ខេត្តស្ទឹងត្រែង៖ នៅយប់ថ្ងៃ១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១០និង១៥នាទី កម្លាំងកងរាជអាវុធហត្ថស្រុកថាឡាបរីវ៉ាត់ និងស្នាក់៧២៧ប្រចាំឃុំសំអាង សហការជាមួយកម្លាំងពិសេស របស់កងរាជអាវុធខេត្ត ចុះឆ្មក់ស្ទាក់ឃាត់រថយន្តហ៊ីយ៉ាន់ដាយកូរ៉េប្រាំតោន ដឹកឈើគ្រឿងផ្ទះ ដែលលួចរកស៊ីដឹកឈើបង្កប់សណ្តែកពីលើយូរឆ្នាំមកហើយ ដឹកចេញទៅខាងផ្លូវខេត្តព្រះវិហារ គ្មានសមត្ថកិច្ចជំនាញណាដឹង ឬចុះមកបង្ក្រាបម្តងណាទេ ទើបតែពេលនេះ ដឹកលាតព្រហើន ត្រូវកងរាជអាវុធខេត្តចុះឡោមព័ទ្ធបង្ក្រាបមុនពេលចេញនៅនឹងមុខផ្ទះឈ្មួញតែម្តង ស្ថិតនៅចំណុចទួលចំបក់ ភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រង។
ប្រភពពីប្រជាពលរស់នៅជិតទីនោះបានឲ្យដឹងថាៈ រថយន្តដឹកឈើមានម្ចាស់ឈ្មោះ ឈន រស់នៅចំណុចខាងលើ នេះ ជាមេឈ្មួញរកស៊ីឈើលួចបង្កបពីក្រោមដាក់បាវសណ្តែកពីលើជាយូរយារណាស់មកហើយ ជាឈ្មួញដុះស្លែទៀតផង រួចដឹកចេញពីចំណុចខាងលើ ទៅខាងផ្លូវខេត្តព្រះវិហារ យកទៅលក់នៅខេត្តកំពង់ចាម យ៉ាងរលូន គេមិនដែលឃើញមានសមត្ថកិច្ចណាបង្ក្រាបនោះទេ។ ទើបតែពេលនេះ ដោយសារអាងខ្នងអ្នកធំមើលផ្លូវ ទើបហ៊ានដាក់ឈើសុទ្ធ មិនបាច់បង្កប់ក្របតែតង់មួយប៉ុណ្ណោះ ប្រហែលជាបាក់ខ្នងហើយទុបមិនបាន ទើបកម្លាំងកងរាជអាវុធហត្ថខេត្តចុះបង្ក្រាបដល់ទីតាំងផ្ទះឈ្មួញតែម្តង ទើបមានការភ្ញាក់ផ្អើលទាំងយប់ ដល់អ្នកភូមិ និងកម្មករបស់ឈ្មួញខាងលើ។
លោក ស៊ឹម មករា ប្រធានដឹកនាំក្រុមចុះបង្ក្រាប បទល្មើសខាងលើ បានឲ្យដឹងថាៈ ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រីអៀង វណ្ណឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយមានបទបញ្ជាបង្ក្រាបបទល្មើសធនធានធម្មជាតិ ពីលោកនាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការងកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ផងនោះ ទើបឈានដល់ចុះបង្ក្រាបរថយន្តដឹកឈើល្មើសច្បាប់ ដុះស្លែនៅចំណុចខាងលើនេះ និងរឹបអូសយកមករក្សាទុកនៅទីបញ្ជាការដ្ឋានកងរាជអាវុធខេត្តទាំងយប់ នៅម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅជំនាញរដ្ឋបាលព្រៃឈើ ចាត់ការបន្ត ទៅតាមច្បាប់ ។
លោកបន្តទៀតថា រថយន្តកូរ៉េចំណុះប្រាំតោន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B.3769 ដឹកឈើប្រភេទគ្រឿងផ្ទះ មានមុខកាត់៥ម៉ែត្រគុណ១៥ម៉ែត្រ និងប្រវែង៥ម៉ែត្រ នៅមិនទាន់ដឹងថាប៉ុន្មានម៉ែត្រគូបនៅឡើយទេ រង់ចាំជំនាញមកទទួលយក។ ឯមនុស្សត្រូវបានរត់គេចបាត់ស្រមោល ដកទាំងសោឡានទៅជាមួយទៀតផង។
គួររំលឹកដែរថា រហូតមកដល់ម៉ោង៩ព្រឹកថ្ងៃទី២រោច ខែមិគសិរ ឆ្នាំរការ នព្វស័ក ព.ស.២៥៦១ គេពុំទាន់ឃើញវត្តមាន លោកអៀ គឹមហេង នាយសង្កាត់រដ្ឋបាលព្រៃឈើ ប្រចាំបីឃុំ គឺឃុំសំអាង ឃុំអន្លុងជ្រៃ និងឃុំព្រះរំគិល មកនៅឡើយនោះទេ ។ នេះក្រោយពេលកងរាជអាវុធហត្ថបង្ក្រាបរួចរាយការណ៍ជូនឲ្យជំនាញមកទទួលឈើ និងរថយន្តនោះ ដើម្បីយកមករក្សាទុកនៅខណ្ឌដ្ឋបាលព្រៃឈើស្រាប់ៗហើយនិងផ្តល់ព័ត៌មានលម្អិត និងទិន្នន័យ ឈើខាងលើនេះ ដល់អ្នកសារព៍ត៌មានកពិបាកដែរ ធ្វើនេះហាក់បីដូចជាមានអាថ៌កំបាំងជាមួយឈ្មួញឈើខាងលើ ៕ មាស សុផាត