ​ និងស្ថិតនៅក្នុងគោលដៅវាយប្រហារ របស់ទីក្រុងព្យុងយ៉ាងមុនគេ ។ទាំងនោះ ហើយបានជាកូរ៉េខាងត្បូង អំពាវនាវឲ្យ រក្សាភាពស្ងប់ស្ងាត់ អត់ធ្មត់ និងស្នើឲ្យបន្តកិច្ចចរចាតាមផ្លូវសន្តិវិធី ពិសេសពីចិន និងរុស្ស៊ីដែលជាសម្ព័ន្ធមិត្តរបស់កូរ៉េខាងជើង។ រីឯនៅម្ខាងទៀត គឺអាមេរិកដែលបានបន្តប្រើសម្តីដៀមដាម និងសម្លុតគំរាមប្រើ កម្លាំងបាយ។ ជាថ្មីម្តងទៀតនាថ្ងៃពុធ ទី២៩ ខែវិច្ឆិកា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំហ៊ានទាំងចាត់ទុកមនុស្សខ្លាំងកូរ៉េខាងជើងលោកគីម ជុងអ៊ុនថា ជាកូន ឆ្កែដែលរំខាន។ ទន្ទឹមនឹងការគំរាមកំហែងប្រើកម្លាំងបាយដើម្បីដោះស្រាយបញ្ហា ​អាមេរិកក៏បានបញ្ជាក់ជាថ្មីនាថ្ងៃពុធ ទី២៩ វិច្ឆិកាតាមរយៈប្រមុខការទូតលោក Rex Tillerson ដែលថា ជម្រើសតាមផ្លូវទូតនៅតែមាននៅលើតុជានិច្ច។

ការអះអាងរបស់លោក Tillerson ដូចនេះក៏ជាការចង់បានរបស់សហគមន៍អន្តរជាតិទូទៅ រួមទាំងប្រទេសជាមិត្តកូរ៉េខាង ជើង និងកូរ៉េខាងជើងខ្លួនឯងដែរ។ អ្វីដែលរបបក្រុងព្យុងយ៉ាងចង់បានខ្លាំងជាងគេនោះ គឺការអង្គុយចរចាទល់មុខគ្នាជាមួយភាគីអាមេរិក។ តែបញ្ហានៅត្រង់ថា អាមេ រិក និងកូរ៉េខាងជើងបានបន្តដាក់លក្ខខណ្ឌ និងបន្តរក្សាជំហររៀងៗខ្លួនដោយគ្មានភាគីណាមួយសុខចិត្តធ្វើសម្បទានទេ។ អាមេ រិកចេះតែបន្តដាក់គំនាបលើចិន តែអាម េរិកហាក់ភ្លេចថា គ្មានថ្ងៃដែលចិនលះបង់កូរ៉េខាងជើងបានឡើយ។ ពិតណាស់ ចិនទទួលបានប្រយោជន៍សេដ្ឋកិច្ចពីកូរ៉េខាងជើងជារឿងមួយ តែរឿងមួយទៀតនោះ ចិនក៏មិនចង់ឃើញការដួលរលំនៃរបបក្រុង ព្យុងយ៉ាងដែលចិនមិនអាចគ្រប់គ្រងបានដែរ។

ក្រុមអ្នកវិភាគបានយល់ឃើញថា ប្រឈមមុខនឹងឥទ្ធិពល កម្លាំងនុយក្លេអ៊ែរ កាន់តែខ្លាំង និងកាន់តែមានប្រសិទ្ធភាព របស់កូរ៉េខាងជើងពេលនេះ វាល្មមដល់ ពេលដែលអាមេរិកត្រូវធ្វើសម្បទានមុនគេដោយទុកមួយអន្លើនូវការទាមទាររបស់ ខ្លួន។ ក្រុមអ្នកវិភាគបានអះអាងត្រង់ៗថា កិច្ចសន្ទនាមួយទល់មួយរវាងកូរ៉េខាង និងអាមេរិកនៅតែមាន នឹងនៅតែអាច ធ្វើបាន តែជាដំបូងអាមេរិកត្រូវដឹងថា គ្មានថ្ងៃដែលកូរ៉េខាងជើងបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលដោយងាយៗ ទេ ព្រោះសម្រាប់លោកគីម ជុងអ៊ុន នេះជាអាវុធដើម្បីការពារអាយុជីវិតនៃរបបរបស់ខ្លួន និងក៏ដើម្បីមានប្រៀបនៅក្នុងការចរចាដែរ៕ ម៉ែវ សាធី


ចែករំលែក៖