ព័ត៌មានទាន់ហេតុការណ៍៖

ករណីឈ្មួញនាំចូលពោះវៀនសត្វគ្រប់ប្រភេទពីចិនដើម្បីលាយសារធាតុគីមី ផលិត ច្រកសាច់ក្រក សមត្ថកិច្ចឈានមកបិទតូបនៅទីតាំងទទួលទិញនៅផ្សារអូរឬស្សី

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងប្រតិបត្តិការពិសេស នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ បានចុះបិទតូបទីតាំងទទទួលទិញពោះវៀនសត្វគ្រប់ប្រភេទជាផលិតផលសម្រេចសម្រាប់យកទៅច្រកសាច់ក្រក តែប្រើសារធាតុគីមី និងគ្មានច្បាប់អ​នុញ្ញាត និង ការផលិតគ្មានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ គ្មាន អនាម័យ បង្កប៉ះពាល់បរិស្ថានដ៏ធ្ងន់ធ្ងរដល់សុខភាពពលរដ្ឋ ។

ប្រតិបត្តិការនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រីទូច យុទ្ធា និងលោកឧត្តមសេនីយ៍ទូច គង្គា ប្រធាន អនុប្រធានក្រុមប្រតិបត្តិការពិសេសនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម និងសម្របសម្រួលដោយលោក សឿ ឡងឌី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានអោយដឹងថា៖ ម្ចាស់តូបទទួលទិញពោះវៀនសត្វផលិតគ្មានស្តង់ដារ យកមកច្រកសាច់ក្រកនេះមានឈ្មោះ វីង ហួរ ហើយត្រូវបានបិទតូបផ្អាកអោយធ្វើអាជីវកម្មមួយរយះ រងចាំការបន្តនីតិវិធីសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវរួចរាល់សិន។
គួររំលឹកថា៖ យ៉ាងតិចមានរយៈពេល៣ឆ្នាំមកហើយ ពោះវៀនសត្វគ្រប់ប្រភេទត្រូវបានឈ្មួញនាំចូលតាមច្រកអន្តរជាតិកំពង់ផែស្វ័យតក្រុងព្រះសីហនុដោយប្រើរថយន្តកុងតឺន័រ ជាមធ្យោបាយដឹកជញ្ជូនយ៉ាងអនាធិបតេយ្យ ដើម្បីយកមកផលិតច្រកសាច់ក្រក ក៏ដូចជាច្រកសាច់ប៉ាតេនេះជាដើម ។

ជាក់ស្តែងនៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ពោះវៀនសត្វគ្រប់ប្រភេទ មានចំនួនរាប់សិបតោន យកមកទុកនៅទីតាំងដីទំហំជិត៣ហិកតា ស្ថិតក្នុងភូមិថ្មីពីងពុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមប្រតិបត្តិការពិសេស នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ចុះបង្ក្រាបក្នុងបទល្មើសជាក់ស្តែងបានរកឃើញពោះវៀនសត្វគ្រប់ប្រភេទ ទាំងផលិតរួច ទាំងស្អុយរលួយ ទាំងដាក់សារធាតុគីមី ជាមួយនឹងស្រោមដាច់សាច់ប៉ាតេ សុទ្ធតែជាអំពើល្មើសច្បាប់ និងប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋដែលជាអ្នកបរិភោគ ។

ប្រតិបត្តិការបង្ក្រាបទីតាំងខាងលើនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីទូច យុទ្ធា លោកឧត្តមសេនីយ៍ទូច គង្គា ប្រធាន អនុប្រធានក្រុមប្រតិបត្តិការពិសេសនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម និងសម្របសម្រួលដោយលោកតឿ ឡងឌី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ។ ក្នុងនោះ ក៏មានការចូលរួមពីសមត្ថកិច្ចជំនាញខាងកាំកុងត្រូល ខាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងកម្លាំងនគរបាលខេត្តកំពង់ស្ពឺជាច្រើនរូបទៀត។

សមត្ថកិច្ចក្នុងប្រតិបត្តិការនេះបានប្រាប់នគរវត្តយ៉ាងដូច្នេះថា ពោះវៀនសត្វគ្រប់ប្រភេទនេះ ត្រូវបានឈ្មួញនាំចូលតាមច្រកអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយច្រកក្នុងធុងជ័រ ដាក់អំបិល នាំពីប្រទេសចិន ក្នុងនោះ ពេលដឹកតាមរថយន្តកុងតឺន័រ ចូលមកកាន់ទីតាំងស្ថិតក្នុងភូមិថ្មីពីងពុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្រុមឈ្មួញបានប្រើបុគ្គលិក និងកម្មកររបស់ខ្លួនបារពោះវៀនចេញពីធុងដាក់អំបិល យកមកត្រាំទឹកឲ្យសាប ទើបបង្ហូរទឹកអំបិលចេញ ចាប់ផ្តើមដាក់លាយអាស៊ីតពណ៌លឿងត្រាំពោះវៀនសត្វទាំងនោះដើម្បីឲ្យរីកមានពោះវៀនធំ ។ ពេលពោះវៀនរីកធំហើយ ពួកគេក៏បានបង្ហូរទឹកអាស៊ីតលឿងចេញ បន្តដាក់ម្សៅ ខុសសេមិកទិក លាយជាមួយជាត់បូរ៉ាក់ដើម្បីបំបាត់ក្លិន និងឲ្យមានជាតិរំអិលជាមួយនឹងពណ៌សស្អាត ស្វិតល្អ ទើបគេយកពោះវៀន ទាំងនោះមកច្រកចូលក្នុងបំពង់ដែក វែងៗទៅហាលថ្ងៃឲ្យស្អួត ទើបហូតដកយកមកវិញ ក្លាយទៅជាផលិតសម្រេច ដើម្បីយកទៅលក់នៅផ្សារអូរឫស្សី រាជធានីភ្នំពេញ និងកន្លែងដទៃទៀតឲ្យអតិថិជនទិញបន្តយកទៅច្រកសាច់ក្រកលក់ សុទ្ធតែប៉ះពាល់សុខភាពប្រជាពលរដ្ឋ ។

ទាក់ទិនទៅនឹងអំពើល្មើសច្បាប់នេះ សមត្ថកិច្ចជំនាញក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះការទិញគ្រឿងឧបភោគ បរិភោគ ក៏ដូចជាចំណីអាហារមានជាតិពុល ក្នុងនោះ មេត្តាជួយផ្តល់ព័ត៌មានពីទីតាំងសិប្បកម្មខុសច្បាប់ ទីតាំងផលិតអាហារមានជាតិពុល ក្នុងប្រយោជន៍ដើម្បីការពារសុខុមាលភាពជូនបងប្អូនប្រជាពលរដ្ឋ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក៏ដូចជាភ្ញៀវអន្តរជាតិ មកទេសចរណ៍កម្សាន្ត ឬបំពេញការងារផ្សេងៗនៅក្នុងប្រទេសយើង ចៀសវាងប៉ះពាល់សុខភាព។

ករណីនាំចូលពោះវៀនសត្វគ្រប់ប្រភេទមកពីប្រទេសចិន ឆ្លងកាត់ច្រកអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុមិនត្រឹមតែជាការទទួលខុសត្រូវសម្រាប់ជំនាញកាំកុងត្រូលប្រចាំច្រកនោះទេ តាមច្បាប់សមត្ថកិច្ចស្ថាប័ន ដែលមាននៅក្នុងអនុក្រឹត្យដូចជានគរបាលអន្តោប្រវេសន៍ គយ និងរដ្ឋាករ សុទ្ធតែទទួលខុសត្រូវនូវអំពើល្មើសច្បាប់នេះ ដូចជាខាងកាំកុងត្រូលនោះដែរ ខណៈ ការដឹកជញ្ជូននេះប្រើសុទ្ធតែរថយន្តកុងតឺន័រ ក៏ដូចជាឆ្លងកាត់ការបំពេញលិខិតស្នាមប្រតិវេទន៍គយ និងការត្រួតពិនិត្យដោយសមត្ថកិច្ចជំនាញ ដូច្នេះ បើគ្មានអំពើឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធនោះទេ ការហូរចូលពោះវៀនសត្វគ្រប់ប្រភេទនេះ មិនអាចមកដោយរលូនបានឡើយ ។ អំពើឃុបឃិតគ្នា អាចជាចេតនាដ៏អាក្រក់របស់ក្រុមសមត្ថកិច្ចច្រកសមគំនិតសម្លាប់ប្រជាជនដែលជាអ្នកបរិភោគដោយលក្ខណៈប្រយោល​។ ពីព្រោះ ថា ការនាំចូលបែបនេះមកផលិតនៅទីតាំងគ្មានច្បាប់សិប្បកម្ម , ការនាំចូលពោះវៀនសត្វគ្រប់ប្រភេទ សុទ្ធតែច្បាប់ ហាមឃាត់ ក្នុងនោះប្រើប្រាស់សារធាតុគីមី គ្មានច្បាប់អ​នុញ្ញាត និង ការផលិតគ្មានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ គ្មាន អនាម័យ បង្កប៉ះពាល់បរិស្ថានដ៏ធ្ងន់ធ្ងរដល់សុខភាពពលរដ្ឋ ដែលនៅក្បែរ ។ នេះមិនទាន់គិតពីប្រជាពលរដ្ឋទិញ បរិភោគដែលមិនទាន់ដឹងពីផលប៉ះពាល់សុខភាពនេះផង ៕ សុខ ខេមរា


ចែករំលែក៖